(អូស្ត្រាលី)៖ ភេរវករដ៏មានឥទ្ធិពល និងដ៏មានជំនាញម្នាក់របស់ក្រុម ISIS ដែលអូស្ត្រាលីចង់តាមប្រមាញ់បំផុតនោះ នៅពេលនេះបានស្លាប់ហើយនៅក្នុងការវាយប្រហារ ដោយទ័ពអាកាសអាមេរិកនៅក្នុងទឹកដី នៃប្រទេសអ៊ីរ៉ាក់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិច នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែឧសភា ឆ្នាំ២០១៦។

ភេរវករខាងលើនេះមានឈ្មោះថា Neil Prakash គឺធ្លាប់ត្រូវបានក្រុមអ្នកតាមដានអាមេរិក និងអូស្ត្រាលី កំណត់មុខសញ្ញាជាច្រើនលើក ចំពោះការវាយប្រហាររបស់ជនរូបនេះ នៅក្នុងប្រតិបត្តិការរបស់ក្រុម ISIS ដែលភាគច្រើនរូបគេបានដឹកនាំកម្លាំងឲ្យទទួលបានជ័យជម្នះ មកលើកងទ័ពអ៊ីរ៉ាក់។ Prakash ក៏ជាអ្នកប្រមែប្រមូលកម្លាំង ដ៏មានប្រសិទ្ធភាពម្នាក់ឲ្យក្រុមជីហាដ ដែលជាសម្ព័ន្ធមិត្តជាមួយក្រុម ISIS ផងដែរ។

គួរបញ្ជាក់ តាមសេចក្តីថ្លែងការណ៍របស់ លោកអគ្គមេបញ្ជាការយោធាអាមេរិក George Brandis នៅទីក្រុងវ៉ាស៊ីនតោនថា ជនខាងលើនេះបានស្លាប់ក្នុងការវាយប្រហារនៅទីក្រុងមូស៊ុល កាលពីថ្ងៃទី២៩ ខែមេសា មកម្ល៉េះ ហើយក្រោយមកទើបគេអាចកំណត់អត្តសញ្ញាណបាន។ វាជាលទ្ធផលដ៏គាប់ប្រសើរធំមួយ សម្រាប់កងកម្លាំងសម្ព័ន្ធមិត្ត ដើម្បីកាត់ដៃជើង និងបណ្តាញសំខាន់ៗរបស់ពួក ISIS ទាំងនៅអ៊ីរ៉ាក់ និងស៊ីរី៕