(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ស្ពានអាកាស និងផ្លូវក្រោមដីរង្វង់មូលចោមចៅ ដែលជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ គិតមកដល់ពេលនេះ ការដ្ឋានទាំងមូលសម្រេចបានប្រមាណ៩៨ ទៅ៩៩ភាគរយហើយ ពោលគឺនៅតែរយៈពេល៥ថ្ងៃទៀតប៉ុណ្ណោះនឹងរួចរាល់ជាស្ថាពរ ដើម្បីដាក់ឱ្យប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់ជាបណ្តោះអាសន្ន។

ការបញ្ជាក់បែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើងក្នុងឱកាសលោកអញ្ជើញដឹកនាំមន្ត្រីជំនាញ ក៏ដូចជាក្រុមហ៊ុនទទួលម៉ៅការសាងសង់ស្ពានអាកាសនិងផ្លូវក្រោមដីនេះ ក្នុងការចុះពិនិត្យស្ថានភាពជាក់ស្តែង នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២នេះ។

ការចុះពិនិត្យស្ថានភាពជាក់ស្តែងនេះ របស់លោក ឃួង ស្រេង គឺដើម្បីជំរុញការងារដែលនៅសេសសល់ឱ្យបានរួចរាល់ក្នុងរយៈពេល ០៥ថ្ងៃទៀត ដើម្បីសុំគោលការណ៍បើកប្រើប្រាស់ជាបណ្ដោះអាសន្ន និងពិនិត្យមើលស្ថានភាព នៃការដាក់ទីតាំងវេទិកា បើកសម្ពោធស្ពានអាកាសនេះ ជាផ្លូវការក្រោមអធិបតីភាពសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាពេលខាងមុខ។ ប៉ុន្តែលោកអភិបាលរាជធានីភ្នំពេញ មិនបានបញ្ជាក់ថា ការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធិផលថ្មីខាងលើនេះ នឹងធ្វើឡើងនៅថ្ងៃណានោះទេ។

លោក ឃួង ស្រេង បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ស្ពានអាកាស និងផ្លូវក្រោមដី នៃរង្វង់មូលចោមចៅ ការដ្ឋានទាំងមូល បានសម្រេចប្រមាណ៩៨ ទៅ៩៩ភាគរយហើយ ពោលគឺនៅតែរយៈពេល៥ថ្ងៃទៀត ការដ្ឋានមួយនេះ នឹងស្ថាបនាបានរួចរាល់ ហើយរដ្ឋបាលរាជធានី គ្រោងនឹងសុំគោលការណ៍ទៅសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបើកឱ្យដំណើរការជាបណ្ដោះអាសន្ន ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋ អាចធ្វើដំណើរឆ្លងកាត់បាន ហើយនៅពេលវេលាដ៏សមគួរមួយ រដ្ឋបាលរាជធានីភ្នំពេញ នឹងសុំគោលការណ៍សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បីអញ្ជើញសម្តេចតេជោ ជាអធិបតីភាពបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៃស្ពានអាកាសថ្មីនៅរង្វង់មូលចោមចៅនេះជាផ្លូវការតែម្តង»

នាឱកាសនោះដែរ លោក ឃួង ស្រេង ក៏បានបញ្ជាក់ពីភាពយឺតយ៉ាវបណ្តាលមកពីបញ្ហាជំងឺកូវីដ១៩ ផងដែរ ដែលធ្វើឱ្យកម្មករ ក៏ដូចជាអ្នកទទួលការសាងសង់អូសបន្លាយពេល ប៉ុន្តែទោះបីជាយ៉ាងណាក្តីស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ នឹងអាចឱ្យប្រជាពលរដ្ឋបាលឆ្លងកាត់ជាបណ្តោះអាសន្ននៅប៉ុន្មានថ្ងៃខាងមុខនេះហើយ។

គួរបញ្ជាក់ថា ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ទទួលម៉ៅការសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអានិកជនកម្ពុជា (OCIC) ដោយប្រើប្រាស់ការសាងសង់ក្នុងរយៈពេល៣០ខែ និងចំណាយថវិការសាងសង់ប្រមាណ ២២លានដុល្លារអាមេរិក។

ផ្អែកតាមលក្ខណៈបច្ចេកទេសរបស់មន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ការដ្ឋាននេះ ត្រូវសាងសង់ដោយបែងចែកជា៣ផ្នែកគឺ

