(តាកែវ)៖ ក្រុមមន្រ្តីជញ្ជីងចល័ត ដែលដឹកនាំដោយ លោក គី សាន់ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយមន្រ្តីមន្ទីសាធារណការខេត្តតាកែវ បានចុះឃាត់រថយន្តដឹកស្រូវចំនួន៥គ្រឿង ដែលដឹកលើសទម្ងន់នៅតាមបណ្ដោយផ្លូវជាតិលេខ២ ស្ថិតនៅក្នុងសង្កាត់រកាក្រៅ ក្រុងដូនកែវ។

បើយោងតាមក្រុមមន្រ្តីជញ្ជីងចល័ត នៅក្នុងប្រតិបត្តិការចុះថ្លឹងរថយន្តដឹកស្រូវទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វាអន្តរជាតិភ្នំដិន នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ ក្រុមមន្រ្តីបានថ្លឹងរថយន្តមួយចំនួន ហើយបានឃាត់រថយន្ត ចំនួន៥គ្រឿង ដោយក្នុងនោះពិន័យរថយន្តដឹកលើសទំងន់មួយគ្រឿង និងឃាត់ទុកមួយឆ្នាំ ចំពោះរថយន្តចំនួន៤គ្រឿង ដែលដឹកលើសទំងន់ច្រើនតោន។

តាមម្ចាស់ឡានដឹកស្រូវខ្លះ ដែលត្រូវបានក្រុមមន្រ្តីជញ្ជីងចល័តចាប់ឃាត់ទុក បានសំដែងការអាក់អន់ចិត្ត ដែលក្រុមមន្រ្តីជញ្ជីងចល័តចុះមកចាប់រថយន្តពួកគេ ដោយអនុវត្តន៍មិនស្មើភាពគ្នា ព្រោះមានរថយន្តមួយចំនួនដឹកលើសទំងន់ តែក្រុមមន្រ្តីមិនបានថ្លឹងនោះទេ ដោយអនុញ្ញាតឲ្យធ្វើដំណើរទៅ ហើយរថយន្តមួយចំនួនទៀត ដែលថ្លឹងហើយមិនមានការដឹកលើសទំងន់ ក៏ត្រូវផ្ដល់ថវិកាបាយទឹក ដល់ក្រុមមន្រ្តីទើបឲ្យទៅផងដែរ។

យោងតាមក្រុមម្ចាស់រថយន្តខាងលើ រថយន្តដឹកស្រូវភាគច្រើននៅក្នុងខេត្តតាកែវ ដឹកលើសទំងន់ដែលច្បាប់កំណត់ ៤៥តោន ក្នុងមួយរថយន្ត ប៉ុន្តែពួកគេបានបង់ថវិកាប្រចាំខែដល់ក្រុមមន្រ្តីជញ្ជីងខេត្ត៕