(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ សម្តែងនូវការសោកស្តាយ និងចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំ បំផុតជាមួយឧកញ៉ា អ៉ឹង ប៊ុនហូ៊វ និងក្រុមគ្រួសារ ចំពោះមរណភាពរបស់មហាសប្បុរសមង្គលសិរីអគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ លឹម ឈុន ដែលជាឪពុកបង្កើត កាលពីវេលាទៀបភ្លឺ ថ្ងៃអាទិត្យ ទី១៣ ខែមីនានេះ ក្នុងជន្មាយុ ៩៧ឆ្នាំ ដោយជរាពាធ។

ក្នុងសារលិខិតចូលរួមរំលែកមរណទុក្ខ, សម្តេចពិជ័យសេនា ទៀ បាញ់ បានបង្ហាញអារម្មណ៍ក្តុកក្តួលយ៉ាងដូច្នេះថា៖ «ខ្ញុំ និងភរិយា មានក្តីរំជួលចិត្តឥតឧបមាដោយបានទទួលដំណឹងដ៏ក្រៀមក្រំថា មហាសប្បុរសមង្គលសិរីអគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ លឹម ឈុន ត្រូវជាឪពុក ឪពុកក្មេករបស់ឧកញ៉ា និងលោកជំទាវ បានទទួលមរណភាពកាលពីវេលាម៉ោង០៣:០៦នាទីទៀបភ្លឺ ថ្ងៃអាទិត្យ ១១កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ ក្នុងជន្មាយុ៩៧ឆ្នាំ ដោយជរាពាធ»

ក្នុងឱកាសប្រកបដោយសមានទុក្ខនេះ ខ្ញុំនិងភរិយាសូមសម្តែងនូវការសោកស្តាយស្រណោះអាឡោះអាល័យជាទីបំផុតជាមួយក្រុមគ្រួសារនៃសព ព្រោះការបាត់បង់មហាសប្បុរសមង្គលសិរីអគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ លឹម ឈុន គឺជាការបាត់បង់នូវស្វាមី ឪពុក ឪពុកក្មេក ជីតា និងជីតាទួត ពោរពេញដោយសង្គហធម៌ និងព្រហ្មវិហារធម៌ចំពោះភរិយា កូនៗ និងចៅៗជាទីស្រលាញ់ និងពេញមួយជីវិតរបស់មហាឧបាសិកតែងតែរួមចំណែកផ្សារភ្ជាប់នឹងវិស័យព្រះពុទ្ធសាសនា កិច្ចការសង្គម និងមនុស្សធម៌នៅកម្ពុជា យ៉ាងច្រើនពុំអាចបំភ្លេចបានឡើយ។

សម្តេចពិជ័យសេនា ទៀ បាញ់ និងភរិយា ក៏បានបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃតាមជួយបីបាច់ថែរក្សា ដល់ដួងវិញ្ញាណ ក្ខន្ធ អគ្គមហាឧបាសក លឹម ឈុន បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