(ព្រះវិហារ)៖ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៦នេះ លោកទេសរដ្ឋមន្រ្តី សេរី កុសល អនុប្រធានទី១ អាជ្ញាធរមីន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន បានចាត់ឲ្យលោក ម៉ៅ ប៊ុនញ្ញាត្ត ទីប្រឹក្សា និងជាប្រធាននាយកដ្ឋានសង្គ្រោះជនពិការដោយសារមីន នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរមីន ចុះសួរសុខទុក្ខ និងនាំយកថវិកា និងគ្រឿងឧបភោគបរិភោគ ផ្តល់ជូនលោក លី លូន  អាយុ៣៦ឆ្នាំ ឋានៈជានាយចំណង់ ដែលបម្រើការងារនៅតំបន់ផ្នែកសឹករង ស្រុកជាំក្សាន្ត នៃតំបន់ប្រតិបតិ្តការផ្នែកសឹករង ខេត្តព្រះវិហារ ដែលបានរងគ្រោះដោយសារផ្ទុះមីន បណ្តាលឲ្យដាច់ជើងឆ្វេង នៅពេលដែលកំពុងដើរល្បាតតាមព្រំដែនកម្ពុជា-ថៃ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦ កន្លងទៅនេះ ដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យខេត្តព្រះវិហារ។

ក្នុងឱកាសចុះសួរសុខទុក្ខនោះ លោក ម៉ៅ ប៊ុនញ្ញាត្ត បានផ្តាំផ្ញើនូវប្រសាសន៍សាកសួរសុខទុក្ខ ក្ដីអាណិតអាសូរ និងការសោកស្តាយពីសំណាក់ លោកទេសរដ្ឋមន្ត្រី សេរី កុសល តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែនចំពោះឧបទ្ទវហេតុ
ដែលបានកើតឡើងចំពោះយុទ្ធជន ក្នុងការបូជាកម្លាំងកាយ-ចិត្ត ដ៏អង់អាចក្លាហាន តស៊ូ ការពារបូរណភាពទឹកដីនៃប្រទេសកម្ពុជា ដោយមិនឱ្យបច្ចាមិត្តទាំងឡាយណា មកឈ្លានពានបានឡើយ។

ជាសក្ខីភាពនៃគុណបំណាច់ របស់យុទ្ធជនក្នុងការការពារទឹកដី ហើយបានរងគ្រោះថ្នាក់ ដោយសារគ្រាប់មីនដ៏គួរឱ្យសង្វែគនេះ លោកទេសរដ្ឋមន្រ្តី សេរី កុសល តាមរយៈលោក ម៉ៅ ប៊ុនញ្ញាត្ត បានផ្តល់ប្រាក់ឧបត្ថម្ភ និងគ្រឿងឧបភោគបរិភោគ ជូនដល់លោក លី លូន រួមមាន៖ អង្ករ១ប៉ាវ ៥០គីឡូក្រាម មី ១កេស ទឹកត្រី១យួរ ទឹកស៊ីអុីវ១យួ ត្រីខ១យួរ ទឹកក្រូច ១កេស ទឹកផ្លែឈើ ១កេស ទឹកសុទ្ធ១កេស និងថវិកាចំនួន៨០០,០០០រៀលផងដែរ និងសូមឲ្យបានឆាប់ជាសះស្បើយពីជំងឺ៕

ជាកិច្ចតបស្នងចំពោះអំណោយដ៍ថ្លៃថ្លារបស់ ឯកឧត្តមទេសរដ្ឋមន្រ្តីសេរី កុសល យុទ្ធជន លី លូន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម តែងតែគិតគូរពីសុខទុក្ខ និងផលលំបាករបស់បងប្អូនប្រជាពលរដ្ឋ ប្រកបដោយទឹកចិត្តមនុស្សធម៌ពិតៗ និងឥតលំអៀង ជាពិសេសចំពោះយុទ្ធជន ដូចជារូបលោកផ្ទាល់៕