(ភ្នំពេញ)៖ លោក ង្វៀន ហ៊ុយថាំង (H.E. Mr. NGUYEN HUY TANG) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមវៀតណាមថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានសម្ដែងនូវការកោតសរសើរយ៉ាងខ្លាំង ចំពោះការអភិវឌ្ឍរីកចម្រើន របស់រាជធានីភ្នំពេញ ក្នុងរយៈពេល៤ទសវត្សរ៍នេះ ពិសេស២ឆ្នាំចុងក្រោយនេះ កម្ពុជាអាចគ្រប់គ្រងនូវជំងឺកូវីដ-១៩ បានយ៉ាងល្អ រក្សាបាននូវសេដ្ឋកិច្ចជាតិល្អ ប្រជាជនមានជីវភាពល្អប្រសើរ។

ការកោតសរសើរបែបនេះ របស់លោក ង្វៀន ហ៊ុយថាំង បានធ្វើឡើងខណៈដែលលោកបានជួបសម្ដែងការគួរសមជាមួយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៥ ខែមិនា ឆ្នាំ២០២២នេះ នៅសាលារាជធានីភ្នំពេញ។

លោក ង្វៀន ហ៊ុយថាំង ថ្លែងថា រាជធានីភ្នំពេញ ក្នុងរយៈពេល៤ទសវត្សរ៍នេះ ពិតជាមានការអភិវឌ្ឍរីកចម្រើនយ៉ាងខ្លាំង បើប្រៀបធៀបពី ៤០ឆ្នាំមុន គឺដូចមេឃហើយនិងដី។ បន្ថែមពីលើនេះ លោកក៏បានបញ្ជាក់ផងដែរថា ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជា បានជួបនូវជំងឺរាតត្បាតកូវីដ-១៩ ដូចប្រទេសផ្សេងទៀតនៅលើពិភពលោក ប៉ុន្តែក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា កម្ពុជាអាចគ្រប់គ្រងបាននូវជំងឺកូវីដ-១៩នេះយ៉ាងល្អ ជាមួយនឹងការរក្សាបាននូវសេដ្ឋកិច្ចជាតិ និងជីវភាពប្រជាពលរដ្ឋយ៉ាងល្អប្រសើរ។

លោកបន្តថា សម្រាប់រាជធានីភ្នំពេញ គឺការរៀបចំក្រុងបានល្អប្រសើរ ហើយទំនាក់ទំនងរវាងទីក្រុងភ្នំពេញ និងទីក្រុង រវាងប្រទេសនិងប្រទេស កម្ពុជា-វៀតណាម ឃើញថា មានសាមគ្គីភាព មានទំនាក់ទំនងកាន់តែល្អប្រសើរ រឹតមាំនិងខ្លាំងក្លា។

លោកបញ្ជាក់ថា លោកនឹងធ្វើអស់ពីកម្លាំងកាយចិត្ត ដើម្បីរួមចំណែក ធ្វើយ៉ាងណា ឲ្យប្រទេសទាំងពីរ កម្ពុជានិងវៀតណាម មានទំនាក់ទំនង មានសាមគ្គីភាពគ្នា កាន់តែរឹងមាំនៅពេលដែលលោកមកធ្វើជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមវៀតណាមថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជានេះ។

លោកក៏បានសូមឱ្យរាជធានីភ្នំពេញនិងទីក្រុងហូជីមិញ ផ្លាស់ប្ដូរទស្សនកិច្ចគ្នា ឲ្យបានច្រើន ដើម្បីផ្ដល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក ពិសេសគឺការផ្សារភ្ជាប់ បណ្ដុះបណ្ដាលយុវជននៃប្រទេសទាំងពីរ ឲ្យមានទំនាក់ទំនង មានកិច្ចសហប្រតិបត្តិការការងារជាមួយល្អនិងរឹងមាំ។

លោក ឃួង ស្រេង បានលើកឡើងដែរថា ប្រទេសកម្ពុជាក៏ដូចជារាជធានីភ្នំពេញ បានធូរស្រាលដោយកូវីដ-១៩ហើយ ហើយក៏បានបើកប្រទេសឲ្យដំណើរការឡើងវិញហើយដែរ ធ្វើឲ្យមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការធ្វើទំនាក់ទំនង រវាងកម្ពុជានិងវៀតណាម ក្នុងការរឹតចំណងសាមគ្គីភាព ឲ្យកាន់តែមានភាពរឹងមាំថែមទៀត។

លោកបញ្ជាក់ផងដែរថា នៅពេលដែលប្រទេសទាំង២ មានទំនាក់ទំនងសហប្រតិបត្តិការល្អ ការរស់នៅជាមួយគ្នាដោយភាពស្មោះត្រង់ យោគយល់គ្នានោះ ប្រទេសទាំងពីរ នឹងមានសាមគ្គីភាពគ្នាកាន់តែល្អនិងរឹងមាំយូរអង្វែង៕