(ព្រះសីហនុ)៖ អ្នកឧកញ៉ា ទ្រី ភាព បានសាងសង់ប៉ុស្តិ៍យាម ឬប៉មឆ្មាំឆ្នេរសមុទ្រចំនួន១២ទីតាំងនៅតាមបណ្ដោយឆ្នេរអូរឈើទាល ព្រមទាំងបានប្រគល់ជូនរដ្ឋបាលខេត្តព្រះសីហនុសម្រាប់ប្រើប្រាស់ក្នុងការជួយសង្គ្រោះ និងការពារសុវត្ថិភាពជូនប្រជាជន និងភ្ញៀវទេសចរដែលទៅលេងកម្សាន្តនៅតាមឆ្នេរសមុទ្រ។

ពិធីប្រគល់-ទទួលប៉មយាមទាំង១២នេះត្រូវបានធ្វើឡើងនាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងអ្នកឧកញ៉ា ទ្រី ភាព។

ប៉មយាមទាំង១២នេះត្រូវបានសាងសង់អំពីឈើ ប្រក់ក្បឿង រំលេចក្បាច់ខ្មែរ ឈរនៅតាមមាត់ឆ្នេរយ៉ាងរឹងមាំ ដែលត្រូវបានចំណាយថវិកាសាងសង់៧២,០០០ដុល្លារអាមេរិក ជាអំណោយរបស់អ្នកឧកញ៉ា ទ្រី ភាព សម្រាប់ជាចំណងដៃជូនរដ្ឋបាលខេត្តប្រើប្រាស់ជាសម្បត្តិរួមទាំងអស់គ្នា។

ក្នុងពិធីទទួលប៉មយាមពីអ្នកឧកញ៉ា ទ្រី ភាព នាពេលនោះ លោក គួច ចំរើន បានថ្លែងថា កាលពីមុន ឆ្នេរអូឈើទាលនេះត្រូវបានប្រើប្រាស់របស់ឯកជន ហើយពុំមានលម្ហសាធារណៈឡើយ ប៉ុន្តែក្រោយកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ព្រមទាំងរដ្ឋបាលខេត្តព្រះសីហនុផងនោះ បានធ្វើឱ្យឆ្នេរនេះក្លាយជាលម្ហសាធារណៈមានជាង១៦គីឡូម៉ែត្រ និងពយជាង៤គីឡូម៉ែត្រ សម្រាប់ឱ្យភ្ញៀវជាតិ-អន្តរជាតិមកលេងកម្សាន្តសប្បាយ។

លោកថា បន្ទាប់ពីបើកលម្ហសាធារណៈនៅតាមឆ្នេរនេះហើយ ឥលូវនេះ រដ្ឋបាលខេត្តក៏ទទួលបានជំនួយជាប៉មយាមចំនួន១២ទីតាំងនេះទៀត ដែលនឹងជួយសម្រួលដល់កងកម្លាំងឆ្មាំយាមឆ្នេរសមុទ្រ ដើម្បីជាទីតាំងប្រចាំការត្រៀមចាំជួយសង្គ្រោះ និងការពារសុវត្ថិភាពជូនប្រជាជន និងភ្ញៀវទេសចរដែលទៅលេងកម្សាន្តនៅតាមឆ្នេរសមុទ្រ។

លោកអភិបាលខេត្តបន្តថា ក្រុមការងារឆ្មាំឆ្នេរសមុទ្របានរៀបចំដាក់ពោងសុវត្ថិភាព ដើម្បីបែងចែកតំបន់សម្រាប់អ្នកហែលទឹកលេងឱ្យមានសុវត្ថិភាពពីទូក-កាណូត ឬមធ្យោបាយផ្សេងៗ និងជារបាំងសុវត្ថិភាពនៅពេលមានខ្យល់ ឬប្រការណាមួយ។ លោកអភិបាលខេត្តបានណែនាំដល់កម្លាំងឆ្មាំឆ្នេរសមុទ្រត្រូវប្រើប្រាសប៉មឱ្យបានត្រឹមត្រូវ។ ចំពោះឆ្មាំម្នាក់ៗត្រូវមានកញ្ចែ មេក្រូ និងសម្ភារៈមួយចំនួនទៀត ដើម្បីផ្តល់ពត៌មាន និងជួយសង្គ្រោះដល់អ្នកទេសចរមកលេងទឹកក្នុងករណីមានឧប្បត្តិហេតុចៃដន្យណាមួយ។

