(ព្រះវិហារ)៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងក្រុមការងារប្រចាំការនៅឧទ្យានតេជោសែនឫស្សីត្រឹប នៅឃុំឆែប ស្រុកឆែប ខេត្តព្រះវិហារ បានទទួលស្វាគមន៍អ្នកបច្ចេកទេសជនជាតិអូស្រ្តាលី និង ជនជាតិឡាវ ដែលបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅកសិដ្ឋានគោទឹកដោះ និងកសិដ្ឋានចិញ្ចឹមក្របី នៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹប នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២។

សូមបញ្ជាក់ថា ទស្សនកិច្ចរបស់អ្នកបច្ចេកទេសអូស្ត្រាលី និងឡាវ ដែលអញ្ជើទៅទស្សនាឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹបនាពេលនេះ គឺមានគោលបំណងដើម្បីសិក្សាស្វែងយល់ពីការចិញ្ចឹមគោ ក្របី និងការងារអភិរក្សរបស់រាជបណ្ឌិត្យសភាកម្ពុជា ដែលជាស្ថាប័នសិក្សាស្រាវជ្រាវសំខាន់មួយនៅក្នុងប្រទេសកម្ពុជា។ បន្ទាប់ពីទៅទស្សនកិច្ចដោយផ្ទាល់នៅក្នុងឧទ្យានរួចហើយ ក្រុមអ្នកបច្ចេកទេសនឹងធ្វើការសហការ ក្នុងការផលិតទឹកដោះក្របីនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹប។

តាមការបញ្ជាក់របស់អ្នកជំនាញ ទឹកដោះក្របី គឺជាអាហារសំណង់មួយយ៉ាងសំខាន់សម្រាប់ការលូតលាស់កុមារ។ នាពេលកន្លងមក លោកបណ្ឌិតភាចារ្យ សុខ ទូច តែងតែបានជូននូវទឹកដោះគោ ដែលជាផលិតផលរបស់ឧទ្យាន រាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹប ជូនទៅកុមារកំព្រា និងកុមារនៅទីជនបទដើម្បីឱ្យពួកគេបានសាកនូវរសជាតិដែលជាស្នាដៃរបស់កូនខ្មែរ។

រាជបណ្ឌិត្យសភាកម្ពុជា តែងតែអនុវត្តការងារដែលស្របទៅនឹងចក្ខុវិស័យរបស់ខ្លួន គឺ «ទ្រឹស្តីផ្សាភ្ជាប់នឹងការអនុវត្ត ចងភ្ជាប់ដោយលទ្ធផល និងត្រូវមានក្រមសីលធម៌វិជ្ជាជីវៈ»