(ភ្នំពេញ)៖ លោក ប៊ូ ថារិន អគ្គនាយកនិយ័តករគណនេយ្យ និងសវនកម្ម បានលើកឡើងថា ការកាន់បញ្ជីគណនេយ្យបានត្រឹមត្រូវ និងការៀបចំរបាយការណ៍ហិរញ្ញវត្ថុស្របតាមស្តង់ដា នឹងជួយលើកកម្ពស់តម្លាភាព នៃរបាយការណ៍ហិរញ្ញវត្ថុ និងសម្រួលដល់សហគ្រាសក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធ។

ការលើកឡើងយ៉ាងដូច្នេះធ្វើឡើងឱកាសដែលលោកអញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពី «មូលដ្ឋានគ្រឹះគណនេយ្យ» ជូនសមាជិករបស់សមាគមអគ្គិសនីជនបទ តាមរយៈប្រព័ន្ធអនឡាញ ដែលរៀបចំឡើងនិយ័តករគណនេយ្យ និងសវនកម្ម សហការជាមួយសមាគមអគ្គិសនីជនបទ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពី លោក ទ្រី ឈុនហេង ប្រធានសមាគមអគ្គិសនីជនបទ ព្រមទាំងថ្នាក់ដឹកនាំ គ្រូឧទ្ទេស មន្រ្តីនៃនិយ័តករគណនេយ្យនិង សវនកម្ម និងសិក្ខាកាម សរុបប្រមាណ៨៤រូប។

លោកអគ្គនាយកបានលើកឡើងថា ច្បាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធនឹងគណនេយ្យ និងសវនកម្ម មិនមែនជាឧបករណ៍គៀបសង្កត់ ឬរារាំងសិទ្ធិរបស់ធុរជន និងវិនិយោគិន ពីសំណាក់រាជរដ្ឋាភិបាលនោះទេ។ ផ្ទុយមកវិញ វានឹងជួយសម្រួលដល់ភាគីទាំងនោះ ដូចជា៖ ជួយលើកកម្ពស់តម្លាភាព និងគណនេយ្យភាព នៃរបាយការណ៍របស់សហគ្រាស និងអង្គភាពមិនស្វែងរកប្រាក់ចំណេញ, ជួយលើកកម្ពស់អភិបាលកិច្ចល្អរបស់សហគ្រាស ហើយវានឹងក្លាយជាមធ្យបាយ ដែលអាចឲ្យសហគ្រាសមានលទ្ធភាព ទទួលបានឥណទានដោយមិនចាំបាច់មានវត្ថុដាក់បញ្ចាំ, ទាក់ទាញវិនិយោគផ្ទាល់ពីបរទេស ជួយជំរុញការរីកចម្រើននៃផ្សារមូលធន លើសពីនេះទៅទៀត។

លោកអគ្គនាយក បានថ្លែងបញ្ជាក់បន្ថែមថា បច្ចុប្បន្ននេះ មានសហគ្រាសជាច្រើន បាននឹងកំពុងអនុវត្តនូវកាតព្វកិច្ចរបស់ខ្លួនហើយ ប៉ុន្តែនូវមានសហគ្រាសមួយចំនួន មិនទាន់បានអនុវត្តពេញលេញ នូវកាតព្វកិច្ចទាំងអស់នោះ ដោយយកមូលហេតុនៃការខ្វះអ្នកបច្ចេកទេស ខ្វះចំណេះដឹង និងខ្វះជំនាញក្នុងការរៀបចំបញ្ជីគណនេយ្យ។ ដូចច្នេះហើយទើប មានវគ្គបណ្តុះបណ្តាលនៅថ្ងៃនេះ សម្រាប់សមាគមអគ្គិសនីជនបទ។ វគ្គបណ្តុះបណ្តាលនេះគឺជាមូលដ្ឋានគ្រឹះបឋម ដើម្បីឈានទៅរកការសិក្សាស៊ីជម្រៅ អំពីស្តង់ដាគណនេយ្យដែលមានជាធរមាន។

 លោក ទ្រី ឈុនហេង ប្រធាន សមាគមអគ្គិសនីជនបទ បានផ្តល់មតិស្វាគមចំពោះវគ្គបណ្តុះបណ្តាល និងលើកទឹកចិត្តដល់សមាជិកទាំងអស់ ដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ ដើម្បីយកចំណេះដឹងទាំងអស់ដែលទទួលបានយកទៅអនុវត្តក្នុងការងារ និងអាជីវកម្មផ្ទាល់។

លោក ប៊ូ ថារិន អគ្គនាយក និយ័តករគណនេយ្យនិងសវនកម្ម បានថ្លែងសុន្ទរកថា បើកវគ្គបណ្តុះបណ្តាលដោយបានលើកឡើងថា រយៈពេលចុងក្រោយនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការម៉ឺងម៉ាត់ ក្នុងការអនុវត្តច្បាប់ ស្តីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញាត្តិពាក់ព័ន្ធ។ ក្នុងនោះមានបទប្បញ្ញាត្តិជាសារវន្តចំនួន ៣ រួមមាន ១.ច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម ២.អនុក្រឹត្យស្តីពីពិន័យអន្តរការណ៍ ៣.ប្រកាសស្តីពីកាតព្វកិច្ចដាក់របាយការណ៍ឲ្យរងសវនកម្មឯករាជ្យ និងសេចក្តីជូនដំណឹងជាច្រើនបន្តបន្ទាប់ ក្នុងន័យជួយសម្រួល ដល់ការអនុវត្តកាតព្វកិច្ចនានា ដែលតម្រូវដោយច្បាប់ជូនដល់សហគ្រាសទូទៅ ជាពិសេសសហគ្រាស ដែលជាសមាជិករបស់សមាគមអគ្គិសនីជនបទ។

អនុលោមតាមច្បាប់ ស្តីពីគណនេយ្យនិងសវនកម្ម បានបង្កើតឱ្យមានកាតព្វកិច្ចចំនួន៣ គឺ១)កាតព្វកិច្ច កាន់បញ្ជីគណនេយ្យ ២)កាតព្វកិច្ចរៀបចំរបាយការណ៍ ហិរញ្ញវត្ថុស្របតាមស្តង់ដា និង ៣)កាតព្វកិច្ចដាក់របាយការណ៍ហិរញ្ញវត្ថុឱ្យរងសវនកម្មឯករាជ្យ។

លោកអគ្គនាយក បានសំណូមពរឱ្យសិក្ខាកាមទាំងអស់ ដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ យកចិត្តទុកដាក់ខ្ពស់ក្នុងការសិក្សា និងលើកជាសំណួរឱ្យបានច្រើន ព្រមទាំងស្នើឱ្យគ្រូឧទ្ទេសយកចិត្តទុកដាក់ផ្តល់នូវចំណេះដឹងជំនាញជូនដល់សិក្ខាកាមទាំងអស់ផងដែរ៕