(កំពង់ចាម)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញជាអធិបតីភាព ក្នុងពិធីបញ្ចុះខណ្ឌសីមា ព្រះវិហារ វត្តកែវមុនី (ហៅវត្តអង្គរបាន) នៅឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៦។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងសារជាថ្មី អំពីការកសាងសន្តិភាពពីបាតដៃទទេ ទម្រាំទទួលបានសន្តិភាពពេញលេញ ជូនប្រជាពលរដ្ឋទូទាំងប្រទេស បន្ទាប់ពីរបបប្រល័យពូជសាសន៍ បានបំផ្លិចបំផ្លាញទាំងអាណាចក្រ និងពុទ្ធចក្រ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការកសាងសន្តិភាពជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍន៍ប្រទេសជាបន្តទៀត  ហើយបច្ចុប្បន្ននេះបានធ្វើឲ្យប្រាក់ចំណូលប្រជាពលរដ្ឋ មន្រ្តីរាជការ និងកម្មករ-កម្មការីនី កើនឡើងៗជារៀងរាល់ឆ្នាំ។

* ពាក់ព័ន្ធនឹងពុទ្ធចក្រនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេច ជា ស៊ីម និង សម្តេច ហេង សំរិន ជាអ្នកបួសម្នាក់ ចំណែកសម្តេចជាក្មេងវត្ត។ ដោយឡែកបច្ចុប្បន្នទីវត្តអារាម នៅរាជធានីភ្នំពេញមួយចំនួន ត្រូវបានក្លាយទៅជាទីជម្រកសម្រាករបស់សិស្សិ និស្សិត ដើម្បីបន្តការសិក្សា​។

* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងអំពីវិបត្តិអាចារ្យពិតជាមាន ព្រោះកើតឡើងចំពោះសម្តេច នាពេលបញ្ចុះសីមានាពេលកន្លងមកទៅ។

* ថ្លែងចេញពីខេត្តកំពង់ចាម សម្តេចតេជោ សូមថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋ ទាំងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលបានចូលរួមជាមួយសកម្មភាពដ៏មមាញឹក ក្នុងការដោះស្រាយទឹកជូនប្រជាពលរដ្ឋ ដោយសាររលកកំដៅខ្លាំង និងចូលរួមយុទ្ធនាការដោះស្រាយប្រជាពលរដ្ឋ។ ត្រូវតែធ្វើយុទ្ធនាការជាបន្ទាន់ ភ្លៀង ខ្យល់កន្ត្រាក់ ស្លាប់សត្វគោក្របី យើងត្រូវបន្តសកម្មភាពបន្តទៀត ទាំងចែកចាយទឹកជូនប្រជាពលរដ្ឋ ទាំងការបូមទឹកផ្តល់ជូនប្រជាពលរដ្ឋ ក៏ត្រូវធ្វើជាមួយគ្នានូវការជីកអណ្តូងទឹកឲ្យជ្រៅជាងទៀត បូករួមទាំងជីកអណ្តូងថ្មី ស្រះថ្មីផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្តេចមិនហ៊ានអំពាវនាវដល់បក្សនយោបាយទៀតនោះទេ, ព្រោះមិនទាន់ឃើញមានបក្ស នយោបាយណាមួយ ចូលរួមជាមួយសកម្មភាពចែកទឹកជូនប្រជាពលរដ្ឋ ទោះបីផ្តល់កម្លាំងចិត្តក៏គ្មានដែរ សម្តេចមានតែអំពាវនាវដល់ បក្សកាន់អំណាច បន្តការងារជួយសង្គ្រោះប្រជាពលរដ្ឋ រហូតដល់មានទឹកគ្រប់គ្រាន់។

* សម្តេចតេជោ ហ៊ុន សែន ប្រកាសសារជាថ្មី ដើម្បីកុំឲ្យយល់ច្រឡំអំពីតម្លៃការប្រើប្រាស់អគ្គិសនីគឺ ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៧ ប្រជាពលរដ្ឋ ដែលប្រើប្រាស់ភ្លើង ភ្ជាប់ជាមួយបណ្តាញជាតិទាំងអស់នៅទូទាំងប្រទេស ប្រើប្រាស់ក្រោម៥០គីឡូវ៉ាត់ម៉ោងតម្លៃតែ ៦១០រៀលប៉ុណ្ណោះ គឺនៅសល់១១ខែទៀត បានដល់គឺចាប់ផ្តើមនៅឆ្នាំ២០១៧ មិនមែនឆ្នាំ២០១៦នេះទេ។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ថ្លែងសុន្ទរកថា នៅវេលាម៉ោង៩៖០០នាទីព្រឹកថ្ងៃដដែលនេះ៕