(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រី យឹម ឆៃលី ឧបនាយករដ្ឋមន្ដ្រី ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានណែនាំដល់ក្រសួងអភិវឌ្ឍន៍ជនបទ ឲ្យបន្តពង្រីក និងពង្រឹងការអនុវត្តផែនការ យុទ្ធសាស្រ្តអភិវឌ្ឍន៍ជនបទ ឆ្នាំ២០១៩-២០២៣។

ការណែនាំបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឧបនាយករដ្ឋមន្ដ្រី យឹម ឆៃលី តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា អញ្ជើញជាអធិបតីភាព បិទសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅការងារ ឆ្នាំ២០២២ របស់ក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២។

ក្នុងសន្និបាតនេះ ឧបនាយករដ្ឋមន្ដ្រី យឹម ឆៃលី បានណែនាំក្រសួងអភិវឌ្ឍន៍ជនបទ ឲ្យសូមបន្តពង្រីក និងពង្រឹងការអនុវត្តផែនការ យុទ្ធសាស្រ្តអភិវឌ្ឍន៍ជនបទឆ្នាំ២០១៩-២០២៣ របស់ខ្លួន ដោយផ្តោតទៅលើកម្មវិធី ជាយុទ្ធសាស្រ្តសំខាន់ៗចំនួន ៤ រួមមាន៖

១៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍
២៖ ការកែលម្អលក្ខខណ្ឌ នៃការរស់នៅរបស់សហគមន៍ជនបទ
៣៖ ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ
និង៤៖ ការពង្រឹងស្ថាប័ន អភិវឌ្ឍន៍សមត្ថភាព និងធនធានមនុស្ស។

ឧបនាយករដ្ឋមន្ដ្រី យឹម ឆៃលី បានគូសបញ្ជាក់ថា កម្មវិធីទាំងនេះ ត្រូវបន្តអនុវត្តឲ្យគ្រប់ជ្រុងជ្រោយ និងមានវិសាលភាព គ្របដណ្តប់ទូទាំងប្រទេស ដើម្បីចូលរួមចំណែកជាមួយ នឹងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល។

បន្ថែមពីនោះទៀត ឧបនាយករដ្ឋមន្ដ្រី យឹម ឆៃលី ក៏ប្រាប់ក្រសួង ត្រូវបន្តខិតខំសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍ការងារស្ថាបនា ជួសជុល និងកែលម្អផ្លូវជនបទ តាមរយៈបច្ចេកវិទ្យាថ្មីៗ ឆ្លើយតបទៅនឹងការថយចុះវត្ថុធាតុដើម ដូចជាក្រួសក្រហម ខ្សាច់ភ្នំ -ល-។

ជាមួយគ្នានេះ ត្រូវបន្តពង្រឹងការប្រើប្រាស់ផ្លូវជនបទ ឲ្យកាន់តែមានប្រសិទ្ធភាព ធានាគុណភាព តាមរយៈការថែទាំ និងជួលជុល ជាពិសេសខិតខំទប់ស្កាត់ និងបង្ក្រាបការដឹកជញ្ជូនលើសទម្ងន់លើផ្លូវជនបទ។ នេះបើតាមការបញ្ជាក់បន្ថែម របស់ឧបនាយករដ្ឋមន្ដ្រី យឹម ឆៃលី។

លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានឲ្យដឹងថា ទោះបីជាជួបប្រឈម ក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដក៏ដោយ ក៏ការងារជួសជុល ស្ដារ ថែទាំ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធជនបទ នៅតែសម្រេចបានសមិទ្ធផលគួរជាទីមោទនៈ។

លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន តាមការវាយតម្លៃគិតដល់ដំណាច់ឆ្នាំ២០២១នេះ ប្រជាជនជនបទប្រមាណ៨០% ទទួលបានទឹកស្អាតប្រើប្រាស់។ អត្រានៃការទទួលបានអនាម័យ បានកើនឡើងពី៧០.៩% នៅឆ្នាំ២០១៧ ដល់៧៤.២% នៅឆ្នាំ២០១៩៕