(ក្រចេះ)៖ នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦នេះ លោក ឯម ច័ន្ទមករា អគ្គលេខាធិការ ក្រុមប្រឹក្សាសកម្មភាពជនពិការ និងលោក ជាក់ ម៉េងហ៊ាង អភិបាលរងនៃគណៈអភិបាលខេត្តក្រចេះ និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត បានអញ្ជើញចូលរួមក្នុងពិធីផ្សព្វផ្សាយអំពីតួនាទី ភារកិច្ច ក្រុមប្រឹក្សាសកម្មភាពជនពិការរាជធានី ខេត្ត និង ផែនការយុទ្ធសាស្រ្ត ពិការភាពឆ្នាំ២០១៤-២០១៨ ដល់មន្រ្តី សាលាខេត្តក្រចេះ ដែលពិធីក៏មានការចូលរួមពីតំណាងមន្ទីរ ស្ថាប័នពាក់ព័ន្ធ ចំណុះខេត្តក្រចេះ សរុប ៣៦រូប។

អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានថ្លែងថា ជនពិការកម្ពុជាតែងត្រូវបាន លើកទឹកចិត្តអោយចូលរួមក្នុងកិច្ចការជួយសង្គម ហើយគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងរដ្ឋ និងឯកជន បាននឹងកំពុងផ្តល់ឱកាសដល់ជនពិការដែលមានសមត្ថភាព និងលទ្ធភាពឲ្យបញ្ចេញសក្តានុពលទៅតាម ជំនាញនិមួយៗ ព្រមទាំងបានបង្កលក្ខណៈងាយស្រួលជាច្រើន ដល់បងប្អូនជនពិការ ដូចជាការសាងសង់ ជម្រាល ធ្នាក់ដៃ បន្ទប់អនាម័យ កន្លែងចតយាន្តយន្តសម្រាប់ជនពិការ។ល។

លោក ឯម ច័ន្ទមករា បានបន្តទៀតថា រាជរដ្ឋាភិបាលមានចក្ខុវិស័យ ជួយដល់ជនពិការ និងក្រុមគ្រួសារជនពិការ ឲ្យមានគុណភាពជីវិតល្អប្រសើរ ដើម្បីបានចូលរួមយ៉ាងសកម្មពេញលេញ ស្មើភាពគ្នាក្នុងសង្គម ដែលមានការ គោរពសិទិ្ធ និងសេចក្តីថ្លៃថ្នូរ ព្រមទាំងមានការដាក់បញ្ចូលបញ្ហាពិការភាពក្នុងគ្រប់វិស័យ។ ជាពិសេស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានកិតិ្តយសក្រុមប្រឹក្សាសកម្មភាពជនពិការ និងឯកឧត្តម វង សូត រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ តែងបានយកចិត្ត ទុកដាក់យ៉ាងខ្លាំងចំពោះជនពិការ ហើយក៏កំពុងជំរុញការចូលរួមពី ស្ថាប័នរដ្ឋ វិស័យឯកជន សង្គមស៊ីវិល និងដៃគូអភិវឌ្ឍនានា ដាក់បញ្ចូលបញ្ហាពិការភាពទៅក្នុងការងារសង្គម ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាព។

លោកអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានសម្តែងនូវការថ្លែងអំណរគុណ ដល់អភិបាលរងនៃគណៈអភិបាលខេត្តក្រចេះ និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត លោក ជាក់ ម៉េងហ៊ាង ដែលបានចូលរួមសកម្មភាពជាច្រើន ដែលជាការរួមចំណែកធ្វើឲ្យវិស័យពិការភាពនៅក្នុខេត្តក្រចេះ មានការវិវឌ្ឍន៍ និងមានការរីកចម្រើនគួរឲ្យ គាត់សម្គាល់។