លោកអភិបាលខេត្តក៏បានណែនាំដល់មន្ទីរទេសចរណ៍ មន្ទីរបរិស្ថាន និងបុគ្គលិកសម្អាត ត្រូវរួមគ្នាសម្អាតតាមតំបន់ឆ្នេរសមុទ្រ និងអំពាវនាវជូនចំពោះប្រជាពលរដ្ឋ ភ្ញៀវទេសចរទាំងអស់ត្រូវចូលរួមថែរក្សាអនាម័យ បរិស្ថាននៅតាមបណ្តោយឆ្នេរ និងនៅតាមទីសាធារណៈ ដោយដាក់ធុងសំរាមដើម្បីឱ្យពួកគាត់យកសំរាម ឬកាកសំណល់ដែលប្រើប្រាស់រួច យកមកទុកដាក់ក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ និងស្នើឱ្យក្រុមហ៊ុនដឹកជញ្ជូនសំរាមត្រូវបង្កើនការប្រមូលសំរាមនៅថ្ងៃសៅរ៍-អាទិត្យ និងពិធីបុណ្យផ្សេងៗ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការដោះស្រាយការកកស្ទះសំរាមនៅក្នុងក្រុង ពិសេសត្រៀមក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនាពេលខាងមុខ ធ្វើយ៉ាងណាឱ្យឆ្នេរមានភាពស្អាត និងចាំទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ-អន្តរជាតិ។

ទន្ទឹមនេះ លោកអភិបាលខេត្ត គួច ចំរើន ក៏បានអំពាវនាវដល់បុគ្គលិកសម្អាតឆ្នេរ និងឆ្មាំឆ្នេរសមុទ្រទាំងត្រូវនាំគ្នាទៅចាក់វ៉ាក់សាំងដូសជំរុញដូសទី៤ ដើម្បីបង្កើនភាពស៊ាំឱ្យបានគ្រប់ៗគ្នា។

សូមជម្រាបថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា រាជរដ្ឋាភិបាលបានកែលម្អផ្លូវថ្នល់ ឆ្នេរសមុទ្រ និងហេដ្ឋារចនាសម្ពន្ធមួយចំនួនក្នុងខេត្តព្រះសីហនុ និងដឹកនាំស្ថាបនាដោយលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា។

នាឱកាសនោះដែរ អ្នកឧកញ៉ា ទ្រី ភាព បាននាំយកថវិកាសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភជូនបុគ្គលិកសម្អាតឆ្នេរ និងឆ្មាំឆ្នេរសមុទ្រចំនួន៧៥នាក់ ក្នុងម្នាក់ៗទទួលបានថវិកា១០ម៉ឺនរៀល។ កន្លងមក អ្នកឧកញ៉ា ទ្រី ភាព ក៏បានជួយឧបត្ថម្ភគាំទ្រដល់រដ្ឋបាលខេត្តជាបន្តបន្ទាប់ ពិសេសក្នុងដំណាក់កាលនៃការបិទខ្ទប់ក្រុងព្រះសីហនុ ដោយអ្នកឧកញ៉ាបានផ្តល់ស្បៀងអាហារសម្រាប់ចែកជូនប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុជាដើម។ សម្រាប់ជាចំណងដៃជូនរដ្ឋបាលខេត្តប្រើប្រាស់ជាសម្បត្តិរួមទាំងអស់គ្នា៕