(ព្រៃវែង)៖ នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២នេះ បានរំលឹកនូវរឿងរ៉ាវមួយចំនួន ពាក់ព័ន្ធស្ថានភាពជំងឺកូវីដ១៩ ដែលកាលពីកន្លងទៅធ្លាប់មានសារព័ត៌មាន និងបណ្ដាប្រទេសមួយចំនួន បានមើលស្រាលកម្ពុជាក្នុងការគ្រប់គ្រងនៅពេលផ្ទុះការរីករាលដាលជំងឺកូវីដ១៩ ថាអាចនឹងជួបស្ថានភាពអាក្រក់ព្រោះតែជំងឺដ៏កាចសាហាវនេះ។

សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ «ភូមិកុមារ SOS» ស្ថិតនៅក្នុងខេត្តព្រៃវែង បានអះអាងថា ក្រោយពីការមើលស្រាលរបស់គេ នៅទីបំផុតទៅ ប្រទេសកម្ពុជាបានក្លាយទៅជាប្រទេសគ្រប់គ្រងការរាតត្បាតជំងឺកូវីដ១៩ បានល្អជាងបណ្ដាប្រទេសដែលមានបរិក្ខាទំនើប និងជឿនលឿនមួយចំនួនទៅវិញ។

បើតាមសម្ដេចតេជោនាយករដ្ឋមន្ដ្រី ការគ្រប់គ្រងជំងឺកូវីដ១៩បាន មិនផ្ដោតទាំងស្រុងទៅលើបច្ចេកវិទ្យា ឬបរិក្ខាសុខាភិបាលទំនើបទាំងស្រុងនោះ ពោលអាស្រ័យទៅលើឆន្ទៈ មនសិកាវិជ្ជាជីវៈ ការប្ដេជ្ញាចិត្ត ការលះបង់ និងការខិតខំប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យ ទើបអាចយកឈ្នះលើវិញ្ញាសារមួយនេះបាន។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះថា «ករណីកូវីដ តើប៉ុន្មានប្រទេស សារព័ត៌មានប៉ុន្មានប្រមាថយើង អំពីប្រព័ន្ធសុខាភិបាលទន់ខ្សោយរបស់កម្ពុជា ប៉ុន្ដែឥលូវអ្នកទាំងនោះគេយល់យ៉ាងមិចចំពោះយើង នៅពេលដែលកម្ពុជា ក្នុងមួយថ្ងៃហើយថ្ងៃនេះឆ្លងប្រមាណជាង១៣០ករណីប៉ុណ្ណោះ (អូមីក្រុង) ថ្ងៃខ្លះអត់មានស្លាប់ទេ ក្នុងប្រទេសលើពិភពលោកជាច្រើនកំពុងតែស្លាប់ រាប់រយរាប់ពាន់ ឆ្លងរាប់ម៉ឺននាក់។ អញ្ចឹងតើវាយតម្លៃអំពីបច្ចេកវិទ្យា ឬវាយតម្លៃអំពីការទទួលខុសត្រូវ?»

សម្ដេចតេជោ ហ៊ុន សែន បានអះអាងទៀតថា ទោះអ្នកកើតនៅក្នុងប្រទេសដែលមានបច្ចេកវិទ្យាទាន់សម័យ ឬជឿនលឿន សុខាភិបាលទាន់សម័យ ប៉ុន្ដែការគិតរបស់អ្នកអាចនឹងមានកម្រិត បើប្រៀបធៀបជាមួយសកម្មដែលកម្ពុជាប្រកាន់យក។ មកដល់ពេលនេះ កម្ពុជាជាប្រទេសមួយក្រ ប៉ុន្ដែកម្ពុជា បានចាក់វ៉ាក់សាំងជាង៩២ភាគរយ នៃប្រជាពលរដ្ឋនៅទូទាំងប្រទេស ហើយកំពុងតែដំណើរការចាក់ឲ្យក្មេងអាយុ៣ និង៤ឆ្នាំ។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជារូបនេះ បានចោទសួរត្រឡប់ទៅវិញថា ប្រទេសដែលអួតអាង អ្នកដែលអួតអាង ពីប្រព័ន្ធសុខាភិបាលខ្លាំង និងបង្អាប់កម្ពុជាជាមួយប្រព័ន្ធសុខាភិបាលខ្សោយ តើកម្ពុជាបានសង្គ្រោះកម្ពុជារបៀបណាដែរ?។

