(ភ្នំពេញ)៖ តំណាងអតីតបុគ្គលិកណាហ្គាវើលដ៍ នៅតែបន្តអវត្តមានក្នុងការចូលប្រជុំដោះស្រាយវិវាទការងារជាមួយក្រុមហ៊ុនណាហ្គាវើលដ៍ ដែលសម្របសម្រួលដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀល ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២នេះ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ ក្រសួងការងារ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ក្រសួងការងារ បានបន្តអំពាវនាវជាថ្មី ដល់តំណាងភាគីកម្មករនិយោជិត ឱ្យចូលរួមប្រជុំដោះស្រាយ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ២:៣០រសៀល បន្តទៀត ហើយទាមទារឱ្យតំណាងបុគ្គលិកទាំងនោះ អនុវត្តតាមកិច្ចសន្យារបស់ខ្លួន ដែលស្នើសុំនៅក្រៅឃុំ។

សេចក្តីជូនដំណឹងរបស់ ក្រសួងការងារ បានបញ្ជាក់ថា៖ ដើម្បីបន្ត សម្របសម្រួលដោះស្រាយបញ្ចប់វិវាទការងាររួមនៅក្រុមហ៊ុន ណាហ្គាវើលដ៍ ក្រសួងបានអញ្ជើញតំណាងភាគី កម្មករនិយោជិត និងតំណាងភាគីនិយោជក មកបន្តប្រជុំដោះស្រាយវិវាទនៅទីស្តីការក្រសួង នៅរសៀល ថៃ្ងព្រហស្បតិ៍ ទី១៧ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ២:៣០រសៀល។

ក្រសួងបានបន្តថា៖ ជាក់ស្តែង នៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ នេះ តំណាងភាគីនិយោជកបានមកចូលរួមប្រជុំតាម ការអញ្ជើញរបស់ក្រសួង ប៉ុន្តែគួរឱ្យសោកស្តាយដែលតំណាងភាគីកម្មករនិយោជិតនៅតែបន្តមិនបានមកចូល រួមប្រជុំតាមការអញ្ជើញរបស់ក្រសួងឡើយ ទោះបីជាក្រសួងបានពន្យល់អំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង ក្នុងការសម្របសម្រួលដោះស្រាយវិវាទនេះ ជាពិសេសផ្តល់កិច្ចអន្តរាគមន៍តាមផ្លូវច្បាប់ ដើម្បីឱ្យអតីតបុគ្គលិក ៣នាក់ ផ្សេងទៀតបាននៅក្រៅឃុំជាបណ្ដោះអាសន្នយ៉ាងណាក៏ដោយ។

សាជាថ្មីម្តងទៀត ក្រសួងការងារ ក៏បានអំពាវនាវដល់តំណាងភាគីកម្មករនិយោជិត មេត្តាចូលរួមប្រជុំដោះស្រាយ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ២:៣០រសៀល នៅទីស្តីការក្រសួង និងសូមអនុវត្តតាមការសន្យា របស់ខ្លួន ដែលស្នើសុំកិច្ចអន្តរាគមន៍ឱ្យខ្លួនបាននៅក្រៅឃុំជាបណ្ដោះអាសន្ន ដើម្បីធ្វើជាតំណាងអតីតបុគ្គលិក ក្នុងការដោះស្រាយវិវាទការងារជាមួយក្រុមហ៊ុន ដោយមិនគួរលើកហេតុផលផ្សេងៗខុសពីការសន្យា ឬស្មារតី នៃកិច្ចខិតខំប្រឹងប្រែងដោះស្រាយបញ្ចប់វិវាទការងារនេះឡើយ៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងការងារ៖