(ភ្នំពេញ)៖ ក្រសួងព័ត៌មាន បានសម្រេចមិនបន្តអាជ្ញាប័ណ្ណឱ្យអង្គភាពសារព័ត៌មានចំនួន៣អង្គភាព រួមមានអង្គភាពសារព័ត៌មាន Bayongtime (www.bayongtimes.com) អង្គភាពសារព័ត៌មាន KCTV (www.khmercovertv.com) និងអង្គភាពសារព័ត៌មានកម្ពុជារាល់ថ្ងៃ (www.cambodiatoday.news) ក្រោយផ្សព្វផ្សាយព័ត៌មានដែលបំពានលើក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន និងកិច្ចសន្យាអាជីវកម្មដែលសាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន។

បើយោងតាមលិខិតជម្រាបមកប្រធានមន្ទីរព័ត៌មានទាំង២៥ រាជធានី-ខេត្ត ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២នេះ ក្រសួងព័ត៌មាន បានបញ្ជាក់ថា៖ «គណៈកម្មាធិការនីតិកម្ម នៃក្រសួងព័ត៌មាន បានពិនិត្យ និងស្រាវជ្រាវឃើញថា អង្គភាពសារព័ត៌មានចំនួន៣ រួមមាន អង្គភាពសារព័ត៌មាន Bayongtimes (www.bayongtimes.com) អង្គភាពសារព័ត៌មាន KCTV (www.khmercovertv.Com) និងអង្គភាពសារព័ត៌មាន កម្ពុជារាល់ថ្ងៃ (www.cambodiatoday.news) បានធ្វើការផ្សព្វផ្សាយព័ត៌មានដែលបំពានលើក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន និងកិច្ចសន្យាអាជីវកម្មដែលសាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន»

ក្នុងន័យនេះ ក្រសួងព័ត៌មាន បានជម្រាបថាលោក លោកស្រី ប្រធានមន្ទីរព័ត៌មានទាំង២៥ រាជធានី-ខេត្ត មិនត្រូវអនុញ្ញាតឱ្យបន្តអាជ្ញាប័ណ្ណដល់អង្គភាពសារព័ត៌មានទាំងបីខាងលើនេះឡើយ៕