(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី១៦ ខែមីនា ឆ្នាំ២០២២ លោក ឡេង ប៊ុនតេង ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាជាតិ នៃកម្ពុជា និងលោក ថេង សុថុល អភិបាលខណ្ឌចំការមន បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ចុះសំណេះសំណាល និងព្យាបាលជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋតាមខ្នងផ្ទះដោយឥតគិតថ្លៃ ព្រមទាំងបាននាំយកអំណោយដូចជា ថ្នាំពេទ្យ អង្ករ មី ត្រីខ និងសម្ភារមួយចំនួនទៀតជូនពួកគាត់ ផងដែរ។

លោក ឡេង ប៊ុនតេង បានណែនាំឱ្យប្រជាពលរដ្ឋ យកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អប្រសើរ តាមរយៈការបន្តអនុវត្តវិធានការ «៣កុំ និង៣ការពារ ហើយនឹង២ចូលរួម» ដោយការធ្វើអនាម័យជាប់ជានិច្ច ក្នុងការរស់នៅស្អាត ហូបស្អាត ដើម្បីចៀសផុតពីជំងឺដង្កាត់ផ្សេងៗ។

លោកក៏ជំរុញឱ្យប្រជាពលរដ្ឋ ដែលមិនទាន់បានចាក់វ៉ាក់សាំងដូសទី៣ និងដូសទី៤ សូមអញ្ជើញទៅចាក់នៅតាមទីតាំងដែលសង្កាត់-ខណ្ឌ និងរដ្ឋបាលរាជធានីកំណត់ និងនៅមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក តាមខណ្ឌនីមួយៗ និងសូមនាំកូនៗ ដែលមានអាយុចាប់ពី៣ឆ្នាំ ដល់៥ឆ្នាំ ទៅចាក់វ៉ាកសាំងតាមកាលបរិច្ឆេទ ឱ្យបានគ្រប់ៗគ្នា ដើម្បីចូលរួមបង្កាទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ពិសេសមេរោគបំប្លែងថ្មី «អូមីក្រុង» តាមការណែនាំរបស់ក្រសួង សុខាភិបាល ក្រោមការដឹកនាំប្រកបដោយព្រហ្មវិហារធម៌ និងគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