(ភ្នំពេញ)៖ ថ្លែងនៅក្នុងពិធីបញ្ចុះខណ្ឌសីមា ព្រះវិហារ វត្តកែវមុនី (ហៅវត្តអង្គរបាន) នៅឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រកាសសារជាថ្មី ដើម្បីកុំឲ្យប្រជាពលរដ្ឋយល់ច្រឡំអំពីតម្លៃការ ប្រើប្រាស់អគ្គិសនី គឺចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៧ ប្រជាពលរដ្ឋដែលប្រើប្រាស់ភ្លើង ភ្ជាប់ជាមួយបណ្តាញជាតិទាំងអស់នៅទូទាំងប្រទេស ប្រើប្រាស់ក្រោម៥០គីឡូវ៉ាត់ម៉ោង តម្លៃតែ៦១០រៀលប៉ុណ្ណោះក្នុងមួយគីឡូវ៉ាត់ គឺនៅសល់១១ខែទៀតបានដល់ គឺចាប់ផ្តើមនៅឆ្នាំ២០១៧ មិនមែនឆ្នាំ២០១៦នេះទេ។

ការមានប្រសាសន៍របស់សម្តេចសារជាថ្មីនេះ ធ្វើឡើងបន្ទាប់ពីមានព័ត៌មានមួយចំនួន បានផ្សាយថាអគ្គិសនីតម្លៃ៦១០នេះ ចាប់ផ្តើមនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៦ ធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ប៉ុន្តែនៅថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន បានប្រកាសថា មិនមែនឆ្នាំ២០១៦ទេ គឺនៅឆ្នាំ២០១៧។

សូមជំរាបថា ក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីភាព ក្នុងទិវាពលកម្មអន្តរជាតិ ១ឧសភា ជាមួយនឹងបុគ្គលិក-កម្មករជាច្រើនរយនាក់ នៅកំពង់ផែក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបញ្ជាក់ថា ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៧ តទៅប្រជាពលរដ្ឋដែលប្រើប្រាស់អគ្គិសនី តាមបណ្តាញជាតិ តម្លៃអគ្គិសនី​នឹងចុះមកត្រឹម ៦១០រៀលក្នុង ១គីឡូរ៉ាត់ម៉ោង សម្រាប់អ្នកប្រើប្រាស់ក្រោម ៥០គីឡូរ៉ាត់ម៉ោងក្នុង១ខែ។

សម្តេចតេជោ បានថ្លែងថា «រាជរដ្ឋាភិបាលកំពុងរកវិធីបញ្ចុះថ្លៃអគ្គិសនី ទាំងអគ្គិសនីប្រើប្រាស់ក្នុងវិស័យឧស្សាហកម្ម ទាំងអគ្គិសនីប្រើប្រាស់ក្នុង វិស័យកសិកម្ម ទាំងអគ្គិសនីប្រើប្រាស់​ដោយ​ប្រជាពលរដ្ឋ ហើយចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៧ តទៅប្រជាពលរដ្ឋនៅ​ទូទាំងប្រទេស ដែលភ្ជាប់ជាមួយនឹង​បណ្តាញជាតិ នឹងទទួលបានភ្លើងប្រើប្រាស់នៅត្រឹម ៦១០រៀលក្នុង​១គីឡូវ៉ាត់ម៉ោង សម្រាប់ការប្រើ​ប្រាស់ ក្រោម៥០គីឡូវ៉ាត់ម៉ោង»។

សម្តេចបានបញ្ជាក់ថា ការចុះថ្លៃអគ្គិសនីនេះ នឹងជួយសម្រួលបានមួយកម្រិតទៀត នូវជីវភាពរស់នៅរបស់ប្រជាជាពលរដ្ឋ៕