(ភ្នំពេញ)៖ លោក ហង្ស សាមឿន ទីប្រឹក្សាផ្ទាល់សម្តេចតេជោហ៊ុន សែន និងជាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងនាយឧត្តមសេនីយ៍គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអនុញ្ញាតឱ្យលោក ដាមៀន រីហ្គេត អ្នកឯកទេសជាន់ខ្ពស់នៃអង្គការស្បៀង និងកសិកម្ម នៃសហប្រជាជាតិនៅកម្ពុជា ហៅកាត់ថា (FAO) ប្រចាំតំបន់ ដើម្បីពិភាក្សាការងារស្ដីពីវឌ្ឍនភាព នៃពិធីសារអភិក្រមសកម្មភាពមុនពេលគ្រោះរាំងស្ងួតកើតឡើង និងពិភាក្សាលើលទ្ធភាព សម្រាប់ជំហានបន្ទាប់ នៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះ។

ក្នុងជំនួបនោះ លោក ហង្ស សាមឿន បានថ្លែងថា គណៈកម្មាធិកាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលមានសម្តេចតេជោ ហ៊ុនសែន ជាប្រធាន និងទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ បានសម្របសម្រួលជាមួយ ក្រសួងស្ថាប័ន ពាក់ព័ន្ធនានានិងកងកម្លាំងប្រដាប់អាវុធទាំង៣ និងកាកបាទក្រហមកម្ពុជា រួមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ និងជាពិសេសអង្គការដៃគូអភិវឌ្ឍន៍ ក្នុងការពិនិត្យ តាមដានការងារឆ្លើយតបទៅនឹងគ្រោះមហន្តរាយធម្មជាតិ និងមនុស្សបង្ក ក្នុងនោះមានគ្រោះទឹកជំនន់ រាំងស្ងួត ខ្យល់ព្យុះ រន្ទះបាញ់ រលំអគារ។ល។ ក្នុងការពិនិត្យ តាមដាននិងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងបរិបទនៃជំងឺកូវីដ១៩ ជាពិសេសបញ្ហា សន្តិសុខស្បៀង អាហារូបត្ថម្ភ និងសុខុមាលភាពសង្គម។

លោក ដាមៀន រីហ្គេត បានជម្រាបជូនពីគោលបំណងនៃការចូលជួបពិភាក្សារបស់អង្គការ FAO ជាមួយ គ.ជ.គ.ម. គឺដើម្បីធ្វើបច្ចុប្បន្នភាព ស្តីពីវឌ្ឍនភាព នៃពិធីសារអភិក្រមសកម្មភាពមុនពេលគ្រោះរាំងស្ងួតកើតឡើង ដោយអង្គការ FAO ប្រចាំតំបន់ និងពិភាក្សាពីលទ្ធភាព សម្រាប់ជំហានបន្ទាប់នៅកម្ពុជាមានដូចតទៅ

ទី១៖ អង្គការ FAO បានជម្រាបរាយការណ៍ជាសង្ខេប ស្តីពីការប្រែប្រួលនៃទ្រឹស្តីគ្រោះរាំងស្ងួត [Drought Theory of Change (ToC) ដែលបានប្រើប្រាស់ដោយអង្គការ FAO នៅក្នុងខេត្តចំនួន៤៖ បន្ទាយមានជ័យ, បាត់ដំបង, ពោធិ៍សាត់, និងព្រៃវែង។

ទី២៖ ផ្អែកលើការប្រែប្រួលនៃទ្រឹស្តីគ្រោះរាំងស្ងួត ដែលបានបង្ហាញជូនអំពីលទ្ធភាព នៃអភិក្រមសកម្មភាព មុនពេលគ្រោះរាំងស្ងួតកើតឡើង។

ទី៣៖ សេចក្តីសង្ខេបអំពីលទ្ធភាពនៃយន្តការមុនពេលគ្រោះទឹកជំនន់កើតឡើង ដោយមានការចូលរួមពី គ.ជ.គ.ម., ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ និងនេសាទ, ក្រសួងធនធានទឹក និងឧតុនិយម។

និងទី៤៖ ពិភាក្សាអំពីលទ្ធភាពចំពោះជំហានបន្ទាប់ លើ៣ចំណុច៖ ការព្យាករណ៍, អភិក្រមសកម្មភាពមុនពេល គ្រោះអាសន្នកើតឡើង, ថវិកាសម្រាប់អនុវត្តគម្រោង។

ក្នុងនាមនាយឧត្តមសេនីយ៍ ទេសរដ្ឋមន្រ្តី គន់ គីម, លោក ហង្ស សាមឿន បានលើកឡើងថា អគ្គលេខាធិការដ្ឋាន (គ.ជ.គ.ម) មានការទទួលខុសត្រូវតាមជំនាញនីមួយៗច្បាស់លាស់ ដើម្បីគាំទ្រដល់ការបង្កើនសមត្ថភាពដល់មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្នាក់ក្រោមជាតិ និងកិច្ចសហការជាមួយអគ្គលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ នៃក្រសួងស្ថាប័នពាក់ព័ន្ធនានា និងលើក កម្ពស់ភាពជាដៃគូ និងសហការផងដែលលើវិស័យឯកជន និងផ្នែកសាធារណៈសម្រាប់ការ ស្រាវជ្រាវ អភិវឌ្ឍន៍ និងការអនុវត្តវិទ្យាសាស្ត្របច្ចេកទេស សម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ៕