(កែប)៖ អភិបាលខេត្តកែបលោក សោម ពិសិដ្ឋ បានក្រើនរំលឹកដល់បងប្អូនមន្ត្រីរាជការ ជានារី ត្រូវខិតខំប្រឹងប្រែង បង្កើនសមត្ថភាពផ្ទាល់ខ្លួន ដើម្បីបន្តវេនក្លាយជាថ្នាក់ដឹកនាំស្ថាប័ន ប្រកបដោយ គុណភាព ប្រសិទ្ធភាព សាកសមនឹងពាក្យស្ត្រី ជាឆ្លឹងខ្នង ក្នុងការអភិវឌ្ឍប្រទេសជាតិយើង។

ការក្រើនរំលឹកបែបនេះ ខណ:លោក សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សោម ពិសិដ្ឋ និងលោកស្រី ស ម៉ាលីដា អញ្ជើញចូលរួមប្រារព្ធពិធីខួបលើកទី១១១ ទិវាអន្តរជាតិ នារី៨មីនា ឆ្នាំ២០២២ ក្រោមប្រធានបទ «សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត» នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២។ ពិធីនេះ ក៏មានការចូលរួមពីសំណាក់ ស្ថាប័នសាលាដំបូងខេត្ត អាយ្យកាអមសាលាដំបូងខេត្តកែប លោក-លោកស្រីសមាជិកសមាជិកា ក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការ កងកម្លាំង អាជ្ញាធរ និងអ្នកពាក់ព័ន្ធជាច្រើនរូប។

ទន្ទឹមនោះដែរលោក សោម ពិសិដ្ឋ ក៏បានអានសារលិខិតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសអបអរសាទរខួបលើកទី១១១ នៃទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២២ ក្រោមប្រធានបទ «សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត» ដែលមានខ្លឹមសារអំពាវនាវឲ្យមន្ទីរ អង្គភាពតាមបណ្តាខេត្ត បន្តពង្រឹងសមភាពយេនឌ័រជាកិច្ចការអាទិភាព និងកាន់តែចាំបាច់ ដើម្បីអោយស្រ្តី និងក្មេងស្រីគ្រប់រូប កាន់តែទទួលបាននូវកាលានុវត្តនភាពពេញលេញ និងប្រកបដោយសមភាពនៅក្នុងគ្រប់ទិដ្ឋភាព ទាំងក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ច ដែលជាវិធានអាទិភាពដើម្បីសម្រេចតាមចក្ខុវិស័យដែលរាជរដ្ឋាភិបាល បានដាក់ចេញដូចខាងក្រោម៖

*ទី១៖ នៅក្នុងការកសាងសំណាញ់សុវត្ថិភាពសង្គមនិងមូលដ្ឋានសង្គម សេដ្ឋកិច្ច ដែលរឹងមាំនាពេលអនាគត
*ទី២៖ ជំរុញការអនុវត្តវិធានការគោលនយោបាយគាំទ្រដល់សហគ្រិន និងអាជីវករជាស្រ្តី និងយុវជន ជាពិសេសនៅក្នុងការស្ដារអាជិវកម្ម និងមុខរបរពីវិបត្តិកូវីដ១៩ អភិឌ្ឍន៍ភាពធន់ដើម្បីវិវត្តន៍ខ្លួនទៅក្នុងយុគសម័យឌីជីថល និងឆ្លើយតបនឹងបដិវត្តន៍ឧស្សហកម្មទី៤
*ទី៣៖ ដោះស្រាយគម្លាតយេនឌ័រ ក្នុងវិស័យឌីជីថល ពិសេសបង្កើនការចូលរួម របស់ស្រី្ត និងក្មេងស្រី នៅក្នុងវិស័យឌីជីថល
*ទី៤៖ លើកកំពស់តួនាទីស្រ្តី នៅក្នុងសកម្មភាពសេដ្ឋកិច្ចបៃតង កសិឧស្សាហកម្មបៃតង និងអេកូទេសចរណ៍ ដើម្បីចូលរួមលើកកំពស់សេដ្ឋកិច្ចគ្រួសារ
*ទី៥៖ លើកកំពស់ការទទួលស្គាល់តម្លៃការងារ ក្នុងផ្ទះ និងថែទាំសមាជិកគ្រួសារ និងកំណត់មធ្យោបាយ ដើម្បីកាត់បន្ថយបន្ទុកលើការងាររបស់ស្រ្តី និងក្មេងស្រី
*ទី៦៖ បន្តលើកកំពស់សីលធម៌សង្គម តម្លៃស្រ្តី និងសុខដុមរមនានៅក្នុងគ្រួសារ តាមរយៈការជំរុញ ការអនុវត្តផែនការសកម្មភាពជាតិ ស្តីពីការទប់ស្កាត់អំពើហឹង្សាលើស្ត្រីនិងកុមារ។

ក្នុងឱកាសនោះ លោកអភិបាលរងខេត្តកែប ក៏បានអានព្រះរាជសារសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសអបអរសាទរខួបលើកទី១១១ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២២។

លោកស្រី អ៊ូ សុគន្ធី ប្រធានមន្ទីរកិច្ចការនារីខេត្តកែប បានឲ្យដឹងថា ក្នុងឆ្នាំ២០២១ ដើម្បីឆ្លើយតបនឹងវិស័យយុទ្ធសាស្រ្តកិច្ចការពារផ្លូវច្បាប់លើស្រ្តី និងកុមារ មន្ទីរកិច្ចការនារី បានអនុវត្តភារកិច្ចរបស់ខ្លួនចូលរួមចំណែកធ្វើឲ្យស្រ្តី និងកុមារ ទទួលបានកិច្ចការពារតាមផ្លូវច្បាប់ដោយស្មើភាព និងធ្វើការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ ការជួញដូរការរំលោភបំពានលើស្រ្តី និងកុមារ។

ក្នុងនោះបានបើកវគ្គបណ្តុះបណ្តាល ស្តីពីការទប់ស្កាត់ការរំលោភបំពាន បានចំនួន ៣លើក មានអ្នកចូលរួម ១០៥នាក់ ស្រី៩០នាក់ ចុះស្រង់ទិន្នន័យអំពើហិង្សាក្នុងគ្រួសារ ចំនួន ៣លើក ការទប់ស្កាត់រំលោភសេពសន្ថវៈ មាន ៤ករណី ធៀបនឹងឆ្នាំ២០២០ មានការកើនឡើង២ករណី៕