(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញនូវការពេញចិត្តយ៉ាងខ្លាំង ចំពោះកិច្ចសហប្រតិបត្តិការដ៏ប្រសើររវាងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា និងជប៉ុន។ សម្តេចតេជោ បានស្នើឱ្យកម្លាំងរក្សាសន្តិភាពប្រទេសទាំងពីរ ជំរុញនូវកិច្ចសហប្រតិបត្តិការនេះ ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។

ការជំរុញរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពេលអនុញ្ញាតឱ្យលោក Nogochi Yasushi មេបញ្ជាការកងពលធំបោសសម្អាតមីនទី១ នៃកងកម្លាំងស្វ័យការពារជើងទឹកជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅល្ងាចថ្ងៃអង្គារ ទី១៥ ខែមីនា ឆ្នាំ២០២២នេះ នៅសណ្ឋាគារសុខាក្នុងខេត្តព្រះសីហនុ។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មានថា នៅក្នុងជំនួបនេះ លោក Nogochi Yasushi បានអរគុណសម្តេចតេជោ ដែលបានផ្តល់នូវកិច្ចសហប្រតិបត្តិការយ៉ាងល្អ ជាមួយជប៉ុន។ ជាពិសេសតាមរយៈដំណើរបំពេញទស្សនកិច្ចរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសជប៉ុននាពេលថ្មីៗនេះ។

លោក Nogochi Yasushi ក៏បានប្តេជ្ញាប្រឹងប្រែងឱ្យអស់ពីសមត្ថភាពធ្វើយ៉ាងណារក្សាឱ្យបាននូវសន្តិភាព និងសន្តិសុខតំបន់ តាមរយៈបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងរីករាយចំពោះនាវាជប៉ុន ដែលបានចូលចតនៅកម្ពុជា។ សម្តេចតេជោ បានគូសរំលេចថា ការចូលចតរបស់នាវាស្វ័យការពារជើងទឹកជប៉ុនទាំងពីរគ្រឿងនេះ គឺចំខួប៣០ឆ្នាំ នៃការបំពេញបេសកកម្មរក្សាសន្តិភាពនៅកម្ពុជា និងជាភាពជោគជ័យនៃកិច្ចសហប្រតិបត្តិការ ក្នុងបេសកកម្មរក្សាសន្តិភាពរវាងកម្ពុជា និងជប៉ុន។

សម្តេចតេជោ បានបង្ហាញការសង្កេតឃើញរបស់សម្តេចថា តួនាទីរបស់ជប៉ុន ក្នុងបេសកកម្មរក្សាសន្តិភាព បានដើរតួនាទីកាន់សំខាន់។ សម្តេចតេជោ ក៏បានរំលឹកដល់បេសកកម្មរក្សាសន្តិភាពរបស់ជប៉ុននៅក្នុងប្រទេសកម្ពុជាកាលពី៣០ឆ្នាំមុន។ សម្តេចតេជោ បានលើកឡើងថា បេសកកម្មនោះ មិនត្រឹមតែជួយរកសន្តិភាពឱ្យកម្ពុជាប៉ុណ្ណោះទេ តែបានរួមចំណែកក្នុងការធ្វើឱ្យមាន ភាពរីកចម្រើននៅកម្ពុជាផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវមោទនភាពចំពោះកិច្ចសហប្រតិបត្តិការនៃកម្លាំងរក្សាសន្តិភាពកម្ពុជា និងជប៉ុន។ សម្តេចតេជោ ក៏បានលើកទឹកចិត្តឱ្យកម្លាំងរក្សាសន្តិភាពនៃប្រទេសទាំងពីរ បន្តកិច្ចសហប្រតិបត្តិការ ដើម្បីធ្វើឱ្យមានសន្តិសុខ សន្តិភាព និងការគោរពច្បាប់នានារបស់អន្តរជាតិ។

បន្ទាប់ពីជំនួបសម្តែងការគួរសម និងពិភាក្សាការងារនោះទៅ សម្តេចតេជោ ហ៊ុន សែន ក៏បានរៀបចំពិធីពិសារភោជនាហារជូនមេបញ្ជាការ និងនាវិកជប៉ុនផងដែរ។

