(ភ្នំពេញ)៖ ធនាគារវីង ដែលទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា ក្នុងការប្រតិបត្តិការជាធនាគាពាណិជ្ជ បានបើកដំណើរជាផ្លូវការហើយ ដោយបានដាក់ឱ្យដំណើរការសាខាចំនួន២ទីតាំង នៅ សែនសុខ និងវិមានរាជ្យ ដើម្បីពង្រីកការផ្តល់សេវាហិរញ្ញវត្ថុ ដល់ប្រជាពលរដ្ឋកម្ពុជា។

ពិធី បើកសម្ពោធជាផ្លូវការ នេះ ធ្វើឡើងនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាព លោកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធិពលខេមរៈភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និង លោក រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យធនាគារជាតិនៃកម្ពុជា។

អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារវីង និងជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានថ្លែងថា ការបើកសម្ពោធសាខាធនាគារវីងទាំងពីរនេះ គឺជាព្រឹត្តិការណ៍ងសំខាន់មួយទៀតសម្រាប់ធនាគារវីង ដើម្បីពង្រីកការផ្តល់សេវាបន្ថែម ដើម្បីបម្រើសហគមន៍ឱ្យកាន់តែទូលំទូលាយនៅក្នុងប្រទេសកម្ពុជា តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាបែបឌីជីថល ប្រកបដោយភាពច្នៃប្រឌិត ផ្តល់នូវផលិតផល និងសេវាកម្មដើម្បីដោះស្រាយបញ្ហារបស់អតិថិជន ក៏ដូចជាចាប់ដៃគូជាមួយក្រុមហ៊ុនធំៗ ឈានមុខគេនៅលើពិភពលោក។

អ្នកឧកញ៉ា បន្តថា បន្ទាប់ពីទទួលបានអាជ្ញាប័ណ្ណជាធនាគារពាណិជ្ជកម្ម កាលពីខែមេសា ឆ្នាំមុន មក ធនាគារវីងបានបង្កើតផលិតផល និងសេវាកម្ម ហិរញ្ញវត្ថុជាច្រើនបន្ថែមទៀតច រួមមានសេវាឥណទាន និងសេវាប្រាក់បញ្ញើ ដើម្បីបំពេញបន្ថែមលើសេវាកម្មហិរញ្ញវត្ថុបែបឌីជីថលរបស់វីងដែលមានស្រាប់។

លោក រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យធនាគារជាតិនៃកម្ពុជា មានប្រសាសន៍ថា ការពង្រីកបណ្តាញប្រតិបត្តិការរបស់ធនាគារវីង តាមរយៈការបើកដំណើរការសាខាសែនសុខ និងសាខាវិមានឯករាជ្យ នាពេលនេះ ជាសក្ខីភាពមួយបង្ហាញពីការរីកចម្រើនរបស់វិស័យធនាគារនៅកម្ពុជា ព្រមទាំងជំនឿទុកចិត្តរបស់វិនិយោគិន ទាំងបរទេស និងក្នុងស្រុក ចំពោះវិស័យនេះបើទោះបីស្ថិតក្នុងបរិបទនៃជំងឺកូវីដ១៩ក៏ដោយ។

លោកបន្តថា ទន្ទឹមគ្នានេះ និន្នាការធនាគារ វីង ក៏បាននិងកំពុងរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ តាមរយៈការផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ វិជ្ជាជីវៈ និងប្រសិទ្ធភាពជូនប្រជាពលរដ្ឋកម្ពុជា។

លោកសង្ឃឹមថា ធនាគារវីង នឹងនាំមកនូវបច្ចេកវិទ្យាទំនើបៗ និងផលិតផលសេវាហិរញ្ញវត្ថុថ្មីៗឱ្យកាន់តែសម្បូរបែប និងមានតម្លៃសមរម្យ ដើម្បីបំពេញសេចក្តីត្រូវការរបស់អតិថិជននាពេលបច្ចុប្បន្ន ក៏ដូចជាអនាគត និងគាំទ្រដល់ការអភិវឌ្ឍន៍វិស័យធនាគារ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធិពលខេមរៈភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានថ្លែងថា នៅចំពោះមុខវិបត្តិនៃជំងឺកូវីដ១៩ ធនាគារវីង បានចូលរួមអនុវត្តកម្មវិធីជំនួយសង្គមពិសេស រួមមានការផ្តល់ប្រាក់ឧបត្ថម្ភជូនកម្មករចនិយោជិត ក្នុងវិស័យកាត់ដេរ និងទេសចរណ៍ដែលបានព្យួរការងារ ប្រជាជនមានបណ្ណក្រីក្រកម្រិត១ និងកម្រិ២ ប្រជាជនដែលរស់នៅតំបន់បិទខ្ទប់ និងគ្រួសារដែលមានសមាជិកស្លាប់ដោយសារជំងឺកូវីដ១៩ ខណៈដែលកន្លងមក ធនាគារវីង គឺជាដៃគូយ៉ាងសំខាន់របស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តគោលនយោបាយគាំពារសង្គម ដូចជាកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារក្រោមអាយុ២ឆ្នាំ ក្នុងគ្រួសារក្រីក្រ។

ស្របពេលរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តកម្មវិធី «សហហិរញ្ញប្បទាន» ដើម្បីជួយដល់សហគ្រាសធន់តូច និងមធ្យម ក្នុងរយៈពេល២ឆ្នាំ នៃការរាត្បាតជំងឺកូវីដ១៩ និងដើម្បីគាំទ្រដល់ដំណើការងើបឡើងវិញសេដ្ឋកិច្ចលោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកទឹកចិត្តដល់ធនាគារវីង ក្នុងការពិនិត្យលទ្ធភាពផ្តល់ឥណទានឱ្យបានកាន់តែច្រើនដល់សហគ្រាសធន់តូច និងមធ្យម ដោយប្រើប្រាស់ដើមទុនផ្ទាល់របស់គ្រឹះស្ថាន ដើម្បីជួយសម្រាលសម្ពាធអាជីវកម្ម និងគាំទ្រដល់ផែនការពង្រីកអាជីកម្របស់ពួកគេដែលនឹងរួមចំណែកដល់ការបង្កើតការងារបន្ថែម និងការសម្រេចបានកំណើនសេដ្ឋកិច្ចជាតិសម្រាប់រយៈពេលទៅមុខ ។

សូមជម្រាបថា វីងបានចាប់ផ្តើមប្រតិបត្តិការលើសេវាទូទាត់ និងផ្ទេរប្រាក់ក្នុងនាមជាគ្រឹះស្ថានមិនមែនធនាគារនៅឆ្នាំ២០០៨ និងបានវិវត្តខ្លួនជាបន្តបន្ទាប់ក្លាយជាធនាគារឯកទេសក្នុងឆ្នាំ២០១៤ ហើយបន្ទាប់មកបានក្លាយជាធនាគារពាណិជ្ជ បន្ទាប់ពីទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិកាលពីឆ្នាំមុន៕