(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២នេះ បានបញ្ជាក់ជាថ្មីថា កម្ពុជា មិនគាំទ្រការស្ម័គ្រចិត្ត ទៅធ្វើសង្គ្រាមនៅអ៊ុយក្រែនឡើយ។

ការបញ្ជាក់ជាថ្មីបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ «ភូមិកុមារ SOS» ស្ថិតនៅក្នុងខេត្តព្រៃវែង នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២នេះ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំនៅតែបញ្ជាក់ យើងចុះចិត្ដទទួលប្រជាពលរដ្ឋ មកពីអាហ្គានីស្ថាន ប៉ុន្ដែខ្ញុំនៅតែមិនអនុញ្ញាត ឲ្យប្រជាពលរដ្ឋកម្ពុជា ធ្វើទាហានស្ម័គ្រចិត្ដទៅច្បាំងនៅអ៊ុយក្រែន»

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ប្រទេសណាចង់ទៅសូមទៅៗ សូមអញ្ជើញប៉ុន្ដែពលរដ្ឋកម្ពុជាហាម ដោយសម្ដេចបញ្ជាក់ថា ការធ្វើបែបនេះ ដូចជាការយកសាំង ទៅចាក់លើភ្លើងអីចឹង។

សម្ដេចតេជោ បន្ដថា ទុកឲ្យគេចរចា ទុកឲ្យគេស្វែងរកដំណោះស្រាយទៅ ប៉ុន្តែដល់ថ្នាក់ស្ម័គ្រចិត្ត ដើម្បីទៅធ្វើទាហាន នៅអ៊ុយក្រែន និងទទួលបានសញ្ជាតិអ៊ុយក្រែនទៀតនោះ គឺសម្ដេចមិនលើកទឹកចិត្ដនោះឡើយ។

ទន្ទឹមគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានឲ្យដឹងផងដែរថា បើក្នុងករណីដែលមានជនជាតិអ៊ុយក្រែន ភៀសខ្លួនមកដល់កម្ពុជា គឺកម្ពុជានឹងទទួល។

សូមជម្រាបថា រហូតមកដល់ពេលនេះ សង្គ្រាមនៅអ៊ុយក្រែន ដែលកើតឡើងដោយសារវាយលុយ ពីសំណាក់កងទ័ពរុស្ស៉ី បានអូសអន្លាយរយៈពេល២១ថ្ងៃមកហើយ៕