(ភ្នំពេញ)៖ ប្រទេសកម្ពុជា នៅថ្ងៃទី៥ ខែឧសភានេះ បានធ្វើជាម្ចាស់ផ្ទះនៃអង្គ​សមាជលើកទី១៩ របស់សមាគមអ្នក​វាយតម្លៃអាស៊ាន ដែលពិធីបើក​សមាជនេះ ធ្វើឡើងនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ក្រោមអធិបតីភាព លោកទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

ប្រធានសមាគមអ្នកវាយតម្លៃអាស៊ាន លោក គីម ហ៊ាង និងជាប្រធានសមាគម អ្នកវាយតម្លៃអចលនវត្ថុកម្ពុជា បានថ្លែងរំលឹកថា សមាគមអ្នកវាយតម្លៃអាស៊ាន បង្កើតឡើងក្នុងឆ្នាំ១៩៨១ ដែលបង្កើតឡើងដំបូងមានតែ៤ប្រទេសប៉ុណ្ណោះ គឺ ប្រទេសម៉ាឡេស៊ី សឹង្ហបុរី ភីលីពិន ឥណ្ឌូនេស៊ី។ ចាប់តាំពីឆ្នាំ១៩៨១ ដល់បច្ចុប្បន្ន សមាគមននេះ មានអាយុកាល៣៥ឆ្នាំហើយ។ កម្ពុជាចូលជាសមាជិកពេញសិទ្ធិ របស់សមាគមអ្នកវាយតម្លៃអាស៊ាននៅក្នុងឆ្នាំ២០០៨  រហូតដល់ពេលបច្ចុប្បន្ននេះ មានរយៈពេល៨ឆ្នាំហើយ ។

លោក គីម ហ៊ាង បានថ្លៃងទៀតថា នេះជាប្រវត្តិសាស្រ្ដថ្មីនៅក្នុងប្រទេសកម្ពុជា ដែលបានទទួលបានសិទ្ធិធ្វើជាម្ជាស់ផ្ទះ ក្នុងកិច្ចប្រជុំអាស៊ាន និងបានបង្កើតព្រឹត្តិការណ៍ដ៏ធំបំផុតមួយ របស់សមាគមអាស៊ានខាងផ្នែកដីធ្លី ហើយនេះក៏ជាលើកទី១ផងដែរ ដែលបានធ្វើកម្មវិធីនេះ ឡើងក្នុងប្រទេសកម្ពុជា។

ប្រធានសមាគមដដែលបញ្ជាក់ថា «ផលប្រយោជន៍ដែលយើងទទួលបាន ពីការរៀបចំកិច្ចប្រជុំថ្នាក់អាស៊ាននេះ គឺមានផលប្រយោជន៍ផ្ទាល់ និងដោយប្រយោលដល់ប្រទេសយើង។ ផលប្រយោជន៍ផ្ទាល់ គឺអ្នកជំនាញដីធ្លីក្នុងប្រទេសកម្ពុជាយើង បានជួបជាមួយអ្នកជំនាញមកពីតំបន់ អាស៊ាន កូរ៉េ ជប៉ុន ចិន អូស្រ្ដាលី  ហើយជាឱកាសដ៏ល្អមួយ ដែលអ្នកជំនាញដីធ្លីកម្ពុជា សិក្សាស្វែងយល់ពីជើងខ្លាំងខាងដីធ្លី ពីអាស៊ាន និងប្រទេសជុំវិញនោះ។ មួយវិញទៀត កិច្ចប្រជុំនេះ ក៏ជាឱកាសនៃអាជីវកម្ម ដែលអាចឲ្យអ្នករកស៊ីមានឱកាស ក្នុងការពិភាក្សា ស្វែងយល់ដោះដូរឱកាសវិនិយោគរវាងគ្នាផងដែរ»។

លោក គីម ហ៊ាង បានថ្លែងទៀតថា ចំពោះការទទួលបានផលប្រយោជន៍ ដោយប្រយោលវិញ គឺផ្នែកសេដ្ឋិច្ចនៃការចំណាយរបស់ភ្ញៀវ ដែលមកចូលរួមក្នុងកិច្ចប្រជុំនោះ គឺពួកគេនឹងចំណាយក្នុងការស្នាក់នៅ ហូបចុក ដើរកម្សាន្ត ដូច្នេះការចំណាយរបស់ពួកគេនឹងជួយដល់សេដ្ឋកិច្ច។

