(ភ្នំពេញ)៖ នៅទីបំផុត! ក្រោយបញ្ចប់ការសួរនាំរួចមក លោកស្រីចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ថ្លាង ផាណែត បានចេញដីកាឃុំខ្លួននិស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ដាក់ពន្ធនាគារ ជាបណ្តោះអាសន្ន ពាក់ព័ន្ធបង្កគ្រោះថ្នាក់ចរាចរណ៍ បើករថយន្តទៅបុកម៉ូតូចំនួន២គ្រឿង បណ្តាលឲ្យផ្ទុះឆេះចេញអគ្គិភ័យ យ៉ាងសន្ធោសន្ធៅ និងបណ្តាលឲ្យស្លាប់២នាក់ របួស៤នាក់ នៅខណ្ឌមានជ័យ។

ភ្នាក់ងារ Fresh News ប្រចាំនៅតុលាការបានឲ្យដឹងថា និស្សិតបង្កគ្រោះថ្នាក់ចរាចរណ៍រូបនេះ ត្រូវបានព្រះរាជអាជ្ញារង ខាំ សុផារី ចោទប្រកាន់ចំនួន២បទល្មើស គឺ បើកបរធ្វេសប្រហែសបណ្តាល​ឲ្យអ្នកដទៃស្លាប់ និងរបួស តាមមាត្រា៨៥ និង៨៣នៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក។ សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦នេះ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ បានបញ្ជូនអ្នកបើករថយន្ត Camry Hybrid បុកម៉ូតូបណ្តាល ឲ្យផ្ទះឆេះចេញជាអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅ រហូតមានស្លាប់២នាក់ និងរបួស៤នាក់ នៅខណ្ឌមានជ័យ ទៅកាន់តុលាការ។

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះ បានកើតឡើងនៅយប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ អធិការនគរ​បាលខណ្ឌមានជ័យ លោក តេង ស៊ីណូ បានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចណ៍នេះកើតឡើង រវាងរថយន្តម៉ាក Camry Hybrid ពណ៌ស ស៊េរី២០០៩ ពាក់ស្លាកលេខ ភ្នំពេញ 1W-6796 បើកបរដោយ ឈ្មោះ រ៉ូ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរនិស្សិតសកលវិទ្យាល័យជាតិគ្រប់គ្រង ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ទិសដៅពីជើងទៅត្បូង បានបុកជាមួយម៉ូតូចំនួន ០២គ្រឿងម៉ាក Viva ពណ៍ខ្មៅ និង ម៉ាក Smash V ពណ៍ខ្មៅ (ទិសដៅស្របគ្នា) បណ្តាលឲ្យអ្នកបើកបរ និងអ្នករួមដំណើរ ស្លាប់ចំនួន០២នាក់ (ប្រុស), របួស០៤នាក់ (ប្រុស)។

លោក តេង ស៊ីណូ បានបញ្ជាក់ទៀតថា ក្នុងករណីនេះបណ្តាលឲ្យឆេះខូចខាត រថយន្តម៉ាក Camry Hybrid ១គ្រឿង និងឆេះខូចខាតម៉ូតូ ម៉ាក Smash V ពណ៍ខ្មៅ១គ្រឿង ហើយសាកសពរក្សាទុក នៅក្បែរកន្លែងកើតហេតុ ដើម្បីស្រាវជ្រាវរកសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