(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២នេះ បានចេញមកបកស្រាយ និងពន្យល់អំពីផលប៉ះពាល់ដល់សុខភាពមួយចំនួន ក្រោយពីជាសះស្បើយជំងឺកូវីដ១៩។ ការចេញមកបកស្រាយរបស់លោកស្រី ឱ វណ្ណឌីន ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការចោទសួរមួយចំនួន ពិសេសសម្រាប់អ្នកដែលជាសះស្បើយពីជំងឺកូវីដ១៩តែម្ដង។

លោកស្រី ឱ វណ្ណឌីន បានធ្វើការបកស្រាយយ៉ាងលម្អិត ដែលមានខ្លឹមសារទាំងស្រុងនៅខាងក្រោមនេះ៖

«ខ្ញុំសូមអរគុណនូវសំណួរសំខាន់មួយនេះរបស់អ្នកសារព័ត៍មាន។ ខ្ញុំសូមបញ្ជាក់ជូនថាតាមការសិក្សារបស់អ្នកវិទ្យាសាស្រ្តវេជ្ជសាស្រ្តបរទេសមួយចំនួន លើអ្នកជាសះស្បើយពីជំងឺកូវីដ-១៩មួយចំនួន គេសង្កេតឃើញថា មានប្រហែលជា២៣-២៦% នៃអ្នកជាសះស្បើយ គឺមានបញ្ហាផ្លូវចិត្តដូចជាបញ្ហាឆាប់បាក់ទឹកចិត្ត និងឆាប់ព្រួយជាដើម។ ទន្ទឹមនឹងនោះ ភាពឆាប់នឿយហត់ ឬមានអារម្មណ៍មិនសូវមានកម្លាំងកំហែង ក៏សង្កេតឃើញមានដែរ និងមួយចំនួនទៀត ក៏មានការឆាប់ទទួលបាននូវការឆ្លងជំងឺកូវីដ-១៩ឡើងវិញផងដែរ។

ករណីនេះ អាស្រ័យលើសរីរាង្គរបស់បុគ្គលម្នាក់ៗដែលមានការឆ្លើយតប និងការវិវត្តន៍កើតមានមិនដូចគ្នានោះឡើយ ជាពិសេស ស្ថានភាពនៃអង់ទីគ័ររបស់បុគ្គលឆ្លើយតបទប់ទល់ទៅនឹងជំងឺនេះ ហើយក៏អាស្រ័យលើស្ថានភាពដែលបុគ្គលបានឆ្លងកាត់សភាពជំងឺស្រាល ឬជំងឺធ្ងន់ធ្ងរផងដែរ។

ការសិក្សាក៏បានបង្ហាញថា អាចមានរោគសញ្ញាដែលនៅសេសសល់បន្តក្នុងរយ:ពេលប្រហែលជាមួយឆ្នាំក្រោយពីបានជា សះស្បើយពីជំងឺកូវីដ-១៩ (បុគ្គលខ្លះក៏មិនមានបញ្ហានេះដែរ) ដែលគេសង្កេតឃើញមានដូចជា៖ ឆាប់នឿយហត់ ឬមានអារម្មណ៍ថា ដូចជាខ្សោយជាងមុនពេលឈឺ, ដកដង្ហើមដូចជាមិនបានវែងៗ ឬពិបាកដកដង្ហើម ឬមានអារម្មណ៍ថា ដូចជារៀងថប់ៗដង្ហើម, បន្តនៅក្អកខ្លះៗ, អាចឈឺសន្លាក់ដៃជើង, អាចមានឈឺដើមទ្រូងខ្លះៗ, មានបញ្ហាការចងចាំ និងបញ្ហាសម្រាន្តមិនសូវលក់, ឈឺសាច់ដុំ ឬឈឺក្បាល, បេះដូងដើរញាប់ជាងមុន, និងបញ្ហាបាក់ទឹកចិត្ត អស់សង្ឃឹម ឬមានអារម្មណ៍ព្រួយច្រើនជាដើម។

រោគសញ្ញាខាងលើនេះ នឹងប្រហែលជាអាចបាត់ទៅវិញ ក្នុងរយ:ពេល៦-១២ខែ ឬអាចខ្លីជាងនេះ ឬក៏អាចកាន់តែធ្ងន់ធ្ងរ ឬមិនបាត់ទៅវិញ អាស្រ័យលើការបន្តថែទាំសុខភាពរបស់បុគ្គលដែលបានជាសះស្បើយពីជំងឺកូវីដ-១៩ និងការធ្វើលំហាត់ប្រាណ ព្រមទាំងការចេះបន្ធូរអារម្មណ៍ និងបរិយាកាសរស់នៅជាដើម ជាពិសេសចាំបាច់ត្រូវចៀសវាងកុំបណ្តោយខ្លួនឲ្យមានការឆ្លងកូវីដ-១៩ឡើងវិញ ដែលវាអាចបន្ថែមភាពប៉ះពាល់ មិនល្អដល់សរីរាង្គណាមួយរបស់បុគ្គលដូចជាប្រព័ន្ធសរសៃប្រសាទ បេះដូង ថ្លើម និងតម្រងនោមជាដើម។

