(ភ្នំពេញ)៖ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានចូលរួមជាអធិបតីជាមួយលោក Christian Berger ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសហព័ន្ធអាលឺ្លម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើកសិក្ខាសាលាស្តីពី «ការសិក្សាលើការធ្វើអន្តរកាលឆ្ពោះទៅរកទីក្រុងអេកូឡូស៊ី ឆ្នាំ២០២២ នៃគម្រោងលំនៅដ្ឋានដែលមានចីរភាព សម្រាប់ប្រជាជន-បង្កើនគុណភាពការរស់នៅនៃប្រជាជនក្នុងទីក្រុងនៅកម្ពុជា (Build4People)»

ថ្លែងនាឱកាសនោះ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាលឺ្លម៉ង់ បានកោតសរសើរអំពីការរីកចំរើន និងការអភិវឌ្ឍនគរូបនីយរបស់រាជធានីភ្នំពេញជាពិសេសនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ លោកក៏បានអបអរសាទរលើគោល នយោបាយចាក់វ៉ាក់សាំង របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុញ្ញាតឱ្យសមាជិក សមាជិកានៃអង្គសិក្ខាសាលាទាំងមូលអាចមានលទ្ធភាពចូលរួមដោយផ្ទាល់បាននាឱកាសនេះ បន្ទាប់ពីការរៀបចំសិក្ខាសាលាជាច្រើនលើក តាមប្រព័ន្ធអនឡាញ។

គម្រោងនេះ ត្រូវបានឯកអគ្គរដ្ឋទូត បញ្ជាក់ថា ជាគម្រោងដ៏សំខាន់មួយដែលរដ្ឋាភិបាលនៃសាធារណរដ្ឋសហព័ន្ធអាលឺ្លម៉ង់ផ្តល់អាទិភាព និងបានគិតគូរពីការផ្តល់ហិរញ្ញប្បទានបន្ថែមជូនដល់ការអនុវត្តគម្រោងខាងលើនេះ ដើម្បីសំដៅធ្វើយ៉ាងណាអភិវឌ្ឍវិស័យនគរូបនីយកម្មនៅរាជធានីភ្នំពេញ ជាពិសេសតំបន់ភាគខាងត្បូង ដែលមានការរីកចំរើនខ្លាំងគួរឱ្យកត់សម្គាល់ ស្របទៅតាមគោលការណ៍នៃការអភិវឌ្ឍប្រកបដោយចីរភាព។

ឆ្លើយតបនឹងការលើកឡើងរបស់លោកឯកអគ្គរដ្ឋទូត, លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានថ្លែងអំណរគុណដល់សាធារណរដ្ឋសហព័ន្ធអាលឺ្លម៉ង់ និងឯកអគ្គរដ្ឋទូតផ្ទាល់ ដែលតែងតែគាំទ្រដល់កម្ពុជានិយាយជារួម និងរដ្ឋបាលរាជធានីភ្នំពេញនិយាយដោយឡែក ជាពិសេសនៅក្នុងគម្រោងស្តីពីការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាពនាពេលនេះ។

លោកអភិបាលរង បានអរគុណដល់អ្នកជំនាញ និងសាស្ត្រាចារ្យ ក៏ដូចជាក្រុមនិស្សិតដែលបានចូលរួមក្នុងការងារនេះ ព្រមទាំងបានលើ់កទឹកចិត្តឱ្យបន្តការសិក្សាស្រាវជ្រាវ ឱ្យបានម៉ត់ចត់ឈានទៅបញ្ចប់ការសិក្សាឱ្យ បានទាន់ពេលវេលាកំណត់។

ឆ្លៀតក្នុងឱកាសនោះ លោក នួន ផារ័ត្ន ក៏បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃតម្លៃសន្តិភាពថា «ការអភិវឌ្ឍរបស់ទីក្រុងមិនអាចកាត់ផ្តាច់ចេញពីគុណតម្លៃនៃសន្តិភាពបានឡើយ» ពីព្រោះបើសិនជាគ្មានសន្តិភាព ក៏មិនមានការអភិវឌ្ឍ ទីក្រុងដែរ តួយ៉ាងបទពិសោធន៍នៃផលវិបាកបណ្តាលពីសង្គ្រាមនៅតាមប្រទេសនានាជុំវិញពិភពលោក ជាពិសេសរឿងរ៉ាវថ្មីៗដែលបានកើតឡើងនៅប្រទេសអ៊ុយក្រែន ដែលអាចឆ្លុះបញ្ចាំងបានយ៉ាងច្បាស់ពីបញ្ហានេះ។ លោកបានអំពាវនាវដល់សមាជិក សមាជិកាអង្គសិក្ខាសាលា ជាពិសេសក្រុមនិស្សិតដែលជាយុវជនជំនាន់ក្រោយឱ្យបន្តចូលរួមការពារសន្តិភាព ដើម្បីអាចបន្តនិរន្តរភាពនៃការរីកចំរើន ក៏ដូចជាធានាដល់ការអភិវឌ្ឍប្រកបដោយ ចីរភាពរបស់កម្ពុជា ដើម្បីសម្រេចបានចក្ខុវិស័យឆ្នាំ២០៣០ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងចក្ខុវិស័យឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់។

ជាមួយគ្នានោះ លោកអភិបាលរងរាជធានីភ្នំពេញក៏បានជម្រាបជូនអង្គសិក្ខាសាលាអំពីការអភិវឌ្ឍរបស់រាជធានីភ្នំពេញ ជាពិសេសការតាក់តែងឯកសារផែនទីយុទ្ធសាស្ត្រស្តីពីទីក្រុងវៃឆ្លាត និងប្រកបដោយចីរភាពរបស់ រាជធានីភ្នំពេញឆ្នាំ២០៣៥ ដែលនឹងឈានទៅការអនុម័តនាពេលខាងមុខ។ ឯកសារផែនការខាងលើនេះ ផ្តោតលើសសរស្តម្ភសំខាន់ ចំនួន៥រួមមាន៖

*ទី១៖ ការងារនគរូបនីយកម្មវៃឆ្លាត
*ទី២៖ ការងារគ្រប់គ្រងសុវត្ថិភាពនិងសន្តិសុខ
*ទី៣៖ ការងារគ្រប់គ្រងចរាចរណ៍ក្នុងទីក្រុង
*ទី៤៖ ការងារគ្រប់គ្រងបរិស្ថាន
*ទី៥៖ ការងារគ្រប់គ្រងរដ្ឋបាលតាមបែបឌីជីថល ដែលលោកអភិបាលរងបានជម្រាបជូន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាលឺ្លម៉ង់ និងសង្ឃឹមអំពីលទ្ធភាពនៃការសហការគ្នាបន្ថែមទៀតនាពេលអនាគតជាមួយ រដ្ឋបាលរាជធានីភ្នំពេញ៕