(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការី បានអញ្ជើញចុះសួរសុខទុក្ខបងប្អូនអាជីវករលក់ដូរក្នុងផ្សារសេរីស្ទោង ក្នុងភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ដែលកំពុងប្រកបអាជីវកម្មផ្សេងៗក្នុងផ្សារ។

លោកអភិបាលស្រុកស្ទោង បានលើកទឹកចិត្តដល់បងប្អូនអជីវករប្រកបការលក់ដូរ និងបានកោតសរសើរការយកចិត្តទុកដាក់លើការប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩គ្រប់ៗគ្នា។

លោកអភិបាលស្រុកស្ទោង ក៏បានណែនាំសារជាថ្មីទៀតដល់អាជីវករទាំងអស់ត្រូវដាក់តាំង ឬលក់ដូរនៅលើទីតាំង និងទីកន្លែងដែលអាជ្ញាធរបានកំណត់ ដែលបានវាស់វែងជូនដើម្បីរក្សានូវរបៀបរៀបរយមានសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងមានអនាម័យបរិស្ថានល្អក្នុងបរិវេណផ្សារសេរីស្ទោងទាំងមូល។

ជាចុងក្រោយ លោកលោកអភិបាលស្រុកស្ទោង បានបន្ថែមថា ដើម្បីឲ្យកិច្ចការនេះប្រព្រឹត្តទៅបានល្អប្រសើរ គឺត្រូវមានការចូលរួមប្រកបដោយស្មារតីទទួលខុសត្រូវរបស់បងប្អូនអាជីវករ អាជ្ញាធរមូលដ្ឋាន សាធារណជន និងគ្រប់អ្នកពាក់ព័ន្ធផងដែរ។ ពិសេសលើសនេះទៀត សូមកុំលក់ដូរលើលូរបង្ហូរទឹក និងដាក់កាកសំណល់ ឬសំរាមចូលក្នុងលូដែលបង្ករឲ្យមានការកកស្ទះលូធ្វើឱ្យមានក្លិនមិនល្អផងដែរ។

គួរបញ្ជាក់ថា ក្នុងឱកាសនេះដែរ លោកអភិបាលស្រុកស្ទោង ក៏បានប្រគល់លិខិតថ្លែងអំណរគុណមួយចំនួនដល់បងប្អូនអាជីវករ ដែលបានជួយឧបត្ថម្ភអំពូលសូឡាដល់រដ្ឋបាលស្រុកស្ទោង សម្រាប់ដាក់នៅសង្ខាងផ្លូវក្នុងទីប្រជុំជនស្រុកដែលក្នុងមួយដើមមានតម្លៃ១៣០ដុល្លារ៕