(ព្រៃវែង)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ទើបសម្រេចលុបចោលការបញ្ជាក់ធ្វើតេស្តរកកូវីដ១៩ តាមម៉ាស៊ីន PCR មុនចូលមកកម្ពុជារយៈពេល ៧២ម៉ោង, លុបចោលការធ្វើតេស្តរហ័ស នៅពេលមកដល់កម្ពុជា និងអនុញ្ញាតឱ្យដំណើរការឡើងវិញ នូវការផ្តល់ការទិដ្ឋាការ ពេលមកដល់សម្រាប់អ្នកដំណើរអន្តរជាតិ ដែលចាប់អនុវត្តន៍ចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២នេះតទៅ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបញ្ជាក់ថា ការបន្ធូរបន្ថយលក្ខខណ្ឌតម្រូវចូលមកកម្ពុជានេះ ដើម្បីសម្រួលដល់ការទាក់ទាញវិនិយោគ ការធ្វើធុរកិច្ច និងទាក់ទាញទេសចរណ៍ រួមទាំងកាត់បន្ថយនូវការចំណាយធ្វើដំណើរ។

សម្តេចតេជោបានបញ្ជាក់ថា ការលុបចោលលក្ខខណ្ឌតម្រូវធ្វើតេស្ត PCR និងតេស្តរហ័ស ក៏នឹងជួយសម្រួលដល់ការធ្វើដំណើរចេញចូល របស់បងប្អូនប្រជាជនខ្មែរ ទាំងការឈឺចាប់ដោយសាររុកច្រមុះ និងការចំណាយថវិកាសម្រាប់ធ្វើតេស្ត។

សម្តេចតេជោបានបញ្ជាក់ថា តាមរយៈការធ្វើតេស្តនេះ ធ្វើរាជរដ្ឋាភិបាលចំណាយប្រាក់យ៉ាងច្រើន ក្នុង១ថ្ងៃៗ ទៅលើឧបករណ៍តេស្ត និងសម្លៀកបំពាក់គ្រូពេទ្យផងដែរ។

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ «ភូមិកុមារ SOS» ស្ថិតនៅក្នុងទីរួមខេត្តព្រៃវែង នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងថា «ការខ្វេះចម្រុះ [ធ្វើតេស្ត] មិនមែនត្រឹមតែឈឺច្រមុះទេ វាអស់លុយ មួយថ្ងៃៗរាជរដ្ឋាភិបាលចាយលុយច្រើនណាស់ មានទាំងឧបករណ៍ធ្វើតេស្ត សម្លៀកបំពាក់ធ្វើតេស្ត [...] យើងសម្រួលបញ្ហានេះ ដើម្បីទាក់ទាញការវិនិយោគ ការធ្វើធុរកិច្ច និងធ្វើទេសចរណ៍នៅកម្ពុជា។ ចំណុចអស់ទាំងនេះ គឺជាចំណុចដែលយើងនៅតែបន្ត ក្នុងការធ្វើសកម្មភាពឆ្ពោះទៅមុខ ដើម្បីគោលដៅនៃការអភិវឌ្ឍន៍រៀនរស់ ជាមួយនឹងកូវីដ១៩»

កម្ពុជាបានសម្រេចបើកប្រទេសរបស់ខ្លួនពេញលេញឡើងវិញ កាលពីចុងឆ្នាំ២០២១។ បើទោះបីវីរុសកូវីដ១៩ បំប្លែងថ្មីអូមីក្រុង មានករណីឆ្លងច្រើនក្តី ប៉ុន្តែអត្រាស្លាប់មានចំនួនតិចតួច។ ជាពិសេសក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ អត្រាឆ្លងជំងឺកូវីដ១៩ ដែលប្រកាសដោយក្រសួងសុខាភិបាល បានធ្លាក់ចុះជាបន្តបន្ទាប់មកនៅត្រឹមជាង១០០នាក់ក្នុងមួយថ្ងៃ ករណីស្លាប់ត្រឹម១នាក់ ហើយថ្ងៃខ្លះមិនមានអ្នកស្លាប់នោះទេ។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន នៅតែអំពាវនាវជាថ្មី សូមឲ្យបងប្អូនប្រជាពលរដ្ឋ បន្តការពារខ្លួនពីជំងឺកូវីដ១៩ តាមរយៈវិធានសុខាភិបាល ៣ការពារ ៣កុំ និងអ្នកដែលដល់ពេលត្រូវចាក់វ៉ាក់សាំង សូមនាំគ្នាទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឲ្យបានគ្រប់ៗគ្នា។

សម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានបញ្ជាក់ផងដែរថា រហូតដល់ពេលកម្ពុជា សម្រេចបានអត្រាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាជនក្នុងអត្រាខ្ពស់ស្មើនឹងជាង ៩២ភាគរយនៃប្រជាជន១៦លាននាក់៕