(ភ្នំពេញ)៖ សាលារាជធានីភ្នំពេញ នឹងជួបពិភាក្សាជាមួយ តំណាងប្រជាពលរដ្ឋ យុវជន និងស្រ្តីមួយចំនួន នៅម៉ោង៣៖០០រសៀល ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៦នេះ ជុំវិញការស្នើសុំហែញត្តិ ទៅអង្គភាពប្រឆាំងអំពើពុករលួយ។

តំណាងប្រជាពលរដ្ឋ យុវជន និងស្រ្តីទាំងនោះ បានប្រកាសថា ពួកគេមានគ្នាប្រមាណ២ពាន់នាក់ នឹងដង្ហែញត្តិទៅអង្គភាពប្រឆាំង អំពើពុករលួយ នៅវេលាម៉ោង ៩៖០០ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៦ ដើម្បីទាមទារឱ្យអង្គភាពនេះ បញ្ឈប់ការចោទប្រកាន់លើមន្រ្តី សង្គមស៊ីវិល។

លោក មាន ចាន់យ៉ាដា បន្តប្រាប់អង្គភាពFresh News នៅមុននេះបន្តិចថា «នៅម៉ោង ៣រសៀលនេះ សាលារាជធានីភ្នំពេញ នឹងជួបប្រជុំជាមួយតំណាងប្រជាពលរដ្ឋ យុវជន និងស្រ្តី ជជែកពិភាក្សាគ្នា ជុំវិញការស្នើសុំដង្ហែញត្តិ ទៅជូនអង្គភាពប្រឆាំងអំពើពុករលួយ។ ខ្ញុំបានជូនដំណឹងទៅតំណាងពួកគាត់ហើយ ជាការឆ្លើយតប គឺពួកគាត់ នឹងចូលរូមប្រជុំល្ងាចនេះ តែអាចនឹងយឺតបន្តិច»។

គួរបញ្ជាក់ថា នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦ តំណាងប្រជាពលរដ្ឋ យុវជន និងស្រ្តី បានផ្ញើលិខិតមួយច្បាប់ទៅកាន់អភិបាល រាជធានីភ្នំពេញ សុំដង្ហែញត្តិ ទៅជូនអង្គភាពប្រឆាំងអំពើពុករលួយ នៅម៉ោង៩៖០០ព្រឹក ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៦ ដែលមានអ្នកចូលរួម ប្រមាណជា ២ពាន់នាក់។

នៅក្នុងលិខិតដដែលបានបញ្ជាក់ថា «ការស្នើសុំដង្ហែញត្តិរបស់យោងខ្ញុំនេះ គឺធ្វើឡើង ក្រោយពីតំណាងប្រជាពលរដ្ឋ យុវជន និងស្រ្តី ព្រួយបារម្ភចំពោះស្ថានភាពបច្ចុប្បន្ន ដោយសារមានការចោទប្រកាន់ថ្នាក់ដឹកនាំ អង្គការសង្គមស៊ីវិល មន្រ្តីគជប និងមន្រ្តីអង្គការ សហប្រជាជាតិ ពីសំណាក់អង្គភាពប្រឆាំងអំពើពុករលួយ ។ យើងខ្ញុំទាំងអស់គ្នាស្នើសុំឲ្យអង្គភាពប្រឆាំងអំពើពុករលួយ បញ្ឈប់ការគម្រាមកំហេង ធ្វើទុក្ខបុកម្នេញមកសលើសកម្មភាពសិទ្ធិមនុស្ស និងមន្រ្តី អង្គការសង្គមស៊ីវិលតាម រយៈការចោទប្រកាន់ និង បញ្ឈប់ការអនុវត្តតួនាទីរបស់ខ្លួន ដែលមានលក្ខណៈស្តង់ដារពីរ»៕