(កណ្តាល)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតី ក្នុងពុធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកណ្តាល ដែលបានដំណើរការអស់រយៈពេល០២ថ្ងៃកន្លងមកនេះ។

អគ្គបណ្ឌិតសភាចារ្យ បានកោតសរសើររដ្ឋបាលខេត្តកណ្ដាល ដែលបានធ្វើការបំពេញ និងសម្រេចបាននូវសមិទ្ធផលនានាជាច្រើនព្រមទាំងជំរុញឲ្យបន្តនូវសកម្មភាពក្នុងការអភិវឌ្ឍនៅតាមមូលដ្ឋាន ត្រូវជាសម្រេចបានផែនការ និងទិសដៅបន្តទៅមុខទៀតឱ្យសម្រេចបានល្អប្រសើរក្នុងទិសដៅក្នុងការអភិវឌ្ឍ ក៏ដូចជា ការធ្វើឱ្យខេត្តកណ្ដាលស្គាល់នូវការរីកចម្រើនជាងមុន។

ស្ថិតក្នុងឱកាសនេះលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានរាយការណ៍អំពីដំណើរការសន្និបាត រយៈពេលពីរថ្ងៃនេះ រដ្ឋបាលខេត្តបានរៀបចំធ្វើបទបង្ហាញរបាយការណ៍សង្ខេប ស្ដីពីលទ្ធផលការងារឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ ផ្សព្វផ្សាយលទ្ធផលអនុវត្តគោលនយោបាយភូមិឃុំសង្កាត់ មានសុវត្ថិភាព សំដៅលើកកម្ពស់គុណភាពប្រសិទ្ធភាពការងាររបស់រដ្ឋបាលខេត្តនិងក្រុងស្រុកឃុំសង្កាត់។

លោកបន្តថា ផ្អែកតាមការសិក្សា អង្គប្រជុំទាំងមូល បានធ្វើការវាយតម្លៃខ្ពស់ ចំពោះការដឹកនាំ ប្រកបដោយគតិបណ្ឌិត និងប៉ិនប្រសព្វរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលរក្សាការពារបាននូវសុខសន្តិភាព និងស្ថេរភាពនយោបាយ ឯករាជ្យ បូរណភាពទឹកដី និងអធិបតេយ្យជាតិ ដាក់ចេញនូវគោលការណ៍ វិធានការនានាបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ក្នុងការគ្រប់គ្រងឆ្លើយតបជំងឺរាតត្បាតកូវីដ១៩ ដើម្បីសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋទូទាំងប្រទេស។

ទន្ទឹមនឹងនេះដែរ លោកអភិបាលខេត្ត ក៏បានជំរុញដល់មន្ត្រីនៅតាមមូលដ្ឋានទាំងអស់ក៏ដូចជា អាជ្ញាធរមានសមត្ថកិច្ចត្រូវបន្តពង្រឹងនូវការអនុវត្តគោលនយោបាយទាំង៧ចំណុច របស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាព ពិសេសគឺបម្រើ សេវាសាធារណៈដល់បងប្អូនប្រជាពលរដ្ឋបានល្អប្រសើរ និងចៀសវាងការធ្វើឲ្យពលរដ្ឋមានការថ្នាំងថ្នាក់ ធ្វើយ៉ាងណាយកចិត្តប្រជាពលរដ្ឋ និងបម្រើពួកគាត់ដោយចេញពីចិត្ត ប្រកបដោយស្នាមញញឹម ព្រោះមន្ត្រី គឺជាអ្នកបម្រើរាស្ត្រមិនមែនជាចៅហ្វាយរបស់អ្នកនោះទេ៕