(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មុនពេលបើកការពិនិត្យ និងព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ ២០២២ នៅភូមិឡឥដ្ឋ សង្កាត់បឹងកុក ក្រុងកំពង់ចាម។

លោកអភិបាលខេត្ត បានថ្លែងបន្តថា ពិតណាស់នៅក្នុងខេត្តកំពង់ចាម មានមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក និងគ្លីនិកឯកជនទំនើបៗជាច្រើន ប៉ុន្តែការបង្កើតឲ្យមានក្រុមគ្រូពេទ្យជំនាញចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃនៅពេលនេះ គឺក្នុងគោលបំណងដើម្បីលើកកំពស់គុណភាព ជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាការរួមចំណែកកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋយើងផងដែរ។

លោកអភិបាលខេត្ត បានបញ្ជាក់ថា «ស្របពេលប្រទេសជាតិរបស់យើងមានសុខសន្តិភាព និងមានការរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក្រុងកំពង់ចាមបានទទួលនូវការ អភិវឌ្ឍជាច្រើន ក្នុងនោះមានសង្កាត់ចំនួន២ ដែលមានការអភិវឌ្ឍខ្លាំង គឺសង្កាត់កំពង់ចាម និងសង្កាត់វាលវង់ ចំណែកសង្កាត់២ទៀតមានសង្កាត់សំបួរមាស និងសង្កាត់បឹងកុក កំពុងត្រូវបានរៀបចំជម្រុញឲ្យមានការអភិវឌ្ឍ ជាបន្តបន្ទាប់ ដើម្បីឲ្យមានភាពប្រហាក់ប្រហែលគ្នានៃសង្កាត់ទាំង៤ ក្នុងក្រុងកំពង់ចាម»

ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សាខាសមាគមសិស្ស និស្សិតបញ្ញាវ័ន្តក្មេងវត្តខេត្តកំពង់ចាមលោក សៅ សំបូរ បានឲ្យដឹងថា ថ្ងៃនេះមានក្រុមគ្រូពេទ្យស្ម័គ្រចិត្តចំនួន៣៦នាក់ បានទទួលការឧបត្ថម្ភថវិកាពីលោក ហ៊ុន ម៉ានិត ប្រធានគណៈអចិន្ត្រៃយ៍សមាគមសិស្សនិស្សិត បញ្ញវន្តក្មេងវត្ត និងលោក អ៊ុន ចាន់ដា បានរៀបចំឲ្យមានការចុះពិនិត្យ និងព្យាបាលជំងឺទូទៅ ជូនមនុស្សចាស់ និងកុមារដោយមានសេវាដកឆ្មញ និងទីកន្លែងចាក់វ៉ាក់សាំងការពារជំងឺ កូវីដ១៩ ផងដែរ ចាប់ពីម៉ោង៨ព្រឹក រហូតដល់ម៉ោង២រសៀល៕