(ព្រៃវែង)៖ អ្នកឧកញ៉ា លី សា ម៉េត តំណាងសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្យប្រជាជនកម្ពុជា និងលោក ស្បោង សារ៉ាត់ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ បានបន្តជួបសំណេះសំណាលជាមួយ សមាជិក សមាជិកា មកពីអតីតគណបក្សសង្រ្គោះជាតិ និងគណបក្សផ្សេងៗទៀត នៅក្នុងខេត្តព្រៃវែង ចំនួន៦៩០នាក់ ដែលបានស្ម័គ្រចិត្តចូលរួមរស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ជាមួយក្តីរំពឹង ក្នុងការចូលរួមចំណែកកសាងសង្គមកម្ពុជា ឱ្យកាន់តែប្រសើរឡើង ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។

អ្នកគាំទ្រដែលមកពីអតីតគណបក្សសង្គ្រោះជាតិ និងគណបក្សផ្សេងៗនោះ រួមមាន៖

*១៖ ស្រុកពារាំង ចំនួន ១៥០នាក់
*២៖ ស្រុកស៉ីធរកណ្តាល ចំនួន ៥៤០នាក់។

លោក ស្បោង សារ៉ាត់ បានថ្លែងអំណរគុណចំពោះ ការចូលរួមរបស់ សមាជិកសមាជិកា ដែលជាអតីតគណបក្សសង្គ្រោះជាតិ និងគណបក្សផ្សេងៗទៀត ដែលវិលមករួមរស់ជីវភាពនយោបាយ ជាមួយនឹងគណបក្សប្រជាជនកម្ពុជានាឱកាសនេះ។ គណបក្សប្រជាជនកម្ពុជា ជាគណបក្សតែមួយគត់ដែលមានវ័យចំណាស់ខាង នយោបាយ និងមានបទ ពិសោធន៍ជាង ៧០ឆ្នាំមកហើយ គឺមានគោលនយោបាយច្បាស់លាស់ដឹកនាំប្រទេស ឈានទៅរកភាពរីកចម្រើនលើគ្រប់វិស័យ។

អ្នកឧកញ៉ា លី សាម៉េត បានគូសបញ្ជាក់ក្នុងពិធីនោះថា ការចូលមករួមរស់នយោបាយជាមួយគណបក្សប្រជាជនកម្ពុជា គឺជាការសម្រេចចិត្តមួយដ៏ត្រឹមត្រូវបំផុត ពីព្រោះបច្ចុប្បន្ននេះមិនមានគណបក្សនយោបាយណាមួយ ដែលមានគោលនយោបាយច្បាស់លាស់ក្នុងការដឹកនាំប្រទេសជាតិ ដូចគណបក្សប្រជាជនកម្ពុជាឡើយ ពោលគឺពួកគេធ្វើនយោបាយដើម្បីផលប្រយោជន៍បក្ខពួក ក្រុមគ្រួសារ និងបម្រើបរទេសតែប៉ុណ្ណោះ ដោយមិនបានគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋឡើយ។ ផ្ទុយទៅវិញ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា គឺតែងតែនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលា ដោយបានដោះស្រាយទុក្ខលំបាកផ្សេងៗជូនប្រជាពលរដ្ឋជានិច្ច និងមិនដែលរត់ចោលបងប្អូនប្រជាពលរដ្ឋឡើយនោះទេ ទោះក្នុងកាលៈទេសៈបែបណាក៏ដោយ។

អ្នកឧកញ៉ា បានបញ្ជាក់ទៀតថា «យើងមានអ្វីៗដូចសព្វថ្ងៃនេះ គឺមិនមែនជារឿងចៃដន្យទេ តែវាជាជោគវាសនាដ៏ល្អដែលប្រទេសកម្ពុជា មានសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី ដោយសម្ដេចមិនដែលធ្វើឱ្យប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈមានការខកចិត្តម្ដងណាឡើយ»

អ្នកឧកញ៉ា បានអំពាវនាវដល់សមាជិកបក្សទាំងចាស់ និងថ្មី ត្រូវរួមគ្នា ថែរក្សាសុខសន្តិភាពឱ្យបានដាច់ខាត ដោយមិនត្រូវឲ្យជនអគតិណាមួយមកបំផ្លាញបានឡើយ៕