(ភ្នំពេញ)៖ ក្រុមអ្នកនិពន្ធសៀវភៅជាច្រើនរូប រួមទាំងព្រះសង្ឃ ម្ចាស់អាជីវកម្ម បុគ្គលិករដ្ឋ និងឯកជន ព្រមទាំងសិស្ស និស្សិត បានជួបជុំគ្នាដើម្បីចែករំលែកបទពិសោធន៍នៃការនិពន្ធសៀវភៅ បទពិសោធន៍ផ្ទាល់ខ្លួន និងផលប្រយោជន៍នៃការអានសៀវភៅ។

ពិធីជួបជុំមិត្តភាពដែលបានធ្វើឡើង កាលពីចុងសប្តាហ៍មុននេះ នៅក្នុងឱកាសទិវាជាតិអំណានលើកទី៧ ប្រព្រឹត្តទៅនៅ River House វាលស្បូវ ដែលសហការរៀបចំដោយអ្នកនិពន្ធសៀវភៅគ្មាននរណាកើតមកក្រទេ សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ក្រុមហ៊ុនឯកជន និងក្រុមយុវជនស្ម័គ្រចិត្ត ដើម្បីការអភិវឌ្ឍសង្គម ដោយគោលបំណងសំខាន់នៃការជួបជុំនេះ គឺដើម្បីលើកកម្ពស់ បណ្តុះស្មារតី និងឱ្យតម្លៃការអានសៀវភៅ។

នាឱកាសនោះដែរ លោក វ៉េង សិរីវុឌ្ឍ អ្នកនិពន្ធសៀវភៅគ្មាននរណាកើតមកក្រទេ បន្ទាប់ពីបានចែករំលែកបទពិសោធន៍ជីវិតពិត និងបានគូសរំលេចពីអត្ថប្រយោជន៍នៃការអានសៀវភៅថា៖ «សៀវភៅអាចឆ្លុះបញ្ចាំង អាចឱ្យយើងត្រៀមខ្លួន អាចផ្តល់វិធីសាស្ត្រ ផ្តល់បញ្ញាខ្ពស់ និងអាចឱ្យយើងដឹងមុនពីបញ្ហាប្រឈម»។

ទន្ទឹមនឹងនេះ លោកក៏បានលើកទឹកចិត្តឱ្យមានការអានសៀវភៅឱ្យបានច្រើននូវសៀវភៅដែលខ្លួនចូលចិត្ត។ ការអានសៀវភៅធ្វើឱ្យយើងចេះកែនូវទម្លាប់ដែលមិនល្អ អំពើមិនសកម្ម ដំណើរវិវត្តន៍មិនចម្រើន។

ចំណែកលោកសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា សាស្ត្រាចារ្យខេមរវិទ្យា និងប្រវត្តិសាស្ត្រខ្មែរ នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា បានលើកឡើងថា ការនិពន្ធសៀវភៅមួយ ត្រូវចំណាយពេលតិច ឬច្រើន វាអាស្រ័យទៅលើតម្រូវការចាំបាច់នៃទំនាក់ទនងរបស់អ្នកសរសេរ និងអ្នកអាន។

លោកសាស្ត្រាចារ្យបន្តថា ទស្សនៈវិស័យរបស់អ្នកសរសេរប្រាកដជាមើលឆ្ងាយជាងអ្នកអាចទៅទៀត ប៉ុន្តែនៅពេលប្រើប្រាស់វេលាក្នុងការសរសេរ មានការកំណត់ មានកាលបរិច្ឆេទ និងមានចំណែកនៃការទទួលខុសត្រូវ។

ដោយឡែកអ្នកនិពន្ធសៀវភៅ I Set My Mind To Win លោក ង៉ែត សុខឡា និងលោកស្រី គង់ សុរីតា ដែលបាននិពន្ធសៀវភៅពីរក្បាល ចំណងជើង Dare To Dream និង Leading Ladies ក៏បានចូលរួមចែករំលែកគោលបំណងនៃការសរសេរសៀវភៅរបស់ខ្លួន និងផលប្រយោជន៍នៃការអានសៀវភៅផងដែរ។

គួរជម្រាបថា នៅថ្ងៃទី១១ មីនា កម្ពុជាបានប្រារព្ធទិវាជាតិអំណានលើកទី៧ ក្រោមប្រធានបទ «អំណានជួយលើកកម្ពស់គុណភាពជីវិតក្នុងសង្គមឌីជីថល»។

ក្រសួងអប់រំ ដែលបានរៀបចំទិវានេះ ជារៀងរាល់ឆ្នាំ ក្នុងគោលបំណងរំឭកដល់វីរភាព និងគុណូបការៈដ៏ថ្លៃថ្លារបស់សម្តេច ព្រះសង្ឃរាជ ជួន ណាត ដែលបានខិតខំតស៊ូ ពុះពារការពារមរតកវប្បធម៌ អក្សរសាស្ត្រខ្មែរ និងក្នុងគោលបំណងបណ្ដុះទម្លាប់អាន, ជំរុញវប្បធម៌អាន, លើកកម្ពស់សមត្ថភាពអាន, ការតែងនិពន្ធ, និងការស្រាវជ្រាវ សំដៅរួមចំណែកការពារ និងលើកកម្ពស់វប្បធម៌, អរិយធម៌ខ្មែរ ព្រមទាំងពង្រីកចំណេះដឹងដល់ពលរដ្ឋកម្ពុជាគ្រប់រូប៕