*ស្ពានទី១ ជាស្ពានអាកាសមេតភ្ជាប់ចរាចរ ពីមហាវិថីសហព័ន្ធរុស្ស៉ី មកផ្លូវជាតិលេខ៣ មានប្រវែងសរុប ៤០៨ម៉ែត្រ ទទឹង១៥,៨ម៉ែត្រ ដែលមានចរាចរពីរគន្លងទៅនឹងពីរគន្លងមកជម្រាលស្ពាន៤,៥ម៉ែត្រ និងមានកម្ពស់អតិបរមាដែលអាចចរាចរក្រោមស្ពានមាន៥,៥ម៉ែត្រ។

*ស្ពានទី២ បំបែកចេញពីស្ពានអាកាសមេ បត់ឆ្វេងតភ្ជាប់ចរាចរពីមហាវិថីសហព័ន្ធរុស្ស៉ីឆ្ពោះទៅវេងស្រេង សម្រាប់ចរាចរមួយទិស ដែលមានមួយគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត មានប្រវែងសរុប២០២ម៉ែត្រ (ស្ពានអាកាស ប្រវែង៤០ម៉ែត្រ ផ្លូវក្រោមដី ប្រវែង១១៨ម៉ែត្រ និងផ្លូវលើដីប្រវែង ៤៤ម៉ែត្រ) ទទឹង៥,២៥ម៉ែត្រ។

*ស្ពានទី៣ ជាស្ពានកោងបត់ឆ្វេងតភ្ជាប់ចរាចរពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៣ មានប្រវែងសរុប ២០៦ម៉ែត្រ (ស្ពានអាកាសប្រវែង៦០ម៉ែត្រ ផ្លូវក្រោមដីប្រវែង១១៨ម៉ែត្រ និងផ្លូវលើដីប្រវែង ២៨ម៉ែត្រ) ទទឹង៥,២៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានមួយគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។

ផ្លូវ និងផ្លូវក្រោមដី ជាផ្លូវកោង តភ្ជាប់ចរាចរពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៤ មានប្រវែងសរុប ១៣០ម៉ែត្រ (ផ្លូវក្រោមដី ប្រវែង១៣ម៉ែត្រ និងផ្លូវលើដីប្រវែង១១៧ម៉ែត្រ) ទទឹង៨,៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។ ផ្លូវលើផ្ទៃដី ជាផ្លូវមេតភ្ជាប់ចរាចរពីផ្លូវជាតិលេខ៤ មកផ្លូវវេងស្រេង មានប្រវែងសរុប ២៣៥ម៉ែត្រ ទទឹង៨,៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។

ផ្លូវក្រោមដី ជាផ្លូវតភ្ជាប់ចរាចរពីផ្លូវជាតិលេខ៤ មកមហាវិថីសហព័ន្ធរុស្ស៊ី ដែលមានប្រវែងសរុប ៤៧០ម៉ែត្រ ទទឹង៨,៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។ ល្បឿនសុវត្ថិភាព ៤០គីឡូម៉ែត្រ ក្នុងមួយម៉ោង សម្រាប់ផ្លូវទទឹងទំហំ ទទឹង៨,៥ម៉ែត្រ។ ល្បឿនសុវត្ថិភាព ២៥គីឡូម៉ែត្រ ក្នុងមួយម៉ោងសម្រាប់ផ្លូវទទឹងទំហំ ៥,២៥ម៉ែត្រ និងទំហំ៥,៥ម៉ែត្រ។

ស្ពាននេះនឹងមានអាយុកាល១០០ឆ្នាំ មានបំពាក់បង្គោលភ្លើងបំភ្លឺផ្លូវ រៀបចំបណ្តាញជុំវិញបរិវេណស្ពានអាកាស និងអាងស្តុកទឹកក្រោមដី មានទាំងបំពាក់ម៉ូទ័របូមទឹកស្វ័យប្រវត្តិផងដែរ។

គួរបញ្ជាក់ទៀតថា ស្ពានអាកាស និងផ្លូវក្រោមដីនៅចំណុចរង្វង់មូលចោមចៅនេះ បានបើកការដ្ឋានដំណើរការសាងសង់ជាផ្លូវការ កាលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨កន្លងមក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៕

ទស្សនាវិដេអូ៖ https://www.facebook.com/cheavutha.lim/videos/1446421575815092/