សូមបញ្ជាក់ថា នាវាស្វ័យការពារជើងទឹកជប៉ុនចំនួនពីរគ្រឿង និងនាវិកប្រមាណ ២០០នាក់ បានចូលចតនៅកម្ពុជានាព្រឹកថ្ងៃអង្គារ ទី១៥ ខែមីនា ឆ្នាំ២០២២នេះ ដើម្បីអបអរសាទរខួប៣០ឆ្នាំនៃការបំពេញបេសកកម្មរក្សាសន្តិភាពរបស់ជប៉ុននៅកម្ពុជា។

នាវាស្វ័យការពារជើងទឹកជប៉ុន ដែលចូលមកសំចតនៅកម្ពុជានេះរួមមាន៖ នាវាដែលមានឈ្មោះថា JS URAGA និង JS HIRADO។ នាវា JS URAGA លេខ៤៦៣ ជាប្រភេទនាវាប្រឆាំងមីនមានបណ្ដោយ ១៤១ម៉ែត្រ ទទឹង ២២ម៉ែត្រ ជម្រៅទឹក ៥.៤ម៉ែត្រ មានទម្ងន់ផ្ទុកជិត ៦ពាន់តោន និងមាននាវិកចំនួន ១២៦នាក់ ។

ដោយឡែកនាវា JS HIRADO លេខ៣០៥ មានបណ្ដោយ ៦៧ម៉ែត្រ ទទឹង ១១ម៉ែត្រ ជម្រៅទឹក ២.៧ម៉ែត្រ មានទម្ងន់ផ្ទុក ៦៩០តោន និងមាននាវិកចំនួន ៥៤នាក់។ នាវាទាំងពីរគ្រឿងនេះ ដឹកនាំបញ្ជារួមដោយលោក Noguchi Yasushi មេបញ្ជាការកងពលធំទី១ បោសសំអាតមីន ប្រចាំតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

វត្តមាននាវាស្វ័យការពារជើងទឹកជប៉ុន និងនាវិក នៅកំពង់ផែ ខេត្តព្រះសីហនុ ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីសំណាក់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅនឹងកំពង់ផែ ដោយផ្ទាល់តែម្តង។

ថ្លែងក្នុងពិធីស្វាគមន៍វត្តមាននាវា និងនាវិកស្វ័យការពារជើងទឹកជប៉ុននេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងរំលឹកពីការចូលរួមចំណែកក្នុងបេសកកម្មរក្សាសន្តិភាពនៅកម្ពុជាដោយកងកម្លាំងស្វ័យការពារជប៉ុនកាលពី៣០ឆ្នាំមុន រហូតមានការពលីជីវិតរបស់ពលរដ្ឋជប៉ុនពីរនាក់លើទឹកដីកម្ពុជានាឆ្នាំ១៩៩៣ គឺលោក Atsuhiti Nakata និងលោក Haruyuki Takata ដោយសារការវាយប្រហាររបស់ខ្មែរក្រហម។

សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសរំលេចថា ទោះបីរយៈពេល៣០ឆ្នាំកន្លងផុត កម្ពុជាមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យហើយក្តី ប៉ុន្តែរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជានៅតែចងចាំ និងដឹងគុណជានិច្ចចំពោះការចូលរួមរបស់កងរក្សាសន្តិភាពនៃកងស្វ័យការពារជប៉ុន ដែលបានមកបំពេញបេសកកម្មនៅកម្ពុជាជាលើកដំបូង។

លោក មិកាមិ ម៉ាសាហ៉ីរ៉ូ ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំនៅកម្ពុជា បានថ្លែងវាយតម្លៃ និងកោតសរសើរខ្ពស់ចំពោះកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដើម្បីរកបាននូវសុខសន្តិភាព និងការអភិវឌ្ឍនាពេលបច្ចុប្បន្នដោយឆ្លងកាត់អតីតកាលប្រកបដោយសោកនាដកម្ម និងផ្លូវដ៏សែនលំបាក។

