(ភ្នំពេញ)៖ តំណាងអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ (Naga World) ដែលកំពុងឃុំខ្លួននៅពន្ធនាគារ បានសរសេរលិខិតផ្ញើជូនក្រសួងការងារ ដោយបានអំពាវនាវឲ្យបុគ្គលិក និងកម្មករដែលមិនទាន់ចូលធ្វើការវិញ សូមចូលធ្វើការទាំងអស់គ្នា ដើម្បីការពារផលប្រយោជន៍នៅកន្លែងការងារ និងបង្កបរិយាកាសសម្រាប់ការដោះស្រាយវិវាទតាមផ្លូវច្បាប់។

ជាមួយគ្នានេះតំណាងអតីតបុគ្គលិកទាំង៨នាក់ ក៏បានអំពាវនាវដល់ឲ្យបុគ្គលិកដែលបញ្ឈប់ពីការងារសូមសម្រាកនៅផ្ទះ ឬរក្សាភាពស្ងប់ស្ងាត់ ដើម្បីបង្កបរិកាសសម្រាប់ការចរចាជាមួយក្រុមហ៊ុន និងក្រសួងការងារ ដើម្បីស្វែងរកដំណោះស្រាយ និងទូរទាត់សំណងតាមផ្លូវច្បាប់ជូនដល់បងប្អូន។

នៅក្នុងលិខិតផ្ញើជូនរដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីសុំកិច្ចអន្ដរាគមន៍បាននៅក្រៅឃុំបណ្ដោះអាសន្ន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២នេះ តំណាងអតីតបុគ្គលិក ក្រុមហ៊ុនណាហ្គាវើលដ៍ ដែលចេញមុខអំពាវនាវដល់បុគ្គលិក និងកម្មករដែលកំពុងធ្វើបាតុកម្មនោះ មានចំនួន៨នាក់ រួមមាន៖ ទី១៖ ឈ្មោះ ឈឹម ស៉ីថរ, ទី២៖ ឈ្មោះ រី សុវណ្ណឌី, ទី៣៖ ឈ្មោះ ស៊ុន ស្រីពេជ្រ, ទី៤៖ ឈ្មោះ ហៃ សុភាព, ទី៥៖ ឈ្មោះ ឃ្លាំង សុបិន្ដ, ទី៦៖ ឈ្មោះ ទូច សិរីមាស, ទី៧៖ ឈ្មោះ សុខ ណារិទ្ធ និងទី៨៖ ឈ្មោះ ឈឹម សុខន។

ពួកគាត់ដែលបានផ្ដិតមេដៃ ដាក់លិខិតស្នើសុំអន្ដរាគមន៍ ទៅកាន់រដ្ឋមន្ដ្រីក្រសួងការងារនោះ សុទ្ធតែបានអំពាវនាវនូវសារដូចៗគ្នាយ៉ាងដូច្នេះថា៖

«ចំពោះបុគ្គលិក និងកម្មករកំពុងធ្វើកូដកម្មមិនទាន់បានចូលធ្វើការវិញ សូមចូលធ្វើការទាំងអស់គ្នា ដើម្បីការពារផលប្រយោជន៍នៅកន្លែងការងារ និងបង្កបរិយាកាសសម្រាប់ដោះស្រាយវិវាទតាមផ្លូវច្បាប់។ ចំពោះបុគ្គលិកដែលក្រុមហ៊ុនណាហ្គាវើលដ៏ បញ្ឈប់ពីការងារសូមសម្រាកនៅផ្ទះ ឬរក្សាភាពស្ងប់ស្ងាត់ ដើម្បីបង្កបរិកាសសម្រាប់យើងខ្ញុំចរចា ជាមួយក្រុមហ៊ុនណាហ្គាលវើលដ៏និងក្រសួងការងារ ដើម្បីស្វែងរកដំណោះស្រាយ និងទូរទាត់សំណងតាមផ្លូវច្បាប់ជូនដល់បងប្អូន»

សម្រាប់បំណងចុងក្រោយរបស់តំណាងអតីតបុគ្គលិកទាំង៨រូបនេះ គឺសូមឲ្យក្រុមហ៊ុនកុំមានគំនុំគុំគួន ឬដាក់ទោសទណ្ឌ ឬបង្ខំធ្វើកិច្ចសន្យាផ្សេងៗឡើយ សម្រាប់អតីតបុគ្គលិកដែលធ្វើកូដកម្មកន្លងមកនេះ។

សូមជម្រាបថា អតីតបុគ្គលិកចំនួន៨រូប ដែលត្រូវបានចោទប្រកាន់ និងឃុំខ្លួនពីបទញុះញង់បង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម បានស្នើសុំទៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីបាននៅក្រៅឃុំជាបណ្តោះអាសន្ន ធ្វើជាតំណាងដោះស្រាយវិវាទការងារ ជាមួយក្រុមហ៊ុន NAGA WORLD តាមច្បាប់ ដោយសន្យាថា មិនធ្វើការតវ៉ាដែលធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គមជាតិ៕