(ភ្នំពេញ)៖ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្តកណ្ដាល លោក តាំង សុខឃី និងលោកស្រី បានបន្តឧបត្ថម្ភនូវថវិកា និងសម្ភារៈផ្សេងៗមួយចំនួនទៀត ដល់ជនមានពិការភាព និងកាយសម្បទា ដល់សមាគមតន្រ្តីសំនៀងជនពិការ ក្នុងឱកាសដែលជនមានពិការភាពភ្នែក និងកាយសម្បទា បានចូលរួមក្នុងវគ្គបណ្ដុះបណ្ដាល ជំនាញពិធីករ-ពិធីការិនី ដែលបានរៀបចំឡើងដោយក្រសួងព័ត៌មាន។

ដោយមានការយកចិត្តទុកដាក់ពីសំណាក់ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដល់ជនដែលមានពិការភាព ដើម្បីបណ្តុះបណា្តលឲ្យទទួលបានចំណេះដឹង និងជំនាញឲ្យក្លាយទៅជាពិធីករ-ពិធីការិនី លោកបានចាត់ថ្នាក់ដឹកនាំជំនាញចំនួន ០៥រូប ចុះបើកវគ្គបណ្តុះបណ្តាល ដល់ជនមានពិការភាពភ្នែក និងពិការកាយសម្បទា ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ នៅសមាគមតន្ត្រីសំនៀងជនពិការ។

ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ក្រោមអធិបតីភាពលោក ឃឹម វុទ្ធី អគ្គនាយកនៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ជាតិកម្ពុជា និងមានការចូលរួមជាពីសំណាក់លោកស្រី ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី ព្រមទាំង លោក តាំង សុខឃី ជាសប្បុរសជនដែលតែងតែចូលរួមចំណែក ជួយទ្រទ្រង់ដល់ជីវភាពរស់នៅ របស់សមាគមតន្រ្តីសំនផងជនពិការនេះ អស់រយៈពេល០៩ ឆ្នាំហើយ រហូតមកដល់ពេលនេះ។

ជាក់ស្តែង នៅថ្ងៃបើកវគ្គបណ្តុះបណ្តាលផ្នែកពិធីករ-ពិធីការិនី ដល់ជនមានពិការភាព នៅក្នុងសមាគមតន្ត្រីសំនៀងជនពិការ ដែលគាំទ្រដោយក្រសួងព័ត៌មាន លោក តាំង សុខឃី បានចូលរួមជួយឧបត្ថម្ភ ដល់ដំណើរនៃវគ្គបណ្តុះបណ្តាល ចំនួនប្រាំថ្ងៃខាងលើនេះ ជាថវិកាចំនួន ១,០០០,០០០៛ (មួយលានរៀល) និងផ្តល់ជូនគ្រូបង្គោលចំនួន ០៥នាក់ ដែលបានមកបង្រៀនក្នុងវគ្គ បណ្តុះបណ្តាលនេះ ដល់ក្មួយៗ ក្នុងម្នាក់ៗទទួលបាន ១០០ដុល្លា (មួយរយដុល្លា) និងបានផ្តល់ជូន ៥០០ដុល្លា (ប្រាំរយដុល្លា) ទៀត សម្រាប់ចូលរួមជួសជុលផ្ទះបាយ ឲ្យបានសមរម្យសម្រាប់ក្មួយៗ ដែលមានពិការភាព នៅក្នុងសមាគមតន្ត្រីសំនៀងជនពិកានេះថែមទៀត ។

សរុបទឹកប្រាក់ដែលលោក តាំង សុខឃី បានចូលរួមខាងលើមាន ប្រាក់រៀលចំនួន ១លានរៀល និងប្រាក់ដុល្លារចំនួន ១ពាន់ដុល្លារ។

លោក ចាប តូ ប្រធានសមាគមតន្រ្តីសំនៀងជនពិការ បានសម្ដែងនូវក្ដីដឹងគុណ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់លោក តាំង សុខឃី អនុប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្តកណ្ដាល និងលោកស្រី ព្រមទាំងក្រុមគ្រួសារ ដែលតែងតែយកចិត្តទុកដាក់ឧបត្ថម្ភទាំងថវិកា និងសម្ភារៈផ្សេងៗតាំងពីដើមរៀងមក។ ក្នុងនាមរូបលោកជាប្រធាន និងសមាជិកជាជនពិការទាំងអស់ ពិតជាសូមថ្លៃងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅដល់លោក តាំង សុខឃី ដែលនៅតែបន្តគាំទ្រ និងឧបត្ថម្ភជាបន្តបន្ទាប់ ស្ទើរតែគ្រប់កាលៈទេសៈ៕