វរនាវីឯក Nogochi មេបញ្ជាការកងពលធំបោសសម្អាតមីនទី១ នៃកងកម្លាំងស្វ័យការពារជើងទឹកជប៉ុន បានឱ្យដឹងថា ក្នុងឱកាសចូលនៅផែកម្ពុជារយៈពេល៣ថ្ងៃ នឹងមានគម្រោងហ្វឹកហ្វឺនបោសសម្អាតមីន ដែលជាលំហាត់សុច្ឆន្ទៈ ជាមួយកងទ័ពជើងទឹកកម្ពុជា ហើយក៏នឹងចូលជួបសម្តែងការគួរសមជាមួយមេបញ្ជាការមូលដ្ឋានទ័ពជើងទឹករាម ដើម្បីពង្រឹងការយល់ដឹងពីគ្នា និងទំនាក់ទំនងទៅវិញទៅមក ផ្អែកលើទំនុកចិត្តជាមួយកងទ័ពជើងទឹកកម្ពុជា។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបង្ហាញការជឿជាក់ថា តាមរយៈការបំពេញទស្សនកិច្ចចូលចតនាវាស្វ័យការពារជើងទឹកជប៉ុន នៅកំពង់ផែខេត្តព្រះសីហនុនាពេលនេះ ភាគីជប៉ុន នឹងជំរុញផែនការកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ជប៉ុន កាន់តែសកម្មថែមទៀត ដូចជាការផ្លាស់ប្តូរទស្សនកិច្ចនាយទាហានវ័យក្មេង និងនាយទាហានថ្នាក់ដឹកនាំជាន់ខ្ពស់, បណ្តុះបណ្តាលលើកកម្ពស់សមត្ថភាពជូនដល់កងទ័ពជើងគោកកម្ពុជាលើការងារមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ, ផ្តល់វគ្គសិក្សានាយទាហានសកម្ម បញ្ជាការសេនាធិការវិស្វកម្ម និងសុខាភិបាល។

ប្រមុខការពារជាតិកម្ពុជា ក៏រំពឹងថា កងស្វ័យការពារជើងទឹកជប៉ុន នឹងបង្កើនចំនួននាវាកងទ័ពស្វ័យការពារជើងទឹកចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុកាន់តែច្រើន ដើម្បីហ្វឹកហ្វឺនរួមគ្នាលើកកម្ពស់សមត្ថភាព លើជំនាញជួយសង្គ្រោះគ្រោះមហន្តរាយ ប្រយុទ្ធប្រឆាំងភេរវកម្ម និងវិស័យមនុស្សធម៌។ ជាមួយគ្នានេះ ភាគីជប៉ុន ពិតជានឹងបន្តជួយផ្តល់ឧបករណ៍ សម្ភារៈ មធ្យោបាយ និងធ្វើការហ្វឹកហ្វឺនជំនាញដល់កងរក្សាសន្តិភាពកម្ពុជា ដើម្បីបំពេញបេសកកម្មរបស់អង្គការសហប្រជាជាតិទទួលបានជោគជ័យថ្មីៗបន្ថែមទៀត។

លោកឯកអគ្គរដ្ឋទូតជប៉ុន បានបង្ហាញការជឿជាក់របស់ខ្លួនថា ការចូលចតនៃនាវាស្វ័យការពាររបស់ជប៉ុននាពេល ជាកិច្ចសហប្រតិបត្តិការមួយដ៏សំខាន់ ដែលនឹងរួមចំណែកសម្រេចបាននូវ «នយោបាយឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហ»

លោកឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្រ បានឱ្យដឹងថា គិតចាប់ពីឆ្នាំ២០០០ រហូតមកដល់ពេលបច្ចុប្បន្ននេះ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានទទួលស្វាគមន៍នាវាស្វ័យការពារជើងទឹកជប៉ុន ចំនួន ១២លើក ស្មើនឹង ២៧គ្រឿង៕