(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជានាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្ដីថ្លែងការណ៍ស្ដីពី វិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ ដោយបានបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបាននិងកំពុងធ្វើការដោយមិនចេះនឿយហត់ ក្នុងការដោះស្រាយវិវាទការងារ រវាងក្រុមហ៊ុន ណាហ្គាវើលដ៍ និងកម្មករនិយោជិតរបស់ក្រុមហ៊ុននេះ។ នេះបើតាមសេចក្តីថ្លែងការណ៍ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះ។

តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន រាជរដ្ឋាភិបាល បានលើកឡើងថា «ក្រុមហ៊ុន ណាហ្គាវើលដ៍ ត្រូវបានបង្ខំឱ្យកាត់បន្ថយបុគ្គលិករបស់ខ្លួន ដោយសារតែរងផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរពីជំងឺកូវីដ១៩ មកលើឧស្សាហកម្ម ទេសចរណ៍របស់កម្ពុជា។ ក្រសួងបានផ្តល់ការលើកទឹកចិត្ត ផ្នែកហិរញ្ញវត្ថុដល់បុគ្គលិកដែលបានប៉ះពាល់ដោយសារការកាត់បន្ថយបុគ្គលិកនេះ ហើយបានបន្តធានាថា ផលប្រយោជន៍ស្របច្បាប់របស់កម្មករនិយោជិត ដែលត្រូវបានកាត់បន្ថយ ត្រូវបានធានា។ ខណៈដែលក្រសួងគាំទ្រសិទ្ធិស្របច្បាប់ក្នុងការធ្វើកូដកម្ម ក្រសួង និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ មិនអនុញ្ញាតឱ្យបុគ្គលិកដែលមិនពេញចិត្តធ្វើការប្រមូលផ្តុំជាទ្រង់ទ្រាយធំ ក្នុងកាលៈទេសៈនេះឡើយ ដោយសារតម្រូវការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងរក្សាឱ្យប្រជាជនកម្ពុជាទាំងអស់មានសុវត្ថិភាព»

សេចក្តីថ្លែងការណ៍បានបន្តទៀតថា អ្នកដែលនៅតែទទូចធ្វើការប្រមូលផ្ដុំ ដើម្បីបង្ហាញពីការទាមទាររបស់ពួកគេចំពោះក្រុមហ៊ុន ណាហ្គាវើលដ៍ គឺបានបំពាន គោលនយោបាយយ៉ាងតឹងរ៉ឹងរបស់ក្រសួង និងបទបញ្ញត្តិពាក់ព័ន្ធជំងឺកូវីដ-១៩ នឹងត្រូវបណ្តេញចេញដោយ សន្តិវិធី ហើយប្រឈមនឹងការបាត់បង់ផលប្រយោជន៍របស់ពួកគេ។ ដោយសារតែរងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ មកលើវិស័យទេសចរណ៍ ក្រុមហ៊ុន ណាហ្គាវើលដ៍ បានកាត់បន្ថយបុគ្គលិកចំនួន ប្រហែល ២៥% មកនៅត្រឹមជាង ៦០០០នាក់។ បុគ្គលិកប្រហែល ៤២% នៅជាសមាជិកសហជីព។ កម្មករនិយោជិតចំនួន ៣៧៣នាក់ ដែលជាសមាជិកសហជីព បានជំទាស់នឹងគម្រោងកាត់បន្ថយបុគ្គលិក ហើយកំពុងទាមទារឱ្យក្រុមហ៊ុនទទួលយកខ្លួន និងអតីតបុគ្គលិកផ្សេងទៀតចូលធ្វើការវិញ រួមនឹងការ ទាមទារផ្សេងទៀត។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងប្រឹងប្រែងយ៉ាងខ្លាំងដើម្បីដោះស្រាយវិវាទការងារនេះ រវាងក្រុមហ៊ុន និងកម្មករនិយោជិតរបស់ក្រុមហ៊ុន។

សូមបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី១៤ ខែមីនា សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដោះលែងឲ្យមនុស្ស៨នាក់ ដែលជាអ្នកដឹកនាំបាតុកម្មដោយខុសច្បាប់របស់ក្រុមអតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ ឲ្យនៅក្រៅឃុំជាបណ្ដោះអាសន្ននៅវេលាម៉ោងប្រមាណ៧យប់ថ្ងៃនេះ។

មនុស្សទាំង៨នាក់ដែលត្រូវបានដោះលែងនេះ រួមមាន៖ ទី១៖ ឈ្មោះ ឈឹម ស៉ីថរ, ទី២៖ ឈ្មោះ រី សុវណ្ណឌី, ទី៣៖ ឈ្មោះ ស៊ុន ស្រីពេជ្រ, ទី៤៖ ឈ្មោះ ហៃ សុភាព, ទី៥៖ ឈ្មោះ ឃ្លាំង សុបិន្ដ, ទី៦៖ ឈ្មោះ ទូច សិរីមាស, ទី៧៖ ឈ្មោះ សុខ ណារិទ្ធ និងទី៨៖ ឈ្មោះ ឈឹម សុខន។

មុនមានការដោះលែង អតីតបុគ្គលិកចំនួន៨រូបនេះ បានស្នើសុំទៅក្រសួងការងារ ដើម្បីបាននៅក្រៅឃុំជាបណ្តោះអាសន្ន ធ្វើជាតំណាងដោះស្រាយវិវាទការងារជាមួយក្រុមហ៊ុន NAGA WORLD តាមច្បាប់ ដោយសន្យាថា មិនធ្វើការតវ៉ាដែលធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គមជាតិ។

នៅក្នុងលិខិតដាច់ដោយឡែកចំនួន៨សន្លឹករបស់អតីតបុគ្គលិកក្រុមហ៊ុន Naga World ផ្ញើជូនក្រសួងការងារបានបញ្ជាក់ថា ដើម្បីដោះស្រាយបញ្ចប់បញ្ហាវិវាទជាមួយក្រុមហ៊ុនណាហ្គាលវើលដ៏ ក៏ដូចជាផលប្រយោជន៍ស្របច្បាប់ គ្រប់ភាគី យើងខ្ញុំសូមអំពាវនាវដល់បុគ្គលិក និងអតីតបុគ្គលិករបស់ក្រុមហ៊ុនណាហ្គាលវើលដ៏ទាំងអស់ដូចខាងក្រោម៖

*ទី១៖ ចំពោះបុគ្គលិក និងកម្មករកំពុងធ្វើកូដកម្មមិនទាន់បានចូលធ្វើការវិញ សូមចូលធ្វើការទាំងអស់គ្នា ដើម្បីការពារផលប្រយោជន៍នៅកន្លែងការងារ និងបង្កបរិយាកាសសម្រាប់ដោះស្រាយវិវាទតាមផ្លូវច្បាប់។
*ទី២៖ ចំពោះបុគ្គលិកដែលក្រុមហ៊ុនណាហ្គាវើលដ៏ បញ្ឈប់ពីការងារសូមសម្រាកនៅផ្ទះ ឬរក្សាភាពស្ងប់ស្ងាត់ ដើម្បីបង្កបរិកាសសម្រាប់យើងខ្ញុំចរចារ ជាមួយក្រុមហ៊ុនណាហ្គាលវើលដ៏និងក្រសួងការងារ ដើម្បីស្វែងរកដំណោះស្រាយ និងទូរទាត់សំណងតាមផ្លូវច្បាប់ជូនដល់បងប្អូន។
*ទី៣៖ ចំពោះបុគ្គលិក ដែលបានចូលរួមធ្វើកូដកម្មកន្លងមក សូមឲ្យក្រុមហ៊ុនកុំមានគំនុំគុំគួន ឬដាក់ទោសទណ្ឌ ឬបង្ខំធ្វើកិច្ចសន្យាផ្សេងៗឡើយ៕

ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាល៖