(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធតាមប្រព័ន្ធវីដេអូអនឡាញ (កម្មវិធី Microsoft Teams) នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ១០៖០០នាទីព្រឹក ក្រោមអធិបតីភាពលោក មាន សទិ សមាជិក គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ។

បើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២នេះ បានឱ្យដឹងថា កិច្ចប្រជុំនេះនឹងធ្វើឡើងក្រោមប្រធានបទស្តីពី៖ ការបិទផ្សាយបញ្ជីបេក្ខជនដំបូងនៅ គឃ.សប ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹងជំទាស់លើបញ្ជីបេក្ខជនដំបូង។

គ.ជ.ប បានបញ្ជាក់ថា តំណាងភាគីពាក់ព័ន្ធដែលនឹងត្រូវចូលរួមក្នុងកិច្ចប្រជុំដែលរៀបចំឡើងដោយ គ.ជ.ប សូមមេត្តាផ្តល់ឈ្មោះ តួនាទី អង្គភាព/ស្ថាប័ន លេខទូរស័ព្ទសាមីខ្លួនមកអគ្គលេខាធិការដ្ឋាន គ.ជ.ប ត្រឹមថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២។

សូមទាក់ទងតាមរយៈលេខទូរស័ព្ទសម្រាប់ចុះឈ្មោះចូលរួមកិច្ចប្រជុំ៖ ០៧៨ ៦៦៥ ៨២៦, ០៩៩ ៦១ ៦១ ៦៤, ០៩៦ ៦៩ ០៩ ៧៧៨ ដើម្បីក្រុមការងារបច្ចេកទេស គ.ជ.ប ភ្ជាប់ Link ទៅក្នុងក្រុមកម្មវិធីកិច្ចប្រជុំផ្សព្វផ្សាយ៕