(ត្បូងឃ្មុំ)៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំបានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិត និងតេជានុភាពដ៏ល្បីរន្ទឺរបស់ សម្តេចអគ្គមហាសេនាបតីតោជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងដំណើរករដឹកនាំកសាងប្រទេសជាតិមាតុភូមិកម្ពុជា ប្រកបដោយសុខសន្តិភាព សម្បូណ៌រុងរឿង និងអភិវឌ្ឍន៏លើគ្រប់វិស័យ ធ្វើឲ្យទទួលបាននូវការគាំទ្រ និងការជឿជាក់ពីគ្រប់មជ្ឍដ្ឋានទាំងនៅក្នុងប្រទេស ក្នុងតំបន់ និង អន្តរជាតិ។ ជាពិសេសដោះស្រាយពាក់ព័ន្ធនឹងបញ្ហាសង្រ្គាម បញ្ហារបបប្រល័យពូជសាសន៍ និងការចរចាស្វែងរកសន្តិភាពនៅកម្ពុជា ហើយពេលនេះយើងឈានដល់ដំណាក់កាលដោះស្រាយបញ្ហាកូវីដ-១៩ ពាក់ព័ន្ធនឹងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ប្រភេទថ្មី អូមីក្រុងដែលកំពុងតែវាយឡុកចូលក្នុងសហគមន៏របស់យើង។ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវកៅស៊ូ DBST ប្រវែង ៧,៤៨៧ ម៉ែត្រ។

 លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានថ្លែងអំពាវនាវសារជាថ្មីម្តងទៀតដល់ប្រជាពលដ្ឋខេត្តត្បូងឃ្មុំ យកចិត្តទុកដាក់សុខភាពផ្ទាល់ខ្លួនទាក់ទងនឹងជំងឺកូវីដ-១៩ មេរោគបំប្លែងថ្មី ប្រភេទអូមីក្រុងនេះ ដែល កំពុង រាតត្បាត ក្នុង សហគមន៏ និងសូមបន្តអនុវត្តវិធានការ «៣កុំ-៣ការពារ» ព្រមទាំងបន្តការចាក់វ៉ាក់សាំងដូសជំរុញ

ដោយសារការចាក់វ៉ាក់សាំងនេះហើយដែលអាចឱ្យយើងដំណើរសេដ្ឋកិច្ចឡើងវិញ បើពុំមានវ៉ាក់សាំងទេ យើងមិនអាចមានភាពស៊ាំសហគមន៍ទេ ហើយភ្ញៀវទេសចរក៏មិនអាចមកទស្សនានៅប្រទេសកម្ពុជាបានដែរ រាជរដ្ឋាភិបាលកម្ពុជា មិនតម្រូវឱ្យធ្វើចត្តាឡីស័កទេ សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងពេញលេញហើយ ពោលគឺយើងធ្វើចត្តាឡីស័កសម្រាប់តែអ្នកដែលមិនបានចាក់វ៉ាក់សាំងទេ។

ជាមួយគ្នានោះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បាន ក្រើនរំលឹកសូមឱ្យបងប្អូនប្រជាពលរដ្ឋខេត្តត្បូងឃ្មុំទាំងអស់ បន្តទៅចាក់ថ្នាំបង្ការនិងការពារខ្លួន ប្រឆាំងនឹងមេរោគនេះតាមការរៀបចំរបស់អាជ្ញាធរ និង រាជរដ្ឋាភិបាល ពិសេសគឺវិធានការក្រសួងសុខាភិបាល ហើយទៅណាមកណាត្រូវពាក់ម៉ាស់ ឧស្សាហ៍លាងដៃនឹងសាប៊ូនិងទឹកប្រសិនបើនៅទីណាដែលងាយស្រួល ហើយពេលធ្វើដំណើរ គឺត្រូវមានអាកុល ឬជែលសម្លាប់មេរោគ ជាពិសេសបំផុតនោះ គឺពាក់ម៉ាសជាប់ជានិច្ចនៅពេលដែលចេញក្រៅមិនថា ជួបអតិថិជន ជួបមិត្រភក្តិ ឬអ្នកណាដែលនៅក្រៅផ្ទះដែលយើង រស់នៅ នៅក្នុងករណីមានរោគសញ្ញាដូចជាផ្តាសសាយ ផ្សេងៗកើតមាន សូមផ្តាច់ខ្លួនចេញពី គ្រួសារចេញពីមិត្តភក្តិ ។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បញ្ជាក់ផងដែរថា មកដល់ពេលនេះទោះមេរោគកូវីដ ១៩ ធម្មតា មេរោគបំប្លែងអាល់ហ្វា ឬ ដែលតា ឬ អូមីក្រុង និង មេរោគកូវីដ ១៩ បំប្លែងផ្សេងៗទៀតដែលមិនទាន់មកដល់ វិធានការបង្ការនិងការពាររបស់វា គឺដដែលៗទេ ប៉ុន្តែយើងឆ្លងច្រើនដោយសារតែយើងធ្វេសប្រហែស ឬ មើលស្រាលនេះឯង ។ សូមប្រុងប្រយ័ត្ន កុំអោយការមើលស្រាលគ្រប់ប្រភេទមេរោគកូវីដ ១៩ ដែលអាចអោយយើងក្លាយជា បញ្ហាមកដល់គ្រួសារយើង និងសង្គមជាតិទាំងមូល ។