(ត្បូងឃ្មុំ)៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីបើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូប្រភេទ DBST ចំនួន២ខ្សែ មានប្រវែង ៧,៤៨៧ម៉ែត្រ ទទឹងប្រវែង៦ម៉ែត្រ ស្ថិតនៅភូមិប្រស្រែក្រោម សង្កាត់វិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី អភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្តអាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ ព្រមទាំងប្រជាពលរដ្ឋ។

ក្នុងឱកាសនោះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់ប្រជាពលរដ្ឋ ក្រុងសួងទាំងអស់ដោយក្តីនឹករឭកបំផុត។

លោកអភិបាលខេត្ត បានឱ្យដឹងថា ការស្ថាបនាផ្លូវ២ខ្សែថ្មី ក្រាលកៅស៊ូ DBST ដែលមានប្រវែង ៧,៤៨៧ម៉ែត្រ ទទឹងប្រវែង៦ម៉ែត្រ ឆ្លងកាត់ភូមិចំនួន០៥ រួមមានភូមិប្រស្រែក្រោម ភូមិវាលចារ ភូមិក្រឆាន ភូមិប្រស្រែលើ និងភូមិកៀនរូង ក្នុងសង្កាត់វិហារលួង គឺអាជ្ញាធរខេត្តមានគោលបំណងចង់ឱ្យប្រជាពលរដ្ឋក្នុងក្រុងសួង មានឱកាសលើកកម្ពស់ជីវភាព រស់នៅមានភាពស៊ីវិល័យដូចៗគ្នា ដូច្នេះអទិភាពក្នុងការអភិវឌ្ឍដំបូង គឺការស្ថាបនាផ្លូវនេះមុនគេ។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ្ឌ បានគូសបញ្ជាក់ថា ផ្លូវ០២ខ្សែនេះ ពិតជានឹងចូលរួមជួយបង្កើននូវចរន្ដសសៃឈាមសេដ្ឋកិច្ច ជួយសម្រួលជីវភាពពលរដ្ឋ តាមរយៈកាន់តែងាយស្រួលធ្វើដំណើរទៅមកប្រកបមុខរបរដឹកកសិផល ទំនិញនានា ចំណេញពេលវេលា កាត់បន្ថយចំណាយធ្វើដំណើរ ពិសេសលើកកម្ពស់សោភ័ណភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវ នៅទីប្រជុំជននៃក្រុងសួង។ ម្យ៉ាងទៀត អាជ្ញាធរខេត្ត បានខិតខំប្រឹងប្រែងអភិវឌ្ឍន៍បន្តពីថ្នាក់ដឹកនាំមុនៗ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង ក៏ដូចជាខេត្តត្បូងឃ្មុំ និងអាចឈានទៅដណ្ដើមជ័យលាភីរំដួល ៣ទង នៃទីក្រុងស្អាត នាពេលខាងមុខ ដែលនឹងត្រូវវាយតម្លៃដាក់ពិន្ទុដោយក្រសួងទេសចរណ៍ផងដែរ។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានបញ្ជាក់ថា ផ្លូវទាំង២ខ្សែនេះ ការស្ថាបនាមានទុកចំណីផ្លូវ រៀបចំប្រពន្ធលូ ទៅតាមគំនូសប្លង់របស់មន្ទីរដែនដី នគររូបនីយកម្ម ដោយលោកបានសំណូមពរដល់ប្រជាពលរដ្ឋនៅតាមដងផ្លូវ ចូលរួមសហការជាមួយនឹងអាជ្ញាធរ និងក្រុមការងារសាងសង់ផ្លូវ ដើម្បីរៀបចំឱ្យមានសណ្ដាប់ធ្នាប់នឹងមានសោភ័ណភាព នៅក្នុងមូលដ្ឋានក៏ដូចជាក្នុងក្រុងសួង៕