(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបង្ហាញខ្លឹមសារផ្សព្វផ្សាយក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ស្តីពីការបិទបញ្ជីបេក្ខជនដំបូងនៅ គឃ.សប, ការដាក់ ការទទួល និងការដោះស្រាយបណ្តឹងជំទាស់លើបញ្ជីបេក្ខជនដំបូង។

កិច្ចប្រជុំនេះដឹកនាំដោយលោក មាន សទិ សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២នេះ។

ក្នុងខ្លឹមសារ បានឱ្យដឹងថា បន្ទាប់ពីបញ្ចប់រយៈពេលចុះបញ្ជីបេក្ខជន នៃគណបក្សនយោបាយហើយ ការប្ដឹងតវ៉ាទាំងអស់ ត្រូវបានដោះស្រាយរួចរាល់ គ.ជ.ប ត្រូវចាត់ឱ្យ គឃ.សប បិទផ្សាយជាសាធារណៈនៅទីស្នាក់ការរបស់ខ្លួននូវបញ្ជីបេក្ខជនដំបូង ក្នុងរយៈពេលយ៉ាងយូរ ៣ថ្ងៃ។

គោលបំណងនៃការបិទផ្សាយនេះ គឺដើម្បីឱ្យប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត ក្នុងឃុំ សង្កាត់ មានសិទ្ធិប្ដឹងជំទាស់ជាលាយលក្ខណ៍អក្សរទៅ គ.ជ.ប អំពីបេក្ខជន ឬបញ្ជីបេក្ខជនដំបូង ក្នុងរយៈពេលយ៉ាងយូរ ៣ថ្ងៃ បន្ទាប់ពីថ្ងៃបិទផ្សាយជាសាធារណៈ។

សូមជម្រាបជូនផងដែរថា ការបិទផ្សាយបញ្ជីបេក្ខជនដំបូងត្រូវធ្វើទៅតាមករណី នៃឃុំ សង្កាត់នីមួយៗ គឺមិនធ្វើព្រមគ្នាទូទាំងប្រទេសនៅថ្ងៃតែមួយដូចជាការបិទផ្សាយបញ្ជីបោះឆ្នោតដំបូងនោះឡើយ។

នេះមានន័យថា បើឃុំ សង្កាត់ណាដោះស្រាយចប់សព្វគ្រប់ ចំពោះគ្រប់គណបក្សនយោបាយ ដែលបានដាក់ពាក្យសុំចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ឃុំ សង្កាត់នោះត្រូវបិទផ្សាយបញ្ជីបេក្ខជនដំបូងនៃឃុំ សង្កាត់របស់ខ្លួនក្នុងរយៈពេលយ៉ាងយូរ ៣ថ្ងៃបន្ទាប់ពីថ្ងៃបានបញ្ចប់ដំណោះស្រាយរួចរាល់។

ចំណុចនេះ សូមបញ្ជាក់ផងដែរ ជាឧទាហរណ៍ថា បើឃុំសង្កាត់ណាបានដោះស្រាយបញ្ហាចប់សព្វគ្រប់នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ ឃុំ សង្កាត់នោះ អាចបិទផ្សាយបញ្ជីបោះឆ្នោតដំបូង នៅថ្ងៃទី១៦ ឬ១៧ ខែមីនា ឆ្នាំ២០២២ និងយ៉ាងយូរនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២។

ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតនៅក្នុងឃុំ សង្កាត់ មានសិទ្ធិប្ដឹងជំទាស់ជាលាយលក្ខណ៍អក្សរទៅ គ.ជ.ប អំពីបេក្ខជន ឬបញ្ជីបេក្ខជនដំបូង ក្នុងរយៈពេលយ៉ាងយូរ ៣ថ្ងៃ បន្ទាប់ពីថ្ងៃបិទផ្សាយជាសាធារណៈ។

បើឃុំ សង្កាត់ណាបិទផ្សាយនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ នោះប្រជាពលរដ្ឋអាចប្ដឹងជំទាស់យ៉ាងយូរត្រឹមថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ ហើយបើឃុំ សង្កាត់ បានបិទផ្សាយនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ វិញនោះ បណ្ដឹងជំទាស់អាចធ្វើបានយ៉ាងយូរត្រឹមថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២។

បណ្ដឹងជំទាស់ត្រូវចោទប្រកាន់ទៅលើបេក្ខជន ឬបញ្ជីបេក្ខជននៃគណបក្ស-នយោបាយណាមួយ ដែលបំពេញមិនបានតាមលក្ខខណ្ឌដូចមានចែងក្នុងមាត្រា ៣៥ ៣៦ ៣៧ ៣៩ ៤០ ៤១ និង៤២ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់។

គ.ជ.ប ត្រូវបើកសវនាការជាសាធារណៈក្នុងរយៈពេលយ៉ាងយូរ ៣ថ្ងៃ ក្រោយពីបានទទួលពាក្យបណ្ដឹង ដោយ គ.ជ.ប ត្រូវផ្តល់ព័ត៌មានដល់គណបក្សនយោបាយ ដែលបានដាក់ស្នើបញ្ជីបេក្ខជនមានការប្ដឹងជំទាស់ ឬតំណាង និងផ្តល់ព័ត៌មានដល់អ្នកប្ដឹងជំទាស់ ហើយនិងផ្សព្វផ្សាយជាសាធារណៈអំពីកាលបរិច្ឆេទ ពេលវេលា និងទីកន្លែងដែលត្រូវបើកសវនាការនោះ។

ក្នុងករណី គ.ជ.ប យល់ព្រមតាមបណ្ដឹងជំទាស់ចំពោះបេក្ខជននោះ គឃ.សប ត្រូវបដិសេធបេក្ខភាព ដោយលុបបេក្ខភាពរបស់បេក្ខជន ដែលត្រូវបានប្ដឹងជំទាស់ តែរក្សាការយល់ព្រមចុះបញ្ជីបេក្ខជនរបស់គណបក្សនយោបាយ។

តែបើ គ.ជ.ប យល់ព្រមតាមបណ្ដឹងជំទាស់ចំពោះបញ្ជីបេក្ខជនវិញនោះ គឃ.សប ត្រូវបដិសេធបញ្ជីបេក្ខជននៃគណបក្សនយោបាយ ដែលមានការប្ដឹងជំទាស់នោះ រួចហើយលុបបញ្ជីបេក្ខជន និងបដិសេធលិខិតបញ្ជាក់ការចុះបញ្ជីបេក្ខជនរបស់គណបក្សនយោបាយនោះ។

សូមបញ្ជាក់បន្ថែមថា ប្រសិនបើគ្មានបណ្ដឹងជំទាស់មកលើបញ្ជីបេក្ខជនដំបូងណាមួយទេនោះ បញ្ជីបេក្ខជនដំបូងនោះ នឹងក្លាយជាបញ្ជីបេក្ខជនផ្លូវការ។ ផ្អែកលើបញ្ជីបេក្ខជនផ្លូវការនេះ គឃ.សប ត្រូវធ្វើការចាប់ឆ្នោតដើម្បីកំណត់ លំដាប់លេខរៀងបញ្ជីបេក្ខជន ដែលត្រូវដាក់លើសន្លឹកឆ្នោតស្របទៅតាមបទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប៕