(ក្រចេះ)៖ កម្លាំងរដ្ឋបាលព្រៃឈើសង្កាត់អូរគ្រៀង សហការជាមួយកម្លាំងអាវុធហត្ថ នៅយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ បានចាប់រថយន្ដម៉ាកហ៉ីយ៉ាន់ដាយ ១គ្រឿង ដឹកឈើបង្កប់កម្ទេចធ្យូងថ្ម នៅភូមិអូរគ្រៀង ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។

យោងតាមរបាយការណ៍សង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀង បញ្ជាក់ឲ្យដឹងថា កម្លាំងចម្រុះចូលរួមបង្រ្កាបរថយន្ដដឹកនោះ រួមមាន កម្លាំងរដ្ឋបាលព្រៃឈើអូរគ្រៀង សហការជាមួយកម្លាំងអាវុធហត្ថស្រុកសំបូរ និងអាវុធហត្ថស្នាក់ការសន្តិសុខ៧១០។ កម្លាំងចម្រុះបានចុះចាប់ឃាត់រថយន្តមួយគ្រឿង ម៉ាក HYUNDAI ក្បាលពណ៌សរ ទ្រុងពណ៌ខៀវសរ ពាក់ស្លាកលេខ ព្រះសីហនុ 3A-6404។

បច្ចប្បន្ន វត្ថុតាងរថយន្តខាងលើ បាននាំយកមកថែរក្សារទុក និងធ្វើការត្រួតពិនិត្យ នៅសង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀង ចំណែកឈើទើបតែបានរើឃើញ តែពុំទាន់បានវាស់វែងនៅឡើយទេ៕