(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី១៤ ខែមីនា ឆ្នាំ២០២២ លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង បានដឹកនាំកម្លាំងសណ្តាប់ធ្នាប់ ចុះរៀបចំសណ្តាប់ធ្នាប់ និងបាញ់ទឹកលាងសំអាតផ្លូវ តាមបណ្តោយផ្លូវមុន្នីរ៉េត ក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកងឲ្យមានអនាម័យ បរិស្ថានល្អប្រសើរ។

លោក ធឹម សំអាន បានលើកឡើងថា ការរៀបចំសណ្ដាប់ធ្នាប់ នៅដងផ្លូវ ឬដងវិថី គឺជាកត្តាសំខាន់ណាស់ក្នុងការដោះស្រាយបញ្ហាចរាចរណ៍ និងលើកកម្ពស់កិត្តិយសមុខមាត់អាជ្ញាធរមូលដ្ឋានផងដែរ និងឈានដល់កាត់បន្ថយ បាននូវភាពអនាធិបតេយ្យតាមដងផ្លូវ។ ដូចនេះដើម្បីឲ្យសណ្ដាប់ធ្នាប់ និងអនាម័យបរិស្ថានតាមដងផ្លូវ ឬតាមដងវិថីបានល្អប្រសើរ ស្នើដល់បងប្អូន និងអាជ្ញាធរសង្កាត់ ព្រមទាំងកម្លាំងសមត្ថកិច្ច ចូលរួមអនុវត្តន៍ឲ្យបានផុលផុសគ្រប់ៗគ្នា ដើមីទីក្រុងស្អាតមានបរិស្ថានល្អ។

ខណៈចុះបំពេញការងារក្នុងមូលដ្ឋាន នាឱកាសនោះ លោកអភិបាលខណ្ឌ បានធ្វើការណែនាំឲ្យបងប្អូនអាជីវករ ដែលប្រកបមុខរបរលក់ដូរ នៅតាមចិញ្ចើមផ្លូវខាងលើ ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្រោយពីលក់ដូររួចត្រូវជួយបោស សម្អាតថែរក្សាអនាម័យ បរិស្ថានឲ្យបានល្អប្រសើរ ត្រូវវេខខ្ចប់ទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ចៀសវាងបោះចោលសំរាមពាសវាលពាសកាល ធ្វើឲ្យប៉ះពាល់ ដល់សណ្ដាប់ធ្នាប់ និងអនាម័យបរិស្ថាន។

ជាមួយគ្នានោះ លោក ធឹម សំអាន បានអំពាវនាវដល់បងប្អូនអាជីវករសូមមេត្តាលក់ដូរប្រកបដោយអនាម័យ វេចខ្ចប់ទុកដាក់សម្រាម និងរក្សាសណ្តាប់ធ្នាប់ឲ្យបានត្រឹមត្រូវ ចៀសវៀងការកកស្ទះចរាចរណ៍ និងកកស្ទះលូ។ សូមបងប្អូនអាជីវករត្រូវនាំគ្នាបន្តស្ដាប់ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងចូលរួមអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួនជាប្រចាំនូវវិធានការ «៣ការពារ និង៣កុំ» គឺដើម្បីសុវត្ថិភាព ដល់យើងទាំងអស់គ្នាផងដែរ៕