(ភ្នំពេញ)៖ នៅវេលាម៉ោងប្រមាណ៧យប់ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ Astra Zeneca ចំនួន ៥២៣,១០០ដូសទៀត ដែលជំនួយរបស់រដ្ឋាភិបាលហុងគ្រី ជូនរាជរដ្ឋាភិបាលកម្ពុជា នឹងត្រូវបានដឹកដល់រាជធានីភ្នំពេ្ តាមយន្តហោះតួគី (TK 6266 )។ នេះបើតាម លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលកម្ពុជា និងភារធារីស្ថានទូតហុងគ្រី នឹងអញ្ជើញទទួលវ៉ាក់សាំងនេះ នៅព្រលានយន្តហោះ។ ចំណែកកម្មវិធីប្រគល់ទទួលវ៉ាក់សាំងផ្លូវការ នឹងប្រារព្ធធ្វើឡើងនៅវិមានសន្តិភាព ក្រោមអធិបតីភាពរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២។

គិតត្រឹមយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ នៅទូទាំងប្រទេសសរុបចំនួន ១៤,៧៥៧,២០៥នាក់៕