(ភ្នំពេញ)៖ ក្នុងជំនួបការងារជាមួយ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ នារសៀលថ្ងៃទី១៧ មីនា នេះ នាយឧត្ដមសេនីយ៍ CHALERMPHON SRISAWASDI អគ្គមេបញ្ជាការកងទ័ពភូមិន្ទថៃ បានសំដែងនូវអំណរសាទរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលកម្ពុជាសម្រេចបានក្នុងកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី១៩ ដែលកម្ពុជាជាម្ចាស់ផ្ទះ។

នាយឧត្ដមសេនីយ៍ CHALERMPHON SRISAWASDI បានចាត់ទុកការប្រជុំនេះមានភាពល្អប្រសើរបំផុត ហើយជាពិសេសនោះគឺការជួបប្រជុំដោយផ្ទាល់ ដែលធ្វើឲ្យការពិភាក្សា ផ្លាស់ប្ដូរទស្សនៈបើកចំហរ និងទទួលបានលទ្ធផលគួរជាទីមោទន:។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណនាយឧត្តមសេនីយ៍អគ្គមេបញ្ជាការកងទ័ពភូមិន្ទថៃ ព្រមទាំងប្រតិភូ ដែលបានឆ្លៀតឱកាសមកចូលរួមក្នុងកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានឆ្នាំនេះ ធ្វើឲ្យកិច្ចប្រជុំបានប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលផ្លែផ្កា។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានគូសបញ្ជាក់ថា បច្ចុប្បន្នក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលប្រទេសទាំងពីរ សន្តិសុខនៅតាមបណ្ដោយព្រំដែនមានសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ, ប្រជាពលរដ្ឋបានធ្វើការផ្លាស់ប្ដូរទំនិញពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានកំណើនខ្ពស់។

នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ បានបង្ហាញជំហរពីការបន្តពង្រឹងចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរឲ្យកាន់តែជិតស្និទ្ធថែមទៀត ក្នុងនាមប្រទេសភូមិផងរបងជាមួយ៕