លោក អូន ព័ន្ធមុន្នីរ័ត្ន ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា គោលបំណងនៃអង្គសមាជលើកទី១៩នេះ គឺដើម្បីផ្ដល់នូវយុន្ដកាល នៃការចែករំលែកព័ត៌មាន និងបទពិសោធន៍ពីគ្នាទៅវិញទៅមក ក្នុងចំណោមតំណាងមកពីវិស័យសាធារណៈ ឯកជន ស្ថាប័នវិជ្ជាជីវៈ អ្នកស្រាវជ្រាវ មជ្ឈដ្ឋានសិក្សា និងស្ថាប័នពាក់ព័ន្ធដទៃទៀត ដើម្បីធ្វើការពិភាក្សាអំពីបញ្ហាប្រឈម ដែលពាក់ព័ន្ធនឹងការវាយតម្លៃ លើប្រធាន «អាស៊ានតែមួយ ស្ដង់ដារវាយតម្លៃតែមួយ» ។

លោកទេសរដ្ឋមន្ត្រី បានថ្លែងថា សមាគមសេដ្ឋកិច្ចអាស៊ាន គឺស្ថាប័នសេដ្ឋកិច្ច និងនយោបាយ ដែលកំពុងស្ទុះឡើង និងជាកម្លាំងចលកមួយយ៉ាងសំខាន់ ក្នុងបរិបទសេដ្ឋកិច្ច និងនយោបាយ ដោយសមាគមទាំងមូល មានប្រជាជនសរុបទាំងអស់ចំនួន ៦០០លាននាក់ និងទំហំតម្លៃទីផ្សារសរុបមានចំនួន ២,៦ពាន់លានដុល្លារអាមេរិក និងកំណើនជាមធ្យមចំនួន ៤,៩% ។ ជាការរំពឹងនៅឆ្នាំ២០១៦នេះ សមាគមអាស៊ាន គឺជាទីផ្សារដែលកំពុងងើបឡើង និងទាក់ទាញការវិនិយោគជាសាកល និងដើរតួនាទីជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចអាស៊ី។

លោក អូន ព័ន្ធមុនីរ័ត្ន បានថ្លែងទៀត «ការបង្កើតស្ដង់ដារវាយតម្លៃអាស៊ាន ពុំមែនជាកិច្ចការដ៏ងាយស្រួលឡើយ ដែលតម្រូវឲ្យមានកិច្ចខិតខំប្រឹងប្រែងទាំងពេលវេលា និងកម្លាំងចិត្ត ដើម្បីឈានទៅដល់កិច្ចព្រមព្រៀង អនុវត្តជាសាកលសម្រាប់ សមាជិកអាស៊ានទាំងអស់ ដែលស្ថិតនៅក្នុងដំណាក់កាលផ្សេងគ្នា ទាំងការអភិវឌ្ឍន៍ក្នុងគ្រប់ខណ្ឌច្បាប់ និងបទបញ្ញត្តិ។ អង្គសមាជកលើកទី១៩នេះ នឹងជំរុញឲ្យមានកិច្ចសហប្រតិបត្តិការ ដ៏ជិតស្និតក្នុងចំណោមសមាជិកទាំងអស់ ក្នុងការរួមគ្នាអភិវឌ្ឍន៍វិជ្ជាជីវៈ នៅក្នុងវិស័យវាយតម្លៃ ក៏ដូចជាការលើកកម្ពស់សមាគមអ្នកវាយតម្លៃអាស៊ាន ឲ្យក្លាយទៅជា សមាគមតែមួយ នៅក្នុងតំបន់ និងឆាកអន្ដរជាតិ»។

សមាជលើកទី១៩ របស់សមាគមអ្នកវាយតម្លៃអាស៊ាន និងសិក្ខាសាលាស្តីពី អាស៊ានតែមួយ ស្តង់ដារនៃការវាយតម្លៃតែមួយ ចាប់ពីថ្ងៃទី​៤ ដល់ថ្ងៃទី​៧ ខែ​ឧសភា ឆ្នាំ២០១៦ ដែលមានការចូលរួម​ពីមន្ត្រីសមាគម​អ្នកវាយ​តម្លៃអចលទ្រព្យអាស៊ាន ៨ប្រទេស រួមមានកម្ពុជា ថៃ វៀតណាម សឹង្ហបុរី ហ្វីលីពីន ព្រុយណេ ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី៕