លោក ជាក់ ម៉េងហ៊ាង អភិបាលរងនៃគណៈអភិបាលខេត្តក្រចេះ និងជាប្រធានក្រុមប្រឹក្សាសកម្មភាព ជនពិការខេត្ត បានថ្លែងថា សាលាខេត្តក្រចេះមានការយកចិត្តទុកដាក់ យ៉ាងខ្ពស់លើវិស័យ ពិការភាព នៅទូទាំងខេត្ត ព្រោះថាការងារពិការភាពគឺជាកិច្ចការងារពហុវិស័យ ដែលទាមទារឲ្យយើងទាំងអស់គ្នា យកចិត្តទុកដាក់ដើម្បីការពារនិងលើកកម្ពស់សិទ្ធិជនពិការ ព្រោះថាជនពិការក៏ជាប្រភពធនធានមួយនៃការ ចូលរួមអភិវឌ្ឍន៍ ប្រទេសជាតិផងដែរ។ ក្នុងន័យនេះសាលាខេត្តក្រចេះ មានឆន្ទៈក្នុងការ បញ្ជ្រាបផែនការយុទ្ធសាស្ត្រ ជាតិស្តីពីពិការភាពឆ្នាំ២០១៤-២០១៨ ទៅក្នុងផែនការសកម្មភាពរបស់សាលាខេត្ត ដែលនឹងត្រូវ ចូលរួម អនុវត្តដោយ ក្រុមប្រឹក្សាសកម្មភាពជនពិការប្រចាំខេត្តនេះតែម្តង ដោយផ្តោតលើកិច្ច ការងារសំខាន់ៗ ដូចជា ការលើកម្ពស់ជីវភាពរស់នៅរបស់ជនពិការតាមរយៈ ការចូលរួមអនុវត្តសកម្មភាពនានាសំដៅ កាត់បន្ថយ ភាពក្រីក្ររបស់ ជនពិការ និង លើកកម្ពស់កំណើនការងារ និងអាជីពសមស្របសម្រាប់ជនពិការ ក្រោមឱវាទរបស់សាលាខេត្ត ក៏ដូចជាជំរុញឲ្យជនពិការបានចូលធ្វើការ នៅតាមសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន។ល។ ទៅតាមសមត្ថភាពរបស់បងប្អូនជនពិការ ដើម្បីបង្កើនជីវភាពរស់នៅសមរម្យ និងពង្រឹង ភាពជាម្ចាស់ការ។

គួរបញ្ជាក់ផងដែរថា នេះគឺជាខេត្តទី១៧ហើយ ដែលអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានរៀបចំពិធីផ្សព្វផ្សាយអំពីតួនាទី ភារកិច្ច ក្រុមប្រឹក្សាសកម្មភាពជនពិការរាជធានី ខេត្ត និង ផែនការយុទ្ធសាស្រ្ត ពិការភាពឆ្នាំ២០១៤-២០១៨ ដើម្បីជាការជំរុញឲ្យមានការយកចិត្តទុកដាក់បន្ថែមដើម្បី ផ្តល់ដល់ជនពិការ នូវសេវាសុខភាពប្រកបដោយគុណភាពនិងសមភាព ព្រមទាំងការស្តារលទ្ធភាពពលកម្ម កាយសម្បទា និងសតិបញ្ញា ហើយបង្កើនកិច្ចអន្តរាគមន៍សេវាយុត្តិធម៌ ដើម្បីកាត់បន្ថយនិងឈានទៅរកការ លុបបំបាត់ការរើសអើង ការរំលោភបំពាន ការប្រមាថ និងការកេងប្រវ័ញ្ចលើជនពិការ ព្រមទាំងពង្រឹង និងពង្រីកសេរីភាព សន្តិសុខបុគ្គល និងការគ្រប់គ្រង ស្ថានភាពនៃហានិភ័យ ស្ថានភាពបន្ទាន់ ផ្នែកមនុស្សធម៌ ក្នុងពេលមានគ្រោះមហន្តរាយ ដែលរួមបញ្ចូលជនពិការ៕