(ព្រះសីហនុ)៖ ក្នុងកំលុងពេលបំពេញទស្សនកិច្ច និងចូលសំចតនៅក្នុងប្រទេសកម្ពុជា កម្លាំងស្វ័យការពារជើងទឹកជប៉ុន នៅរសៀលថ្ងៃអង្គារ ទី១៥ ខែមីនា ឆ្នាំ២០២២នេះ បានចែករំលែបទពិសោធន៍ក្នុងការកម្ទេចមីននៅក្នុងទឹក ជូនដល់នាយនាវី នាយនាវីរង ពលនាវិក នៃកងទ័ពជើងទឹករបស់កម្ពុជា។

តាមរយៈកម្មវិធីផ្លាស់ប្តូរបទពិសោធន៍សម្រាប់ប្រតិបត្តិការរក្សាសន្តិភាពនេះ កងកម្លាំងស្វ័យការពារជើងទឹកជប៉ុន បានបង្ហាញនូវការប្រើប្រាស់ឧបករណ៍ទំនើបមានសមត្ថភាពខ្ពស់ក្នុងការរុករកមីននៅក្រោមផ្ទៃទឹក និងបច្ចេកទេសជាច្រើនទៀត ក្នុងការកម្ទេចមីននោះចោល។

នាយនាវី នាយនាវីរង ពលនាវិកកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ចំពោះចំណេះជំនាញថ្មី ដែលផ្តល់ជូនដោយកងកម្លាំងស្វ័យការពារជើងទឹកជប៉ុន។ ពួកគេ ក៏បានសម្តែងនូវការរីករាយ និងពេញចិត្តជាខ្លាំងចំពោះការទទួលបាននូវចំណេះជំនាញថ្មីនេះ ដើម្បីយកទៅបម្រើជាប្រយោជន៍សម្រាប់មនុស្សជាតិ។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែមីនា ឆ្នាំ២០២២នេះ នាវាការពារជើងទឹករបស់ជប៉ុនចំនួនពីរគ្រឿង ជាមួយនាវិក ២០០នាក់ បានចូលចតនៅកំពង់ផែក្នុងខេត្តព្រះសីហនុ ដើម្បីអបអរសាទរខួប៣០ឆ្នាំ នៃការបញ្ជូនកម្លាំងរក្សាសន្តិភាពជប៉ុន មកកាន់ប្រទេសកម្ពុជា។ នាវាការពារជើងទឹករបស់ជប៉ុនទាំងពីរគ្រឿង ចូលសំចតនៅកម្ពុជាចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២។

នាវាស្វ័យការពារជើងទឹកជប៉ុន ដែលចូលមកសំចតនៅកម្ពុជានេះរួមមាន៖ នាវាដែលមានឈ្មោះថា JS URAGA និង JS HIRADO។ នាវា JS URAGA លេខ៤៦៣ ជាប្រភេទនាវាប្រឆាំងមីនមានបណ្ដោយ ១៤១ម៉ែត្រ ទទឹង ២២ម៉ែត្រ ជម្រៅទឹក ៥.៤ម៉ែត្រ មានទម្ងន់ផ្ទុកជិត ៦ពាន់តោន និងមាននាវិកចំនួន ១២៦នាក់ ។

ដោយឡែកនាវា JS HIRADO លេខ៣០៥ មានបណ្ដោយ ៦៧ម៉ែត្រ ទទឹង ១១ម៉ែត្រ ជម្រៅទឹក ២.៧ម៉ែត្រ មានទម្ងន់ផ្ទុក ៦៩០តោន និងមាននាវិកចំនួន ៥៤នាក់។ នាវាទាំងពីរគ្រឿងនេះ ដឹកនាំបញ្ជារួមដោយលោក Noguchi Yasushi មេបញ្ជាការកងពលធំទី១ បោសសំអាតមីន ប្រចាំតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

វរនាវីឯក Nogochi មេបញ្ជាការកងពលធំបោសសម្អាតមីនទី១ នៃកងកម្លាំងស្វ័យការពារជើងទឹកជប៉ុន បានឱ្យដឹងថា ក្នុងឱកាសចូលនៅផែកម្ពុជារយៈពេល៣ថ្ងៃ នឹងមានគម្រោងហ្វឹកហ្វឺនបោសសម្អាតមីន ដែលជាលំហាត់សុច្ឆន្ទៈ ជាមួយកងទ័ពជើងទឹកកម្ពុជា ហើយក៏នឹងចូលជួបសម្តែងការគួរសមជាមួយមេបញ្ជាការមូលដ្ឋានទ័ពជើងទឹករាម ដើម្បីពង្រឹងការយល់ដឹងពីគ្នា និងទំនាក់ទំនងទៅវិញទៅមក ផ្អែកលើទំនុកចិត្តជាមួយកងទ័ពជើងទឹកកម្ពុជា។

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ បានបង្ហាញការជឿជាក់ថា តាមរយៈការបំពេញទស្សនកិច្ចចូលចតនាវាស្វ័យការពារជើងទឹកជប៉ុន នៅកំពង់ផែខេត្តព្រះសីហនុនាពេលនេះ ភាគីជប៉ុន នឹងជំរុញផែនការកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ជប៉ុន កាន់តែសកម្មថែមទៀត ដូចជាការផ្លាស់ប្តូរទស្សនកិច្ចនាយទាហានវ័យក្មេង និងនាយទាហានថ្នាក់ដឹកនាំជាន់ខ្ពស់, បណ្តុះបណ្តាលលើកកម្ពស់សមត្ថភាពជូនដល់កងទ័ពជើងគោកកម្ពុជាលើការងារមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ, ផ្តល់វគ្គសិក្សានាយទាហានសកម្ម បញ្ជាការសេនាធិការវិស្វកម្ម និងសុខាភិបាល។

ប្រមុខការពារជាតិកម្ពុជា ក៏រំពឹងថា កងស្វ័យការពារជើងទឹកជប៉ុន នឹងបង្កើនចំនួននាវាកងទ័ពស្វ័យការពារជើងទឹកចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុកាន់តែច្រើន ដើម្បីហ្វឹកហ្វឺនរួមគ្នាលើកកម្ពស់សមត្ថភាព លើជំនាញជួយសង្គ្រោះគ្រោះមហន្តរាយ ប្រយុទ្ធប្រឆាំងភេរវកម្ម និងវិស័យមនុស្សធម៌។ ជាមួយគ្នានេះ ភាគីជប៉ុន ពិតជានឹងបន្តជួយផ្តល់ឧបករណ៍ សម្ភារៈ មធ្យោបាយ និងធ្វើការហ្វឹកហ្វឺនជំនាញដល់កងរក្សាសន្តិភាពកម្ពុជា ដើម្បីបំពេញបេសកកម្មរបស់អង្គការសហប្រជាជាតិទទួលបានជោគជ័យថ្មីៗបន្ថែមទៀត។

លោកឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្រ បានឱ្យដឹងថា គិតចាប់ពីឆ្នាំ២០០០ រហូតមកដល់ពេលបច្ចុប្បន្ននេះ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានទទួលស្វាគមន៍នាវាស្វ័យការពារជើងទឹកជប៉ុន ចំនួន ១២លើក ស្មើនឹង ២៧គ្រឿង៕