អ្នកវិទ្យាសាស្ត្រ ក៏មិនទាន់អាចបញ្ជាក់ឲ្យដឹងបានផងដែរថា តើផលប៉ះពាល់សំខាន់ៗអ្វីខ្លះទៀតលើសរីរាង្គបុគ្គល ដែលបានជាសះស្បើយពីជំងឺកូវីដ-១៩ នៅក្នុងកម្រិតណានោះ និងក្នុងរយៈពេលយូរប៉ុណ្ណានោះនៅឡើយទេ ដែលតម្រូវឲ្យមានការសិក្សា ច្បាស់លាស់ជាបន្តបន្ទាប់ទៀតផងដែរ។

សម្រាប់ជំងឺកូវីដ-១៩ ជាពិសេសពពួកបម្លែងថ្មីអូមីក្រុងនេះ សូមបងប្អូនប្រជាពលរដ្ឋមានការយល់ដឹងថា លទ្ធភាពវៃលុករបស់វាមកលើសរីរាង្គកាយមនុស្សអាចកើតមានមិនអាចមើលរំលងបានឡើយហើយជំងឺកូវីដ-១៩ ក៏មិនមែនជាជំងឺផ្តាសាយក្នុងលក្ខណៈធម្មតា និងរិតតែមិនមែនជាជំងឺដែលសាមញ្ញពេកនោះដែរ ថ្វីត្បិតតែ វាមានលក្ខណៈដូចជាស្រាល ដោយមួយចំណែកធំដោយសារឥទ្ធិពលបានមកពីការស្រោចស្រពវ៉ាក់សាំងបានច្រើននៅក្នុងសហគមន៍។

សូមកុំភ្លេចថា សរីរាង្គកាយយើង ប្រហែលជានឹងអាចមានការប៉ះពាល់សុខភាពទោះតិចក្តី ឬច្រើនក្តី ក្រោយពីបានឆ្លងជំងឺកូវីដ-១៩ ប្រសិនបើយើងមិនមានកងការពារក្នុងខ្លួនយើងរឹងមាំទេនោះ។ ការចាក់វ៉ាក់សាំងកូវីដ-១៩ ដួសទី៣ ឬដូសជំរុញ នាពេលនេះ នឹងជួយពង្រឹងកងការពារនេះ ដើម្បីទប់ទល់ពីការវ៉ៃលុកធ្ងន់ធ្ងរលើសរីរាង្គបុគ្គល និងជួយសង្គ្រោះអាយុជីវិតមនុស្សផងដែរ។

ដោយសារបញ្ហាសំណល់ផលប៉ះពាល់សុខភាពដែលអាចកើតមានយូរអង្វែងដូចបានជម្រាបជូនខាងលើនេះ និងដោយសារជំងឺកូវីដ-១៩នេះ ក៏បានធ្វើឲ្យមានការស្លាប់បាត់បង់ជីវិតបានផងដែរនោះ អ្វីដែលសំខាន់បំផុត និងជាការល្អប្រសើរបំផុតសម្រាប់សុខភាពបងប្អូននាពេលនេះ និងតទៅមុខ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ចាំបាច់ត្រូវតែបន្តរួមគ្នានាំគ្នាការពារកុំឲ្យមានការឆ្លងវីរុសកូវីដ-១៩នេះ មកបុគ្គល ឆ្លងទៅក្រុមគ្រួសារខ្លួន និងឆ្លងចូលរាតត្បាតក្នុងសហគមន៍យើង ដោយចាំបាច់ត្រូវបន្តអនុវត្តហ្មត់ចត់នូវវិធានការ «៣ការពារ + ៣កុំ + ចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ» ឲ្យបានគ្រប់ៗគ្នា។

ដើម្បីបង្កើននូវកងការពារក្នុងសរីរាង្គរបស់បុគ្គល និងចៀសផុតពីផលវិបាកនានាពីជំងឺដ៏កាចសាហាវនេះ ខ្ញុំសូមជំរុញ និងលើកទឹកចិត្តដល់ការយកចិត្តទុកដាក់របស់បងប្អូននាពេលនេះ សូមអញ្ជើញទៅចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ ឲ្យបានគ្រប់ៗគ្នា ហើយអ្នកដែលបានចាក់ចនស៊ុន ចនស៊ិនបានមួយដូសហើយនោះ ក៏សូមទៅទទួលយកវ៉ាក់សាំងដូសជំរុញឲ្យបានគ្រប់គ្នាៗផងដែរ។

ខ្ញុំសូមជូនពរ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មានសុខភាពល្អ និងចៀសផុតពីការឆ្លងជំងឺកូវីដ-១៩ទាំងអស់គ្នា។ សូមអរគុណ»៕