(ស្ទឹងត្រែង)៖ លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង និងលោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះ បានអញ្ជើញ បើកសន្និបាតបូកសរុបលទ្ធការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត, អភិបាលរងខេត្ត អភិបាលក្រុង ស្រុក កងម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក នាយកទីចាត់ការ អង្គភាពចំណុះសាលាខេត្ត និងការិយាល័យប្រជាពលរដ្ឋ មេឃុំ ចៅសង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ២១២នាក់។

លោក ស្វាយ សំអ៊ាង បានលើកឡើងថា គោលបំណងនៃការរៀបចំសន្និបាតនេះ គឺដើម្បីត្រួតពិនិត្យ និងឆ្លុះបញ្ចាំងនូវវឌ្ឍនៈភាពការងារលើគ្រប់វិស័យរបស់រដ្ឋបាលខេត្ត ដោយរកឱ្យឃើញនូវចំណុចខ្លាំង ខ្សោយ បញ្ហាប្រឈម និងដំណោះស្រាយនានាដែលបានអនុវត្តរយៈពេល១ឆ្នាំកន្លងទៅនេះ ឈានទៅរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ជូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានទូទាំងខេត្ត។

លោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់សមាជិកសមាជិកាអង្គសន្និបាតទាំងអស់ ត្រូវរួមគ្នាពិនិត្យ និងពិភាក្សាផ្លាស់ប្តូរនូវបទពិសោធន៍ និងដោះស្រាយបញ្ហាប្រឈមនានា ជូនប្រជាពលរដ្ឋឱ្យទទួលបានលទ្ធផលល្អ មានតម្លាភាព និងប្រសិទ្ធិភាពខ្ពស់ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤នៃអណត្តិទី៦ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ដើមី្បទាក់ទាញយកនូវការសន្និដ្ឋានមួយប្រកបដោយចក្ខុវិស័យ និងទទួលខុសត្រូវខ្ពស់ និងជាគន្លឹះក្នុងការអនុវត្តន៍សិទ្ធិអំណាចតួនាទីរបស់ស្ថាប័ន អង្គភាពរដ្ឋបាល គ្រប់លំដាប់ថ្នាក់ ត្រូវរៀបចំនូវផែនការយុទ្ធសាស្ត្រថ្មីៗ សម្រាប់អនុវត្តឲ្យបានជោគជ័យនាឆ្នាំខាងមុខ។

លោក ស្វាយ សំអ៊ាង បានបន្តទៀតថា អង្គសន្និបាតនេះនឹងទទួលបាននូវធាតុចូលពីគ្រប់តួអង្គពាក់ព័ន្ធ រដ្ឋបាលខេត្តបានរៀបចំឲ្យមានប្រធានបទពិភាក្សាតាមក្រុម សំខាន់ផ្តោតលើវិធានការទប់ស្កាត់បទល្មើស ការរុករានទន្ទ្រានដីព្រៃខុសច្បាប់ក្នុងតំបន់ការពារធនធានធម្មជាតិ បញ្ហាគ្រឿងញៀន និងអត្ថប្រយោជន៍នៃការចុះបញ្ជីដីធ្លី ព្រមទាំងការផ្ដល់សេវារដ្ឋបាលនៅតាមថ្នាក់ឃុំ សង្កាត់ ដោយផ្ដោតសំខាន់ទៅលើលទ្ធភាពការងារ បញ្ហាប្រឈម ដំណោះស្រាយ សំណូមពរ និងស្ថាប័នទទួលខុសត្រូវ ព្រមទាំងពិភាក្សាបន្ថែម លើចំណុច គន្លឹះសំខាន់ៗ ដើម្បីធានាឲ្យមានប្រសិទ្ធភាពក្នុងការអនុវត្តទទួលបានជោគជ័យផងដែរ។

លោកក៏បានណែនាំដល់រដ្ឋបាលខេត្ត សហការជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធ រដ្ឋបាលក្រុង/ស្រុក ខិតខំប្រឹងប្រែងសហការអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជ រដ្ឋាភិបាលកម្ពុជា និងវិធានការណែនាំរបស់ក្រសួងសុខាភិបាល ចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ទូទាំងខេត្តស្ទឹងត្រែងប្រកបដោយប្រសិទ្ធភាពខ្ពស់។ ចំណែកការងារបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងភូមិសាស្រ្តខេត្ត រដ្ឋបាលខេត្តស្ទឹងត្រែង បានដាក់ចេញនូវវិធានការបន្តបន្ទាប់ ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ស្របតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។

លោក ស្វាយ សំអ៊ាង ក៏បានស្នើដល់អង្គសន្និបាតទាំងមូល ចូលរួមផ្ដល់យោបល់ឱ្យបានផុលផុស ដើម្បីជាធាតុចូលក្នុងការអនុវត្ត ទិសដៅ របស់រដ្ឋបាលខេត្តស្ទឹងត្រែង សម្រាប់ឆ្នាំ២០២២ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ស្របតាមគោលនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា។ អង្គសន្និបាត ទាំងមូលត្រូវផ្ដោតការយកចិត្តទុកដាក់ ក្នុងការចូលរួម ពិនិត្យ ពិភាក្សាលើបញ្ហានានា និងផ្ដល់ជាធាតុចូលទាំងឡាយទៅក្នុងក្រុមពិភាក្សានីមួយៗ ដើម្បីធានាបាននូវ ផែនការ និងវិធានរួមលម្អិតមួយដែលមានភាពប្រាកដ ធានាបាននូវភាពជាម្ចាស់របស់ស្ថាប័ន ព្រមទាំងអាចអនុវត្តបានប្រកបដោយជោគជ័យនាឆ្នាំ២០២២៕