(កំពង់ឆ្នាំង)៖ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំ បានចាត់ឲ្យ លោក ម៉ម ឈឿម អ្នកនាំពាក្យសាលាខេត្ត ដឹកនាំកម្លាំងចម្រុះមួយក្រុម ចុះពិនិត្យស្ថានភាពជាក់ស្ដែងនៅតំបន់កំប៉ូតស្បូវ ស្ថិតក្នុងភូមិអញ្ចាញរូង ឃុំអញ្ចាញរូង ស្រុកបិរបូណ៌ ខេត្តកំពង់ឆ្នាំ នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦នេះ បន្ទាប់ពីគេហទំព័រអាស៊ីសេរីបានចុះផ្សាយនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦ថា​ អ្នកភូមិនៅតំបន់ចុងកាត់មាត់ញកនៃខេត្តកំពង់ឆ្នាំ កំពុងខ្វះខាតទឹកប្រើប្រាស់ធ្ងន់ធ្ងរ។

ជាមួយគ្នានេះ សាលាខេត្តកំពង់ឆ្នាំង សូមធ្វើការបដិសេធទាំងស្រុង​ ចំពោះការចុះផ្សាយរបស់គេហទំព័រអាសីុសេរីថា ប្រជាពលរដ្ឋនៅតំបន់នោះ អត់មានទឹកប្រើប្រាស់យ៉ាងធ្ងន់ធ្ងរ។

យោងតាមលិខិតបដិសេធរបស់សាលាខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦នេះ បានបញ្ជាក់ថា បន្ទាប់ពីក្រុមការងារបានចុះពិនិត្យនៅតំបន់កំប៉ូតស្បួវទើបដឹងថា ប្រជាពលរដ្ឋនៅតំបន់នោះ មានទឹកប្រើប្រាស់គ្រប់គ្រាន់ បន្ទាប់ពីមានភ្លៀង២មេ កាលពីរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦ និងរសៀថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦ មានទឹកដក់នៅក្នុងប្រឡាយ នៅតំបន់នោះផងដែរ៕