បើទោះបីគ្រប់គ្រងបានល្អ និងបើកដំណើរការសេដ្ឋកិច្ចឡើងវិញក៏ពិតមែន ប៉ុន្ដែសម្ដេចតេជោ ហ៊ុន សែន នៅតែបន្ដអំពាវនាវដល់ប្រជាពលរដ្ឋយកចិត្តទុកដាក់ ក្នុងការការពារខ្លួនតាមរយៈការអនុវត្តវិធានការ ៣ការពារ និង៣កុំ ព្រមពេលដែលរាជរដ្ឋាភិបាលកាត់បន្ថយនូវការរឹតបន្ដឹងលើបញ្ហាមួយចំនួននោះ។

គួរជម្រាបថា បើទោះបីបច្ចុប្បន្នជំងឺកូវីដ១៩ ប្រភេទ អូមីក្រុង បានឆ្លងចូលក្នុងសហគមន ៍នៃប្រទេសកម្ពុជាជាបន្ដបន្ទាប់ក្ដី ប៉ុន្ដែកម្ពុជា បានបិទបញ្ចប់នូវព្រឹត្តិការណ៍ឆ្លងចូលសហគមន៍ធំៗ ជាបន្ដបន្ទាប់ដែលរួមមាន ព្រឹត្តិការណ៍សហគមន៍ ៣វិច្ឆិកា, ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា និងចុងក្រោយគេ គឺព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដែលមានមនុស្សឆ្លងច្រើន និងស្លាប់ច្រើនជាងគេក្នុងចំណោមព្រឹត្តិការណ៍សហគមន៍ដែលកើតមាននៅក្នុងប្រទេសកម្ពុជា។

ក្រៅពីមនសិកា និងការទទួលខុសត្រូវរបស់ក្រុមគ្រូពេទ្យ ដែលធ្វើឲ្យកម្ពុជាយកឈ្នះលើជំងឹកូវីដ១៩ហើយនោះ ការដឹកនាំដែលប្រកបដោយភាពប៉ិនប្រសព្វ និងគិតគូរខ្ពស់បំផុតរបស់សម្ដេចតេជោ ហ៊ុន សែន ក៏កាន់តែមិនអាចកាត់ផ្ដាច់បានថែមទៀត។ គេនៅចាំបានថា នៅពេលដែលមានជំងឺកូវីដ១៩ ឆ្លងចូលសហគមន៍ ហើយកម្ពុជាមិនទាន់មានវ៉ាក់សាំងនោះ សម្ដេចតេជោ ហ៊ុន សែន បានស្វះស្វែងរកវ៉ាក់សាំងដើម្បីចាក់ជូនប្រជាពលរដ្ឋ។

ដូចការរំពឹងទុក ក្រោយមកកម្ពុជា បានទទួលនូវវ៉ាក់សាំងដែលជាជំនួយរបស់មហាមិត្តចិន និងមួយផ្នែកជាការបញ្ជាទិញដោយផ្ទាល់របស់កម្ពុជា ដើម្បីមកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ សម្ដៅបង្កើនភាពស៉ាំក្នុងសហគមន៍ ដែលពេលនេះរាជរដ្ឋាភិបាលកម្ពុជា បានប្រើប្រាស់នូវយុទ្ធសាស្ដ្រ «ផ្ការីក»។ យុទ្ធសាស្ដ្រនេះ គឺចាក់ផ្ដើមចេញពីដំបូងនៅតំបន់ដែលផ្ទុះខ្លាំង ពោលនៅរាជធានីភ្នំពេញ និងខេត្ដកណ្ដាល។

បន្ថែមពីការជោគជ័យលើការងារចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋ គ្រប់ដូសមូលដ្ឋានហើយនោះ រាជរដ្ឋាភិបាលកម្ពុជា បានបន្ដគិតគូរបន្ថែមទៀត ក្នុងការចាក់វ៉ាក់សាំងដូសទី៣ និងដូសទី៤ ជូនដល់ប្រជាពលរដ្ឋ ដើម្បីពង្រឹងប្រព័ន្ធការពារជាមួយការបំប្លែងខ្លួនថ្មីជាបន្ដបន្ទាប់ របស់ជំងឺកូវីដ១៩។ នៅនេះប្រជាជនកម្ពុជា ដែលទទួលបានវ៉ាក់សាំងនោះ គឺមានអាយុចាប់ពី៣ឆ្នាំឡើងទៅ។

គិតត្រឹមយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៤,៧៦៨,៩៨៨នាក់។ នេះបើតាមរបាយការណ៍ផ្លូវការ ដែលបង្ហាញដោយក្រសួងសុខាភិបាល៕