(តាកែវ)៖ ក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តតាកែវ បានចុះទៅសាលាឃុំលាយបូរ ក្នុងស្រុកត្រាំកក់ ខេត្តតាកែវ ដើម្បីជួបប្រជុំជាមួយអាជ្ញាធរមូលដ្ឋាន។ គោលបំណង នៃការចុះទៅជួបអាជ្ញាធរនេះ ដើម្បីជម្រាបជូននូវព័ត៌មាន និងស្នើសុំឲ្យអាជ្ញាធរមូលដ្ឋានចូលរួមសហការក្នុងការផ្សព្វផ្សាយគម្រោងស្តីអំពី «ការលើកកម្ពស់សិទ្ធិ និងការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម»

ក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តតាកែវ ក៏បានស្នើសុំអាជ្ញាធរមូលដ្ឋានឲ្យជួយប្រកាសស្វែងរកអ្នកស្ម័គ្រចិត្តកម្ពុជាជំនាន់ទី៤ ចំនួន២០នាក់ ដើម្បីធ្វើការចុះជួប និងស្តាប់សាច់រឿងរបស់អ្នករស់រានមានជីវិតកាលពីរបបខ្មែរក្រហម ក្នុងភូមិឃុំដែលអ្នកស្ម័គ្រចិត្តកំពុងរស់នៅ និងធ្វើការផ្តល់ព័ត៌មានស្តីអំពីការទៅពិនិត្យសុខភាព និងជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមទៅពិនិត្យសុខភាព។

មូលហេតុដែលក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តតាកែវ សម្រេចចិត្តជ្រើសយកឃុំលាយបូរជាទីកន្លែង សម្រាប់អ្នកស្ម័គ្រចិត្តចុះទៅធ្វើការគឺដោយសារឃុំនេះ មានទីតាំងនៅជិតទីរួមខេត្តតាកែវ ដែលផ្តល់ភាពងាយស្រួលដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យរក្សាសុខតាកែវ។

គម្រោងសុខភាពនេះ បង្កើតឡើងក្នុងគោលបំណងគឺ ទី១៖ធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ទៅតាមគោលដៅដែលបានកំណត់, ទី២៖ លើកកម្ពស់ការយល់ដឹងអំពីសុខភាពសាធារណៈ និងការទទួលបានសេវាកម្មសុខភាពសម្រាប់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងទី៣៖ ធ្វើការសិក្សាស្រាវជ្រាវអំពីស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ជាពិសេសនៅតាមសហគមន៍ដាច់ស្រយាលសម្រាប់ផ្តល់ជាព័ត៌មាន ក្នុងការរៀបចំជំនួយអភិវឌ្ឍន៍នាពេលអនាគតដល់ប្រជាជននិងសហគមន៍ទាំងនេះ។

តាមរយៈគោលបំណង នៃគម្រោងសុខភាពខាងលើនឹងផ្តល់ឱកាសដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម នៅក្នុងខេត្តតាកែវ និងខេត្តផ្សេងទៀតទូទាំងប្រទេសកម្ពុជា បានទៅពិនិត្យសុខភាពដោយឥតគិតថ្លៃ នៅមន្ទីរសម្រាកព្យាបាលឯកជន ដែលជាដៃគូចុះកិច្ចសន្យាជាមួយមជ្ឈមណ្ឌលឯកសារកម្ពុជា។

ក្រោយពីបញ្ចប់ការប្រជុំ មេឃុំ ជំទប់ទី១ ជំទប់ទី២ ក្រុមបឹ្រក្សាឃុំ ស្មៀនឃុំ ជំនួយការរដ្ឋបាលឃុំ និងមេភូមិទាំង២៥រូបក្នុងឃុំលាយបូរ បានសម្តែងការពេញចិត្តគម្រោងសុខភាពសម្រាប់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ព្រោះបច្ចុប្បន្ននៅក្នុងឃុំលាយបូរ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមជាច្រើន កំពុងប្រឈមបញ្ហាសុខភាព និងគ្មានលទ្ធភាពទៅពិនិត្យសុខភាព៕