(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃចន្ទ ទី១៤ ខែមីនា ឆ្នាំ២០២២នេះ បានចាត់ឱ្យលោកវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយកាកបាទក្រហមកម្ពុជា និងគណៈប្រតិភូនាំយកសារលិខិតរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធសព មហាសប្បុរសមង្គលសិរីអគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៏ លឹម ឈុន ត្រូវជាឪពុកបង្កើតលោកឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ ដែលបានទទួលមរណភាព កាលពីថ្ងៃអាទិត្យ ទី១៣ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ៣៖០៦នាទីទៀបភ្លឺ ក្នុងជន្មាយុ ៩៧ឆ្នាំ ដោយជរាពាធ។

ក្នុងសារលិខិតរំលែកទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានបញ្ជាក់ថា «មរណភាពរបស់ មហាសប្បុរសមង្គលសិរីអគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ លឹម ឈុន គឺជាការបាត់បង់នូវ ស្វាមី ឪពុក ឪពុកក្មេក ជីតា និងជីតាទួត ប្រកបដោយសង្គហធម៌ និងព្រហ្មវិហារធម៌ ដែលពេញក្នុងមួយជីវិតរបស់ មហាសប្បុរសមង្គលសិរីអគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៏ តែងតែប្រកាន់ខ្ជាប់នូវសីលធម៌គុណធម៌ល្អប្រពៃ បានពលិកម្មជាច្រើន ទាំងកម្លាំងកាយចិត្ត ប្រឹងប្រែងថ្នាក់ថ្នម ថែរក្សាអប់រំ ផ្តល់ដំបូន្មានល្អៗ ដល់កូន ចៅ និងក្រុមគ្រួសារ ឲ្យបានក្លាយជាធនធានមនុស្សដ៏ល្អ ប្រពៃថ្លៃថ្លាក្នុងសង្គមជាតិ និងបានរួមចំណែកកសាងសមិទ្ធផលនានាជាច្រើន ជាពិសេសក្នុងការរួមចំណែកលើកស្ទួយវិស័យព្រះពុទ្ធសាសនា នៅកម្ពុជាយ៉ាងច្រើនពុំអាចបំភ្លេចបាន»។

កាកបាទក្រហមកម្ពុជា សូមឧទ្ទិសបួងសួងឱ្យដួងវិញ្ញាណក្ខន្ធសព មហាសប្បុរសមង្គលសិរីអគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៏ លឹម ឈុន បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