(ភ្នំពេញ)៖ នៅវេលាម៉ោងប្រមាណជិត១១យប់ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ AstraZeneca ចំនួន៥២៣,១០០ដូសទៀត ដែលជំនួយរបស់រដ្ឋាភិបាលហុងគ្រី ជូនរាជរដ្ឋាភិបាលកម្ពុជា ត្រូវបានដឹកដល់រាជធានីភ្នំពេញតាមយន្តហោះតួគី (TK 6266 )។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងតំណាងស្ថានទូតហុងគ្រីប្រចាំប្រទេសកម្ពុជា បានអញ្ជើញទទួលវ៉ាក់សាំងនេះដោយផ្ទាល់ នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ។

លោកស្រី យក់ សម្បត្តិ បានបញ្ជាក់ថា សម្រាប់កម្មវិធីប្រគល់ទទួលវ៉ាក់សាំងផ្លូវការ នឹងប្រារព្ធធ្វើឡើងនៅវិមានសន្តិភាព ក្រោមអធិបតីភាពរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ខាងមុខ។

សូមជម្រាបថា គិតត្រឹមយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៤,៧៦៣,៨២៥នាក់៕